ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រប់គ្រង​គុណភាព​សំណង់​មី​យ៉ា​ន់​ម៉ា (CQHP)ព្រមាន​ចំពោះ​គ្រឿងសំណង់​គុណភាព​អន់

10 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ថ្នាក់ដឹកនាំ​និយ័ត​ករ​អគារ​ខ្ពស់​ៗ​របស់​មី​យ៉ា​ន់​ម៉ា​ព្រមាន​ថា គ្រឿងសំណង់​មួយ​ចំនួន​បាន​ដាក់​លក់​ដោយ​ក្លែងបន្លំ​ជា​ផលិតផល​មានគុណ​ភាព​ខ្ពស់ ខណៈ​ជាក់ស្តែង ផលិតផល​ទាំងនោះ​នៅ​មាន​កម្រិត​ក្រោម​លក្ខណៈ​ស្តង់ដា ដែល​ជា​ក្តី​បារម្ភ​ទៅ​លើ​ការ​អនុវត្ត​សំណង់​អគារ​មានគុណ​ភាព​ទាប ។

ទោះជា​យ៉ាងណា គោលការណ៍​ក្នុង​ការ​ផ្តល់​ពិន្ទុ​ដល់​បណ្តា​ក្រុមហ៊ុន​សាងសង់​ក្នុង​ក្រុង​យ៉ាំ​ង​ហ្គូ​ន អាច​ជួយ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដើម្បី​បែងចែក​ឲ្យ​ដាច់​ដោយឡែក​ពី​គ្នា​រវាង​អ្នក​កំពុង​ធ្វើតេស្ត​សាកល្បង​គ្រឿងសំណង់ អ្នក​កាត់​បន្ថយ​តម្លៃ និង​អ្នក​ទទួលយក​ផលិតផល​ក្លែងក្លាយ ។

នាយក​ប្រតិបត្តិ​របស់​គណៈកម្មការ​ត្រួតពិនិត្យ​សំណង់​ក្នុង​គម្រោង​អគារ​ខ្ពស់ (CQHP) ចំណុះ​ឲ្យ​ក្រសួង​សំណង់​មី​យ៉ា​ន់​ម៉ា លោក Khin Maung Tint ថ្លែង​ថា ៖ «​បណ្តា​ក្រុមហ៊ុន​សំណង់​នានា​គួរតែ​ធ្វើតេស្ត​លើ​គុណភាព​គ្រឿងសំណង់​មុន​នឹង​យក​ទៅ​ប្រើប្រាស់​» ។

លោក​បន្ថែម​ថា ៖ «​សម្ភារ​សំណង់​ដែល​មានគុណ​ភាពល្អ​ចាំបាច់​ត្រូវ​ធានា​ថា អគារ​នោះ​នឹង​មាន​អាយុកាល​យូរអង្វែង ប៉ុន្តែ​គ្រឿងសំណង់​ខ្លះ​នៅ​លើ​ទីផ្សារ គឺ​គ្មាន​គុណភាព​ខ្ពស់​ឡើយ ស្រប​ពេល​ដែល​ពួក​គេ​អះអាង​ពី​កត្តា​នេះ​» ។

ក្រុមហ៊ុន​សំណង់​លើក​ឡើង​ថា សម្ភារ​សំណង់​ជា​ច្រើន​ប្រភេទ ដូច​ជា ដែក​សរសៃ​មូល​ត្រូវ​បាន​គេ​កត់សម្គាល់​ដោយ​ការ​បិទ​តែម​បង្ហាញ​ពី​គុណភាព និង​ភាពរឹងមាំ​របស់​វា ។ ទោះជា​យ៉ាងណា ក៏​មាន​មួយ​ចំនួន​បាន​ធ្វើ​ដោយ​ក្លែងបន្លំ​ផង​ដែរ ។

ចំណែក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សំណង់ MKT Construction លោក Myo Myint ថ្លែង​ថា ៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា មាន​អ្នកជំនួញ​មួយ​ចំនួន​បាន​បញ្ជូន​គ្រឿងសំណង់​អត់​យីហោ​ទៅ​ជា​មាន​យីហោ​ដើម្បី​បង្កើន​តម្លៃ និង​ប្រាក់​ចំណេញ​របស់​ពួក​គេ​» ។

រីឯ​ក្រុមហ៊ុន​សំណង់​ខ្លះ​ទៀត​បាន​កាត់​បន្ថយ​នូវ​និន្នាការ​នេះ ។ ពួក​គេ​គួរតែ​ធ្វើតេស្ត​សម្ភារ​សំណង់​របស់​ពួក​គេ​ដោយ​ខ្លួនឯង ដើម្បី​ឲ្យ​ច្បាស់​ពី​គុណភាព​មុន​នឹង​ប្រើប្រាស់​សម្រាប់​គម្រោង ។

