ខេត្តកំពង់ចាម ៖ ក្រុមជនសង្ស័យជួញដូរថ្នាំញៀន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ដោយដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់ ទូរស័ព្ទដៃ៣គ្រឿង ឧបករណ៏សម្រាប់សេពគ្រឿងញៀន២សម្រាប់ ដែកកេះ២ កាបូប២ និងបញ្ជូនទៅសាលាដំបូងខេត្ត នារសៀលថ្ងៃទី២៥ តុលា ២០១៥ នេះ ។
លោកវរសេនីយ៏ទោ សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើនវ មាន ១-ឈ្មោះ កង ណារិន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ២-ឈ្មោះ នី ពៅ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិផ្អាវ ៣-ឈ្មោះ វ៉ាន់ សុខឡេង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិផ្អាវ និង៤- ឈ្មោះ ម៉ា រដ្ឋា ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិថ្នល់កែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាក្រុមមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ។
លោក សោម រស់ បានបន្តថា ដំបូងដោយមានកម្លាំងមូលដ្ឋានបានរាយការណ៏មកថា នៅស្រុកបាធាយ មានក្រុមជួញដូរថ្នាំញៀនយ៉ាងសកម្មនៅភូមិសាស្ត្រខាងលើនេះ រូបលោកបានសុំគោលការណ៏លោកស្នងការនគរបាលខេត្តដើម្បីចុះបង្ក្រាប ។ នៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៤ តុលា ២០១៥ កន្លងទៅ រូបលោកបានដឹកនាំកម្លាំងចុះទៅសហការជាមួយនគរបាលស្រុកបាធាយ ដោយបានប្រើវិធីញុះញង់ទិញថ្នាំញៀន ស្របពេលដែលប្រគល់ថ្នាំញៀននោះ ត្រូវបានសមត្ថកិច្ចជាច្រើននាក់ព័ទ្ធចាប់បានទាំង៤នាក់តែម្តង ដោយដកហូតបានថ្នាំញៀន១១កញ្ចប់ ។
លោកវរសេនីយ៏ទោ សោម រស់ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៤នាក់ខាងលើ ឈ្មោះ ណារិន ជាអ្នកចាត់ចែងចែកចាយថ្នាំញៀននៅស្រុកបាធាយ លោកនឹងបន្តស្រាវជ្រាវ តាមចាប់បក្សពួកមួយចំនួនទៀតមកផ្តន្ទាទោសតាមច្បាប់ ៕


ចែករំលែកព័តមាននេះ