រាជធានីភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ ទី២៤ តុលា នៅលើសង្វៀនទូរទស្សន៍២ផ្សេងគ្នាគឺប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ និងប៉ុស្ដិ៍លេខ៥ មានការប្រកួតអន្តរជាតិចំនួន៣គូ ដែលព្រឹត្តិការណ៍ទាំងពីរនេះសុទ្ធតែត្រូវគេមើលឃើញថាមានការចាប់អារម្មណ៍ទាំងអស់ក្នុងក្រសែភ្នែកអ្នកទស្សនា។ នៅថ្ងៃនោះដែរ ក្នុងប្រទេសវៀតណាមឯណោះវិញ ក៏មានការប្រកួតអន្តរជាតិរវាងកីឡាករកម្ពុជា និងកីឡាករថៃផងដែរ ។ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ថាមិនគួរឱ្យជឿនោះ គឺកីឡាករកម្ពុជាចាញ់កីឡាករថៃទាំង៤គូ បើទោះជាពួកគេសុទ្ធតែជាជើងខ្លាំងល្បីឈ្មោះនៅក្នុងសហព័ន្ធប្រដាល់កម្ពុជាក្តី ។
នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ មានការប្រកួតអន្តរជាតិចំនួន២គូ ដោយមានវត្តមានកីឡាករជើងខ្លាំងកម្ពុជាឈឿន ឆៃដែន និងកីឡាករផាន់ គ្រាន់ ជាអ្នកស្វាគមន៍កីឡាករថៃ។ ឈឿន ឆៃដែន ត្រូវគេឲ្យប្រកួតជាមួយកីឡាករថៃឈ្មោះ Phach Nam Ek ដែលអ្នកណាក៏ស្គាល់ថាជាជើងខ្លាំងមកពីប្រទេសថៃដែរ ។ អ្នកទាំងពីរប៉ះគ្នាក្រោមក្រសែភ្នែកអ្នកទស្សនាច្រើនកុះករស្ទើរមិនគួរឱ្យជឿ ដោយសឹងមិនមានកន្លែងអង្គុយ ឬឈរទស្សនាបានដោយស្រួល។ ការប្រកួតរបស់គូនេះ មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ ដោយសារតែឈឿន ឆៃដែន មកពីក្លិបនិរោធមានជ័យ ប្រើអស់សមត្ថភាព ហើយកីឡាករថៃ Pach Nam Ek ក៏បញ្ចេញអស់បច្ចេកទេស ។ ពេញរយៈពេល៥ទឹក គេឃើញកីឡាករថៃដែលឆ្លងកាត់ប្រកួតបាន៧០លើក ឈ្នះ៥៨លើក ចាញ់១១លើក និងស្មើ១លើក មានប្រៀបជាងប៉ុន្តែមិនមែនឈ្នះដាច់នោះទេ ដោយសារតែកីឡាករកម្ពុជាដែលធ្លាប់ប្រកួតបាន៧១លើក ឈ្នះ៥៩លើក ចាញ់១១លើក និងស្មើ១លើកក៏មិនអន់ក្នុងការវាយសន្ធាប់ដែរ។ យ៉ាងណាក៏ដោយ កីឡាករថៃនៅតែឈ្នះពិន្ទុចុងក្រោយ ដោយសារតែមានឱកាសវាយសន្ធាប់បានត្រូវល្អជាង ។
នៅក្នុងព្រឹត្តិការណ៍នេះដែរ កីឡាករផាន់ គ្រាន់ មកពីក្លិបគជសារកីឡា រឹតតែយ៉ាប់យ៉ឺនជាងឈឿន ឆៃដែន ទៅទៀត ។ គេប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ Phlay Noy ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ ក្នុងទឹកទី១ ភាគីកម្ពុជាល្អជាង ប៉ុន្តែនៅទឹកទី២ ភាគីទាំងពីរចាប់ផ្ដើមមានកម្រិតប្រហាក់ប្រហែលគ្នា ។ ប៉ុន្តែក្នុងពេលការប្រកួតកាន់តែឡើងកម្ដៅ កីឡាករថៃបែរជាមានឱកាសម៉ាត់ត្រូវពេញទំហឹងចំសៀតផ្កាកីឡាករផាន់ គ្រាន់ ធ្វើឲ្យគេដួលសន្លប់ក្រោកមិនរួចតែម្ដង ។ ទោះជាមានសំឡេងលើកទឹកចិត្តរបស់អ្នកទស្សនាឲ្យក្រោក ក៏កីឡាករផាន់ គ្រាន់ ដែលធ្លាប់ប្រកួតបាន៧០ដង ឈ្នះ៥៨ដង ចាញ់៨ដង និងស្មើ៤ដង មិនអាចទៅរួច ហើយសុខចិត្តបោះបង់ការប្រកួតក្នុងទឹកទី២ ។ អញ្ចឹងហើយទើបគេឃើញកីឡាករថៃ Phlay Noy ដែលធ្លាប់ប្រកួតបាន៨៨ដង ឈ្នះ៧៧ដង ចាញ់៨ដង និងស្មើ៣ដង លោតកញ្ជ្រោលស្ទើរបាក់រេញ នៅពេលមានការប្រកាសឱ្យឈ្នះ ។
នៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ឯណោះវិញ ក៏មានការប្រកួតដ៏កក្រើកណាស់ដែរ។ កីឡាករ២រូបបានឡើងប្រកួតគ្នាក្នុងនាមជាគូអន្តរជាតិផង និងគូជម្រុះឆ្ពោះទៅយកលេខ១ និងលេខ២ផង ។ ការប្រកួតដែលបានធ្វើឡើងនៅសង្វៀនជ្រោយចង្វាប៉ុស្ដិ៍លេខ៥ ជាប់សាកលវិទ្យាល័យន័រតុននោះ ត្រូវគេឃើញមានអ្នកទស្សនាកកកុញមិនដឹងមកពីណាទេ។ អ្នកទស្សនាមកច្រើនបែបនេះ ដោយសារតែពួកគេចង់ដឹងថាកីឡាករណាខ្លះឆ្លងផុតវគ្គខ្វែង ហើយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ កីឡាករឈាន ហុង មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងកីឡាករថៃ Meerachai Menayuthin គឺជាគូអន្តរជាតិដែលមានការចាប់អារម្មណ៍ជាងគេ ដោយសារតែពួកគេគឺជាជើងខ្លាំងដូចគ្នាប្រចាំពូលរៀងខ្លួន មុនពេលប៉ះគ្នា ។ ម្យ៉ាងមកពីក្នុងចំណោមអ្នកទាំងពីរ បើអ្នកណាឈ្នះនឹងក្លាយជាជើងឯកនោះផង ទើបលទ្ធផលចាញ់ឈ្នះរបស់គូនេះ អ្នកណាក៏ចង់ដឹង ។ ក្នុងទឹកទី១ កីឡាករឈាន ហុង បានវាយកីឡាករថៃឲ្យបាក់ខ្ទង់ច្រមុះភ្លាមៗ ដោយសូម្បីតែកីឡាករថៃត្រូវគេស្គាល់រួចមកហើយថាមិនអន់ ហើយមិនងាយឲ្យជើងខ្លាំងណាម្នាក់ចូលចុះ ។ ក្នុងទឹកទី២ កីឡាករកម្ពុជានៅតែគ្រប់គ្រងឱកាសបានច្រើនជាងដដែល ដោយសារតែកីឡាករថៃបារម្ភពីការបាក់ខ្ទង់ច្រមុះ ហើយមិនសូវហ៊ានសម្រុក ។ ប៉ុន្តែនៅទឹកទី៣ កីឡាករកម្ពុជាចាប់ផ្ដើមទ័លស្នៀត ក្នុងពេលកីឡាករថៃដែលជាជើងខ្លាំងម្នាក់ចាប់ផ្ដើមប្រើជើងទាត់ឆ្មក់ ហើយមិនសូវចូលកៀកធ្វើឲ្យកីឡាករកម្ពុជាពិបាកវាយត្រូវ ។ នៅទឹកទី៤ ការប្រកួតរបស់អ្នកទាំងពីរកាន់តែល្អមើលថែមទៀត ដោយសារតែឈាន ហុង ប្រឹងស្ទុះវាយកែងប្ដូរដើម្បីដណ្ដើមយកជ័យជម្នះ ប៉ុន្តែត្រូវកីឡាករថៃវាយសងវិញក្ដៅៗ ។ នៅក្នុងទឹកនេះ គ្រាន់តែកីឡាករកម្ពុជាវាយម៉ាត់ត្រូវចំមុខកីឡាករថៃភ្លាម