ខេត្តកំពត ៖ ថ្ងៃទី២៣ និង២៤ តុលា ឆ្នាំ២០១៥ នៅរមណីយដ្ឋានឋានសួគ៌បូកគោ មានរៀបចំការប្រកួតប្រណាំងកង់ និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងឋានសួគ៌បូកគោនៅបរិវេណភ្នំបូកគោ ។ លោក កែវ សិទ្ធ នាយកផ្នែកលក់នៃព្រឹត្តិការណ៍ខាងលើបានឲ្យដឹងថា អ្នកចូលរួមមានចំនួនប្រមាណ១៥០នាក់ ដោយភាគច្រើនជាបុរសសម្រាប់ប្រណាំងកង់ ខណ:អ្នកចូលរួមរត់ប្រណាំងមានចំនួនជិត៨០០នាក់ ។
ការប្រកួតប្រណាំងកង់ចែកជា៥ពូលផ្សេងៗគ្នា (A-៥១គីឡូម៉ែត្រ, B-៣៤គីឡូម៉ែត្រ, C-៣៤គីឡូម៉ែត្រសម្រាប់វ័យចាស់ និងនារី, D-១៧គីឡូម៉ែត្រ, E-១៧គីឡូម៉ែត្រសម្រាប់នារី, F-១០គីឡូម៉ែត្រសម្រាប់វ័យក្មេង) ។ ពូល A ប្រព្រឹត្តទៅចំនួន៣ជុំ ពូល B, C ២ជុំ ពូល D, E និង F ១ជុំ ។
បន្ទាប់ពីការប្រណាំងយ៉ាងស្វិតស្វាញលើចម្ងាយផ្លូវដ៏វែងឆ្ងាយអស់រយៈពេលស្ទើរពេញមួយថ្ងៃទី២៣តុលា ការប្រណាំងកង់បានបញ្ចប់ទៅដោយរលូន នៅវេលាម៉ោង២រសៀល ដោយលទ្ធផលម្ចាស់ជើងឯកពូល A បានទៅលើកីឡាករ សេង ឃៀង ខណៈលេខ២បានទៅលើកីឡាករ ហុង ចាន់មករា ។ រីឯកីឡាករ សេង សីហា ទទួលបានចំណាត់ថ្នាក់លេខ៣ លេខ៤ បានទៅលើកីឡាករ យឿន ភីយុទ្ធ និងលេខ៥ បានទៅលើកីឡាករ ស៊ីមុន ហ្គាឌៀន ។
សម្រាប់ពូល B ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ គឹម ចាន់ថន លេខ២ បានទៅលើកីឡាករ ញ៉ុង លេង លេខ៣ កីឡាករ ហ៊ុត ឡូយរស្មី លេខ៤ កីឡាករ ភុត សារ៉ាត់ និងលេខ៥ បានទៅលើកីឡាករ គឹម យូរ៉ាន់ ។
ពូល C ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡារករ ភារី យ៉េសកាទ្រី លេខ២ កីឡាករ បូប៊ី វីសើរ៉ល លេខ៣ កីឡាករ វង្ស ឈិងឆូវ លេខ៤ កីឡាករ វង្ស ខ័ណ្ឌពៅ និងលេខ៥ បានទៅលើកីឡាករ សុខ ប៊ុនណា ។
ពូល D កីឡាករ ភុត មករា ទទួលបានចំណាត់ថ្នាក់លេខ១ កីឡាករ ប៊យ តុលា លេខ២ កីឡាករ សន វីរ៉ាក់ លេខ៣ កីឡាករ ហុយ ចាន់ថុល លេខ៤ និងចំណាត់ថ្នាក់លេខ៥ បានទៅលើកីឡាករ នី ឈុនឡេង ។
ពូល E ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី ហេង ស៊ីវឡេង លេខ២ កីឡាការិនី ហេង ស៊ីវហ្គេច លេខ៣ កីឡាការិនី ភុម ស៊ីណា លេខ៤ កីឡាការិនី ធុន ស្រីអូន និងលេខ៥ បានទៅលើកីឡាការិនី ក្លៀរ៉ា បេខ័រ ។
