ប្រទេសសិង្ហបុរី ៖ យោងតាមរបាយការណ៍ប្រចាំត្រីមាសទី៣ របស់ក្រុមហ៊ុនសាជីវកម្ម JTC Corporation ចេញផ្សាយកាលពីថ្ងៃទី២២ តុលា បង្ហាញថា ការជួលអចលនទ្រព្យដែលបម្រើឲ្យវិស័យឧស្សាហកម្មបានធ្លាក់ចុះក្នុងរយៈពេលពីរត្រីមាសជាប់ៗគ្នា ។
ការជួលកន្លែងទំនេរដែលបម្រើឲ្យផ្នែកឧស្សាហកម្មទាំងឡាយនៅក្នុងត្រីមាសទី៣ បានធ្លាក់ចុះ០,៨% និង១,៦% បើធៀបនឹងឆ្នាំទៅ។ ចំណែកការជួលកន្លែងទំនេរជារោងចក្រដែលប្រើមនុស្សច្រើន ក៏បានថយចុះ១,១%ដែរ បើធៀបនឹងត្រីមាសទី២ និងធ្លាក់១,៩% ធៀបនឹងឆ្នាំ២០១៤ ។
ក្រុមហ៊ុន JTC បង្ហាញថា ការថយចុះក្នុងសន្ទស្សន៍នៃការជួលអចលនទ្រព្យប្រភេទនេះ គឺមានភាពផ្ទុយពីកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់៣% កាលពី៤ឆ្នាំមុន ហើយតម្លៃមានការធ្លាក់ចុះ០,៣% បើធៀបនឹងអំឡុងពេលត្រីមាសទី២ និងឆ្នាំ២០១៤ ។
តម្លៃកន្លែងទំនេរសម្រាប់រោងចក្រប្រើប្រាស់មនុស្សច្រើនបានធ្លាក់ចុះក្នុងរយៈពេលពីរត្រីមាសជាប់ៗគ្នា គឺធ្លាក់០,៤% ធៀបនឹងត្រីមាសទី២ និង០,៨% ធៀបនឹងឆ្នាំទៅ ។
ក្រុមហ៊ុន JTC លើកឡើងថា ភាពផ្ទុយគ្នា និងកំណើនប្រចាំឆ្នាំជាមធ្យមចាប់ពី៨% ទៅ៩% ធៀបនឹង៤ឆ្នាំមុន ។ ចំណែកអត្រាមធ្យមនៃអ្នកចូលកាន់កាប់ ឬស្នាក់នៅលើទីផ្សារអចលនទ្រព្យឧស្សាហកម្ម សរុបទាំងអស់នៅទូទាំងប្រទេសបានធ្លាក់ចុះ០,២ពិន្ទុពីអត្រា៩០,៨% កាលពីត្រីមាសទី២ ។
រីឯការកើនឡើង១%ក្នុងការផ្គត់ផ្គង់ គឺប្រសើរជាងអត្រា០,៨% នៃការកើនឡើងនៃតម្រូវការនេះ ។ បើធៀបនឹងឆ្នាំ២០១៤កន្លងមក អត្រាមធ្យមនៃអ្នកស្នាក់នៅ ឬចូលកាន់កាប់កន្លែងទំនេរប្រភេទនោះនៅមានកម្រិតទាបជាងមុន០,១ពិន្ទុ។ ចំណែកកន្លែងទំនេរឧស្សាហកម្ម៣,៨លានម៉ែត្រក្រឡាទៀតនឹងត្រូវបានបំពេញបញ្ចប់នៅក្នុងត្រីមាសទី៤ និងឆ្នាំក្រោយ រាប់បញ្ចូលកន្លែងទំនេរសម្រាប់រោងចក្រដោយប្រើមនុស្សច្រើនប្រមាណជា៨១០.០០០ម៉ែត្រក្រឡា ។
នេះជាកម្រិតខ្ពស់ នៃការផ្គត់ផ្គង់ និងតម្រូវការប្រចាំឆ្នាំក្នុងរង្វង់១,៦លានម៉ែត្រក្រឡា និង១,២លានម៉ែត្រក្រឡាក្នុងអំឡុងពេល៣ឆ្នាំមុន ហើយនឹងដាក់សម្ពាធបន្ថែមលើនិន្នាការថយចុះនូវអត្រាជាមធ្យមនៃអ្នកចូលកាន់កាប់ទីកន្លែងទាំងនោះដែរ ។
ក្រុមហ៊ុនឲ្យដឹងទៀតថា តម្លៃ និងការជួលបានចុះខ្សោយដោយសារការកើនឡើងនូវតម្រូវការទីធ្លាទំនេរ និងដីឧស្សាហកម្មក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។
JTC បញ្ជាក់ថា ការផ្គត់ផ្គង់យ៉ាងច្រើនសន្ធឹកសន្ធាប់នឹងចាប់ផ្តើមដំណើរការផលិតកម្មក្នុងរយៈពេល២-៣ឆ្នាំក្រោយ ហើយមានជម្រើសដ៏ទូលំទូលាយសម្រាប់រៀបចំគម្រោងការរបស់ឧស្សាហករដើម្បីពង្រីកប្រតិបត្តិការរបស់ពួកគេ ៕
ចែករំលែកព័តមាននេះ