អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់រាយការណ៍ថា មនុស្សយ៉ាងតិច១០នាក់ទៀតបានត្រូវស្លាប់ កាលពីថ្ងៃទី២៤ តុលា ដោយសារភ្លើងឆេះព្រៃ ដែលរាលដាលខ្លាំងចាប់តាំងពីខែមុនមកនៅប្រទេសឥណ្ឌូណេស៊ី ដែលញ៉ាំងឱ្យមានផ្សែងដាសដល់ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងថៃនាំឱ្យប៉ះពាល់ជាពិសេសដល់ការហោះហើររបស់យន្តហោះ ។
អ្នកស្លាប់ទាំងនេះធ្វើឱ្យចំនួននៃអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីឡើងដល់សរុប១៧នាក់ ។
ភ្លើងឆេះព្រៃដែលចាប់ផ្តើមពីខែមុនមកពុំអាចពន្លត់ឈ្នះមុនដំណាច់ខែនេះឡើយ ។ នេះជាការអះអាងរបស់លោក SUTOPO PURWO NUGROHO អ្នកនាំពាក្យរបស់ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។ អ្នកនាំពាក្យរូបនេះបន្តថា មនុស្ស១០នាក់បានត្រូវស្លាប់នៅកោះស៊ូម៉ាត្រា និងកោះប័រណូ ។ ចំណែកមនុស្ស៧នាក់ទៀតជាអ្នកដើរភ្នំបានត្រូវស្លាប់នៅកោះឡាវ៉ូ និងកោះជ្វាដោយសារភ្លើងឆេះព្រៃកាលពីដើមខែតុលានេះ ។
ប្រទេសឥណ្ឌូណេស៊ីបានធ្វើប្រតិបត្តិការធំៗតស៊ូប្រឆាំងភ្លើងឆេះព្រៃជាមួយជំនួយមកពីបណ្តាប្រទេសក្រៅ ហើយបានដាក់ពង្រាយកងទាហាន និងប៉ូលិស២២.០០០នាក់ ដើម្បីឱ្យជួយពន្លត់ភ្លើង ដែលឆេះរាលដាលពីភាគខាងលិចទៅភាគខាងកើតប្រទេស ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោកហ្សូកូវីដូដូ កាលពីថ្ងៃទី២៣ តុលា កន្លងមកនេះ បានចេញបញ្ជាឱ្យដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅតាមចំណុចក្តៅនានា ។
ទោះបីយ៉ាងណា ដោយសារផ្ទៃដីព្រៃមានទំហំធំធេង និងដោយពុំមានមធ្យោបាយគ្រប់គ្រាន់ ពិសេសមកពីផលប៉ះពាល់នៃបាតុភូត EL NINO ផងឥណ្ឌូណេស៊ីពុំអាចពន្លត់ភ្លើងឆេះព្រៃឈ្នះក្នុងរយៈពេលមួយ ឬពីរសប្តាហ៍បានឡើយ ។
ប្រទេសឥណ្ឌូណេស៊ីជាអ្នកផលិតដូងប្រេងធំជាងគេបំផុតលើពិភពលោក ។ ប្រជាកសិករឥណ្ឌូណេស៊ីមានទម្លាប់ដុតព្រៃវាទដីដាំដុះ និងដុតបណ្តាកាកសំណល់ក្រោយការប្រមូលផលរួចហើយ សម្រាប់ដាំដំណាំថ្មីៗដែលបែបនេះជារឿយៗបណ្តាលឱ្យមានភ្លើងឆេះព្រៃ ។ សភាពការណ៍កាន់តែធ្ងន់ធ្ងរនាឆ្នាំនេះដោយសារឥទ្ធិពលនៃបាតុភូត EL NINO ៕


ចែករំលែកព័តមាននេះ