ពូល F ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ សំ មារ៉ាភី លេខ២ កីឡាករ វង្ស ឈុនហេង លេខ៣ កីឡាករ រ៉ែន កាឡាស់ លេខ៤ កីឡាករ ស្មី ទទួលបានចំណាត់ថ្នាក់លេខ៤ និងលេខ៥ បានទៅលើកីឡាការិនី អៀ វីលេម ។
សម្រាប់ប្រាក់រង្វាន់កីឡាករកីឡាការិនី ដែលជាម្ចាស់ជើងឯក ទទួលបានពាន១ មេដាយ១ អមនឹងប្រាក់រង្វាន់មួយចំនួនទៀត ចំណែកចំណាត់ថ្នាក់លេខ២ ដល់លេខ៥ ទទួលបានមេដាយម្នាក់មួយ និងប្រាក់លើកទឹកចិត្តមួយចំនួន ។
រីឯការរត់ប្រណាំង ប្រារព្ធធ្វើនៅថ្ងៃទី២៤ ខែតុលា មានអ្នកចូលរួមជិត៨០០នាក់ ចែកចេញជាវិញ្ញាសា៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និ២១គីឡូម៉ែត្រ ។
ចំពោះលទ្ធផល សម្រាប់វិញ្ញាសា២១គីឡូម៉ែត្រ កីឡាករ ម៉ា វីរ៉ូ បានទទួលចំណាត់ថ្នាក់លេខ១ផ្នែកបុរស ខណៈលេខ១ផ្នែកនារី បានទៅលើកីឡាការិនី អៀរឡង់ Jill Hamill ។ កីឡាករអង់គ្លេស Neil Burns និងកីឡាការិនីបារាំង Veronique Messina ទទួលបានលេខ២ ខណៈនាយ យ៉ាន ជនជាតិបារាំង និងជាអ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗផងដែរនោះ ស្ថិតនៅចំណាត់លេខ៣ ជាមួយកីឡាការិនីកាណាដា Denise Reesor ។
ក្នុងវិញ្ញាសា១០គីឡូម៉ែត្រ កីឡាករ កង ធឿន ជាម្ចាស់ជើងឯកផ្នែកបុរស ហើយកីឡាការិនីអាមេរិក Olivia Harrow ទទួលបានជ័យលាភីផ្នែកនារី ។ អត្តពលិកកម្ពុជា កីឡាករ ឈុន ប៊ុនធឿន និងកីឡាការិនី ហេង ម៉ីជូ ទទួលបានចំណាត់ថ្នាក់លេខ២ ហើយលេខ៣ បានទៅលើកីឡាករបារាំង Christian Debenath និងកីឡាការិនីអាមេរិក Tanya Peitay ។
សម្រាប់វិញ្ញាសា៥គីឡូម៉ែត្រ កីឡាករ ដេត សុវណ្ណ ភូមិន្ទ ជាប់ជ័យលាភីលេខ១ ផ្នែកបុរស ចំណែកកីឡាការិនីអាមេរិក Izzy Izzard ទទួលបានលេខ១ផ្នែកនារី ។ ចំពោះចំណាត់ថ្នាក់លេខ២ និងលេខ៣ អត្តពលិកកម្ពុជាដណ្តើមបានទាំងផ្នែកនារី និងបុរស ។
បន្ថែមពីលើនេះ អត្តពលិកកម្ពុជាបីរូបដណ្តើមបានជ័យលាភីលើវិញ្ញាសារត់ប្រណាំង៣គីឡូម៉ែត្រ ដោយកីឡាករ ថៃ សុគន្ធ បានលេខ១ កីឡាករ យ៉ាត សុភ័ក្ត្រ បានលេខ២ និងកីឡាករ ញ៉រ គឹមសី បានលេខ៣ ៕




ចែករំលែកព័តមាននេះ