អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកតូនី ប៊្លែរ បានសុំទោសចំពោះការលុកលុយអីុរ៉ាក់កាលពីឆ្នាំ២០០៣ ពេលលោកជាសម្ព័ន្ធមិត្តសំខាន់របស់លោកចច ដាប់ប៊លយូប៊ូស ។
លោកតូនី ប៊្លែរ បានធ្វើការសុំទោសនេះក្នុងបទសម្ភាសន៍មួយជាមួយ CNN ដែលបទសម្ភាសន៍នេះត្រូវចេញផ្សាយនាថ្ងៃទី២៦ តុលា ។ នៅមុខលោក FARID ZAKARIA អ្នកធ្វើអត្ថាធិប្បាយរបស់ទូរទស្សន៍ CNN ដែលសម័យកាលនោះជួយលើកទឹកចិត្តដល់ការលុកលុយរបស់អាមេរិកមុនពេលងាកចូលក្នុងក្រុមអ្នករិះគន់ លោកតូនីប៊្លែរក៏ទទួលស្គាល់ផងដែរ ពីចំណែកនៃការទទួលខុសត្រូវនាពេលបច្ចុប្បន្នចំពោះការកកើតនៃអង្គការរដ្ឋអ៊ិស្លាមនៅអីុរ៉ាក់ និងនៅស៊ីរីជិតខាង ។ បណ្តាសារព័ត៌មានអង់គ្លេសចេញផ្សាយយ៉ាងខ្ទរខ្ទាររួចទៅហើយនូវការសុំទោសរបស់លោកតូនី ប៊្លែរ មុនការចាក់ផ្សាយទៅទៀត ។
លោកតូនី ប៊្លែរ ថ្លែងទៅកាន់ CNN ថា ខ្ញុំសុំទោសចំពោះការផ្តល់ព័ត៌មានស៊ើបការណ៍ខុស ។ ខ្ញុំក៏សុំទោសផងដែរ ចំពោះការខុសឆ្គងមួយចំនួននៃការដាក់ផែនការ ហើយពិតណាស់ចំពោះការខុសឆ្គងរបស់យើងក្នុងការស្វែងយល់ពីអ្វីដែលកើតឡើងក្រោយការផ្តួលរំលំរបបលោកសាដាម ហ៊ូសេន ។ ក៏ប៉ុន្តែខ្ញុំមានការលំបាកក្នុងការសុំទោសដោយសារការផ្តួលរំលំលោកសាដាម ហ៊ូសេន ។ ពាក្យសម្តីទាំងនេះរបស់លោកប៊្លែរ ត្រូវបានដកស្រង់ផ្សាយដោយកាសែត THE TELEGRAPH និងសារព័ត៌មានឯទៀតៗរបស់អង់គ្លេស ។
ព័ត៌មានស៊ើបការណ៍ខុសគឺចង់និយាយសំដៅលើការលើកឡើងពីអាវុធសម្លាប់រង្គាលរបស់លោកសាដាម ហ៊ូសេន ជាហេតុផលចំពោះការលុកលុយអីុរ៉ាក់ ប្រាប់ដល់មតិសាធារណៈអង់គ្លេស និងអាមេរិក ដែលតាមការពិតអាវុធសម្លាប់រង្គាលទាំងនេះពុំមានទាល់តែសោះ ។
ក្រុមចម្រុះអាមេរិកពុំបានរៀបចំផែនការច្បាស់លាស់សម្រាប់ការកាន់កាប់អុីរ៉ាក់ ក្រោយការផ្តួលរំលំរបបលោកសាដាម ហ៊ូសេន ឡើយ ។ ការសម្រេចចិត្តរបស់អភិបាលអាមេរិកនៅអីុរ៉ាក់ លោក PAUL BREMER រំលាយគណបក្ស BAAS របស់លោកសាដាម ហ៊ូសេន ហើយហាមឃាត់បណ្តាអ្នកទទួសខុសត្រូវជាន់ខ្ពស់កាន់តំណែងក្នុងផ្ទៃរដ្ឋថ្មី ដែលនោះជាការខុសឆ្គងខាងយុទ្ធសាស្ត្រដទៃៗទៀត ជំរុញអីុរ៉ាក់ឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិល ។ បែបនេះ ញ៉ាំងឱ្យបណ្តាអតីតយោធា និងបណ្តាភ្នាក់ងារស៊ើបការណ៍របស់គណបក្ស BAAS ងាកទៅរួមដៃជាមួយពួកជីហាដ ស៊ុននីត ជាសាខាអាល់កៃដានៅអីុរ៉ាក់ រួចកើតក្រុមរដ្ឋអ៊ិស្លាម ដែលបង្កើនឥទ្ធិពលកាន់តែខ្លាំង ៕


ចែករំលែកព័តមាននេះ