ខេត្តកណ្ដាល ៖ នគរបាលក្រុងតាខ្មៅចាប់ខ្លួនយុវជន៣នាក់ កាលពីរសៀលថ្ងៃទី២៤ តុលា បន្ទាប់ពីយុវជនទាំងនេះលួចកាបូបលុយអ្នកភូមិជាមួយគ្នា កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២២ តុលា នៅផ្ទះម្ចាស់កាបូប ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ហើយយកលុយទៅដើរស៊ីចាយអស់ ។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនទាំង៣នាក់ខាងលើនេះ មាន ១-ឈ្មោះ ច្រឹក មករា ហៅខ្លា ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ សិន សុផាត ហៅហើម ភេទប្រុស អាយុ២៨ឆ្នាំ និង៣-ឈ្មោះ វុធ ដាវិត ភេទប្រុស អាយុ១៦ឆ្នាំ ទាំង៣មានទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរមិនពិតប្រាកដ ។ ចំណែកម្ចាស់កាបូបឈ្មោះ អ៊ឹង វិបុល ភេទស្រី អាយុ៣០ឆ្នាំ ទីលំនៅចំណុចកើតហេតុ ជាជាងកាត់ដេរសម្លៀកបំពាក់ ។ ត្រូវជនសង្ស័យលួចយកកាបូបលុយ ដែលមាន ប្រាក់ខ្មែរចំនួន ២.២០០.០០០រៀល ប្រាក់អាមេរិកចំនួន២.២០០ដុល្លារ និងខ្សែ.កប្លាទីន១ខ្សែទម្ងន់៣ជី សរុបអស់ជាង៣ពាន់ដុល្លារ ។
លុះដល់ថ្ងៃទី២៤ តុលា ម្ចាស់កាបូបលុយមានការសង្ស័យទៅលើជន៣នាក់ខាងលើ ក៏បានទៅប្តឹងនគរបាលទើបឈានទៅឃាត់ខ្លួនជនទាំង៣នាក់យកមកសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកគេទាំង៣នាក់បានបបួលគ្នាទៅលួចនៅផ្ទះខាងលើ លុះពេលទៅដល់ឃើញម្ចាស់កំពុងដេកលក់ ក៏បានលូចយកកាបូបលុយបានសម្រេច និងនាំគ្នាយកទៅដើរលេងស៊ីចាយអស់ពិតប្រាកដមែន ។
ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