ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានទៅរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច ធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីទិញអង្ករមកដាំបាយពេលកកស្រាប់តែក្លាយជាកៅស៊ូ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
គ្រួសារដែលជួបបញ្ហាខាងលើ ប្តីឈ្មោះសយ សាមឿន អាយុ៤៧ឆ្នាំ ជាកម្មករសំណង់ ប្រពន្ធឈ្មោះជៀម សាលី អាយុ៥១ឆ្នាំ ពិការស្លាប់មួយចំហៀងខ្លួន។ គ្រួសារខាងលើបានអះអាងថា ពួកគាត់តែងតែទិញអង្ករប្រភេទនាងខុនពីផ្សារត្រីក្នុងភូមិបាលិលេយ្យ1 យកទៅទុកដើម្បីដាំបាយហូបតាំងពីយូរមកហើយ។
ពួកគាត់បន្តថា កន្លងមកមិនដែលដឹងថា អង្ករដែលទិញនោះមានជាតិកៅស៊ូទេទើបតែព្រឹកនេះនៅពេលដែលឃើញបាយកកសល់ក៏យកទៅហាលស្រាប់តែប្រទះឃើញសុទ្ធតែកៅស៊ូតែម្តង។ អ្នកស្រុកបាននាំគ្នាភ្ញាក់ផ្អើលទៅចោមរោមមើលហេតុការណ៍ដ៏ចម្លែកនេះ ហើយនាំគ្នារើសយកជាតិកៅស៊ូក្នុងបាយនោះដើម្បីទៅចែកគ្រួសារដ៏ទៃមើលតគ្នាៗ។
គ្រួសារខាងលើបានធ្វើការពិសោធន៍អង្ករសង្ស័យមួយចំនួនដោយដាក់ត្រាំក្នុងទឹកទាំងព្រឹកប្រហែល២ម៉ោង ហើយអង្ករនោះមិនរីកឡើយ គឺនៅរឹងជាធម្មតា។ នៅផ្ទះកើតហេតុគេឃើញអាជ្ញាធរភូមិក៏ដូចជានគរបាលនិងអាវុធហត្ថបានចូលទៅពិនិត្យជាក់ស្តែង។
មិនតែប៉ុណ្ណោះនគរបាលបានហៅបុរសជាម្ចាស់ផ្ទះ និងយកអង្ករក្នុងការុងដែលទិញនោះទៅប៉ុស្តិ៍រដ្ឋបាលដើម្បីពិនិត្យមើល ព្រមទាំងសួរនាំទៀតផង។ ស្ត្រីម្នាក់ដែលទៅមើលអង្ករនៅផ្ទះកើតហេតុបាននិយាយថា កន្លងមកបងស្រីរបស់គាត់នៅឯភ្នំពេញក៏ធ្លាប់ជួបប្រទះបញ្ហាបែបហ្នឹងដែរ គឺទិញអង្ករពីផ្សារមកដាំបាយក្លាយជាកៅស៊ូដូចគ្នា។ រឿងរ៉ាងហ្នឹងបងស្រីរបស់គាត់ថែមទាំងបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ។
គ្រួសារខាងលើក៏ដូចជាអ្នកស្រុក និងលោកមេភូមិមិត្តភាព ក្រោយពីពិនិត្យឃើញការពិតផ្ទាល់ភ្នែកបានអំពាវនាវសុំឲ្យជំនាញពាក់ព័ន្ធមេត្តាជួយមានវិធានការអង្ករលើទីផ្សារផងដើម្បីការពារសុខភាពប្រជាពលរដ្ឋ៕











ចែករំលែកព័តមាននេះ