ទាហានអូតង់ជាង៣៦.០០០នាក់មកពីប្រទេសជាង៣០ផ្សេងៗគ្នា បានចូលរួមសមយុទ្ធបច្ចុប្បន្នរបស់អូតង់មានឈ្មោះថា TRIDENT JUNCTURE ។
សមយុទ្ធនេះសំដៅសាកល្បង និងហ្វឹកហ្វឺនកងទាហានអូតង់សម្រាប់ទប់ទល់នឹងការគំរាមកំហែងនានា ហើយប្រព្រឹត្តទៅនៅទីតាំងផ្សេងៗក្នុងប្រទេសអីុតាលី អេស្ប៉ាញ និងព័រទុយហ្គាល់ ។ សមយុទ្ធនឹងអាចធ្វើការវាយតម្លៃលើការតបតបរបស់អូតង់ប្រឈមមុខនឹងបរិយាកាសសន្តិសុខមួយ ដែលមានការផ្លាស់ប្តូរ ព្រមទាំងការប្រឈមមុខនានា ដែលកើតមាននៅភាគខាងត្បូង និងភាគខាងកើត ។
សមយុទ្ធនេះចែកចេញជា២ដំណាក់កាល ។ ដំណាក់កាលទី១-ពីថ្ងៃទី៣ ទៅ១៦ តុលា ផ្តោតលើទីបញ្ជាការដ្ឋាន និងការត្រួតពិនិត្យ រួចដំណាក់កាលទី២-ដែលប្រព្រឹត្តទៅពីថ្ងៃទី២១ តុលា ដល់៦ វិច្ឆិកា ជាសមយុទ្ធក្នុងលក្ខខណ្ឌជាក់ស្តែង ដែលសេណារីយ៉ូទាមទារឱ្យប្រើប្រាស់បណ្តាសមត្ថភាពយោធា ដើម្បីតបតចំពោះវិបត្តិពីខាងក្រៅ ។ សេណារីយ៉ូផ្សេងៗនឹងធ្វើការសាកល្បង ដែលក្នុងនោះរួមមានការវាយប្រហារខាងព័ត៌មានវិទ្យា ប្រតិបត្តិការតស៊ូប្រឆាំងភេរវកម្ម និងការតបតចំពោះសង្គ្រាមបែបទំនើបមួយ ការប្រយុទ្ធបែបធម្មតា ព្រមទាំងបណ្តាវិបត្តិមនុស្សធម៌ដែលកើតមាន ។
នេះជាសមយុទ្ធយោធាដ៏ធំបំផុតរបស់អូតង់ពុំធ្លាប់មានចាប់តាំងពីជាង១០ឆ្នាំមក ដើម្បីទប់ទល់នឹងការប្រឈមថ្មីៗរបស់អូតង់ក្នុងបរិយាកាសដែលមានការផ្លាស់ប្តូរយ៉ាងរហ័ស ៕



ចែករំលែកព័តមាននេះ