លោក Yan Aung អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​សំណង់ Asia Construction ថ្លែង​ថា ៖ «​បណ្តា​ក្រុមហ៊ុន​សំណង់​ភាគច្រើន​បាន​ប្រើប្រាស់​គ្រឿងសំណង់​គ្មាន​យីហោ​ត្រឹមត្រូវ ខណៈ​ដែល​សម្ភារ​ទាំងនោះ​មាន​តម្លៃ​ធូរ​ថ្លៃ​» ។

លោក​បន្ថែម​ថា ៖ «​ប៉ុន្តែ​យើង​តែង​ធ្វើតេស្ត​គុណភាព​គ្រឿងសំណង់​មុន​នឹង​ប្រើ​វា គឺ​ស្រប​ទៅ​តាម​មជ្ឈមណ្ឌល​ធ្វើ​ឲ្យ​មាន​លក្ខណៈ​បទដ្ឋាន ISO» ។

ចំណែក​សមាគម​វិស្វកម្ម​មី​យ៉ា​ន់​ម៉ា ក៏​បាន​ដំណើរការ​នូវ​ទីពិសោធន៍​ត្រួតពិនិត្យ​គុណភាព​សម្រាប់​បេតុង និង​ដី​នៅ​ការិយាល័យ​កណ្តាល​នៅ​ឃុំ Hlaing ។

លោក Khin Maung Tint លើក​ឡើង​ថា ៖ «​មាន​ក្រុមហ៊ុន​ក្នុង​រង្វង់​ចំនួន​៨ ដែល​មានគុណ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើតេស្ត​ពង្រឹងគុណភាព​សំណង់ ។ នាយកដ្ឋាន​របស់​យើង​មាន​ទំនួល​ខុស​ត្រូវ​លើ​ការ​ធ្វើតេស្ត​គ្រឿងសំណង់​ចំពោះ​គម្រោង​អគារ​ជាង​១២ ហើយ​គណៈកម្មការ​អភិវឌ្ឍន៍​ក្រុង​អាច​ទទួលខុសត្រូវ​ចំពោះ​គម្រោង​តូច​ជាង​នេះ​» ។

លោក Yan Aung អ្នក​ផ្តល់​ប្រឹក្សា​លើ​អចលនទ្រព្យ បញ្ជាក់​ថា ៖ «​ទោះជា​យ៉ាងណា​ការ​គ្រប់គ្រង​គុណភាព​អាច​មាន​តម្លៃ​ថ្លៃ ហើយ​ក្រុមហ៊ុន​សំណង់​នានា ជា​និច្ចកាល​តែង​គេចវេះ​ក្នុង​រឿង​នេះ ។ ចំណែក​បណ្តា​ក្រុមហ៊ុន​សំណង់​តូច​ៗ​កម្រ​នឹង​ធ្វើតេស្ត​គុណភាព​ណាស់ ដោយ​មួយ​ចំនួន​ផ្តោត​ត្រឹមតែ​តម្លៃ​ប៉ុណ្ណោះ ។ ចំណែក​ហាង​លក់​គ្រឿងសំណង់​ក្លែងក្លាយ​មួយ​ចំនួន​បាន​បញ្ចុះតម្លៃ ប៉ុន្តែ​ហាង​ដទៃ​ទៀត​គិត​ថា ផលិតផល​របស់​ពួក​គេ​មិនមែន​ជា​របស់​ពិត​ឡើយ​» ។

សម្ភារ​សំណង់​ធូរ​ថ្លៃ និង​អត់​ស្លាក​យីហោ ក៏​មានការ​ពេញ​និយម​ផង​ដែរ​ក្នុង​ទីផ្សារ នេះ​បើ​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ហាង​ដុំ និង​លក់រាយ​បង្ហើប​ឱ្យ​ដឹង ។

អ្នកលក់​គ្រឿងសំណង់​បោះ​ដុំ និង​រាយ​ម្នាក់​នៅ Saw Bwar Gyi Gone ឲ្យ​ដឹង​ថា ពុំ​មាន​មធ្យោបាយ​ណា​ដែល​អាច​ដឹង​ពី​គុណភាព​នៃ​សម្ភារ​សំណង់​អត់​យីហោ ដោយ​គ្មាន​ការ​ធ្វើតេស្ត​នោះ​ឡើយ​» ។

ទោះជា​យ៉ាងណា មាន​បញ្ហា​ជា​ច្រើន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ដែល​បាន​កើនឡើង​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ដោយ​គ្មាន​ច្បាប់ទម្លាប់ និង​ធ្វើ​និយ័ត​កម្ម​ឱ្យ​បាន​ត្រឹមត្រូវ ៕