ក៏ត្រូវជើងខ្លាំងជាគូប្រកួតទាត់សងវិញមួយទំហឹងចំចុងដង្ហើមជាថ្មីបណ្ដាលឲ្យសន្លប់ក្រោកលែងរួចតែម្ដង ។ ការប្រកួតរបស់ពួកគេមានសភាពជក់ចិត្តយ៉ាងខ្លាំង ជាពិសេសក្នុងពេលកីឡាករកម្ពុជាមានប្រៀបលើកីឡាករថៃ គឺសំឡេងទះដៃលាន់ស្ទើររហែកដំបូលសង្វៀន ។ ប៉ុន្តែនៅពេលលទ្ធផលមានការប្រែប្រួលព្រោះតែកីឡាករថៃវាយឲ្យកីឡាករកម្ពុជាសន្លប់ត្រឹមទឹកទី៤វិញ ក៏មានអ្នកទះដៃគាំទ្រលាន់ឮបែបនេះផងដែរ ។ ១គូដណ្ដើមខ្សែក្រវាត់ទៀត កីឡាករវ៉ាន់ ចាន់វ៉េត មកពីក្លិបគីសែមានឫទ្ធិអាជ្ញាធរជាតិគីមី បានវាយឲ្យកីឡាករថៃ ប៊ុនហាន មកពីក្លិបឫទិ្ធពោធិ៍សែនជ័យបាក់ដៃឆ្វេង ហើយមានឱកាសឡើងទៅយកលេខ១ និងលេខ២ជាមួយកីឡាករថៃ ។
មិនខុសពីលទ្ធផលរបស់កីឡាករកម្ពុជា៣រូបក្នុងស្រុកនោះដែរ កីឡាករកែវ រំចង់ ឯណោះវិញ ក៏ស្ពាយលទ្ធផលបរាជ័យនៅក្នុងព្រឹត្តិការណ៍ Thai Fight ដែលបានធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីរាត្រីថ្ងៃសៅរ៍នោះផងដែរ ។ យ៉ាងណាក៏ដោយ ជ័យជម្នះដោយពិន្ទុរបស់កីឡាករថៃ Iquezang Kor.Rung Thanakeat មិនមានការកោតសរសើរនោះទេ ដោយអ្នកទស្សនាភាគច្រើនសុទ្ធតែរិះគន់ថាជាលទ្ធផលបែបលម្អៀង ។ អ្នកគាំទ្រកីឡាករកម្ពុជាបានបញ្ចេញទស្សនៈនៅលើហ្វេសប៊ុកថា នោះជាការកាត់ក្ដីមិនយុត្តិធម៌ ដោយសារតែកីឡាករកម្ពុជាវាយលុកបានល្អពេញរយៈពេល៣ទឹក ប៉ុន្តែបែរជាឲ្យចាញ់ពិន្ទុ ដោយគ្រាន់តែកែវ រំចង់ វាយថៃមិនបានសន្លប់ ។ យោងតាមការប្រកួត កីឡាករកម្ពុជា និងកីឡាករថៃ Iquezang Kor.Rung Thanakeat ដែលអ្នកណាក៏ស្គាល់ថាខ្លាំងទាំងក្បាច់ប្រដាល់សេរី និងសាកល មានសភាពមិនស៊ីសងគ្នានោះទេ សម្រាប់ការប្រកួតទាំងមូល។ កីឡាករ កែវ រំចង់ ត្រូវគេឃើញមានប្រៀបព្រោះតែបានវាយឲ្យថៃឈាមច្រមុះ និងដេញវាយថៃពេញរយៈពេលទាំង៣ទឹកនោះផង បើទោះជាគេវាយច្រឡោតបន្តិច ហើយបានវាយថែមបន្តិចទៅលើកីឡាករថៃក្នុងពេលស្នូរជួងតម្រូវឲ្យឈប់ទៅហើយក្នុងទឹកទី១ ។ អុីចឹងហើយទើបលទ្ធផលចាញ់ពិន្ទុរបស់កីឡាករកម្ពុជា ធ្វើឲ្យមានការរិះគន់ ។
សរុបមក ការប្រកួតអន្តរជាតិដែលបានធ្វើឡើងទាំងនៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ទាំងនៅប៉ុស្ដិ៍លេខ៥ និងនៅប្រទេសវៀតណាមគឺកីឡាករល្បីឈ្មោះទាំង៤រូបរួមមាន ឈឿន ឆៃដែន, ផាន់ គ្រាន់, ឈាន ហុង និងកីឡាករ កែវ រំចង់ សុទ្ធតែចាញ់កីឡាករថៃទាំងអស់ ដោយ២នាក់ចាញ់សន្លប់ និង២នាក់ទៀតចាញ់ពិន្ទុកាលពីថ្ងៃសៅរ៍ ទី២៤ តុលានោះ ៕



ចែករំលែកព័តមាននេះ