ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យដៃដល់៣នាក់ត្រូវកងរាជអាវុធហត្ថចាប់ខ្លួនបន្ទាប់ពីបង្កហិង្សាដោយយកដែកទីបទៅវាយក្បាលបុរសម្នាក់បណ្តាលរងរបួសធ្ងន់កាលវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ តុលា ២០១៥ ស្ថិតនៅលើផ្លូវជាតិលេខ៥ ក្នុងភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ។
ជនសង្ស័យដៃដល់ទាំង៣នាក់ដែលកងរាជអាវុធហត្ថចាប់ខ្លួនខាងលើនេះ មាន ១-ឈ្មោះ ម៉ែន មិនា ភេទប្រុស អាយុ២៦ឆ្នាំ ជាព្រូរថយន្ត មានទីលំនៅភូមិព្រាល ឃុំព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ២-ឈ្មោះ ជា សុភី ភេទប្រុស អាយុ៥៥ឆ្នាំ ជាអ្នកបើករថយ្តមានទីលំនៅភូមិទី១ ឃុំខ្សាមស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង៣-ឈ្មោះ ជុំ រក្សា ភេទប្រុស អាយុ២២ឆ្នាំ ជាព្រូរថយន្ត មានទីលំនៅភូមិក្រាំងស្គៀ ឃុំក្រាំងស្គៀ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះឈ្មោះ យិន សុខុម អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវជនដៃដល់ទាំង៣នាក់បានយកដែកទីបទៅវាយក្បាល បណ្តាលរងរបួសធ្ងន់ ។
ក្រោយពីធ្វើសកម្មភាពរួច ត្រូវបានកងរាជអាវុធហត្ថស្នាក់ការ៥៥១ ចាប់ឃាត់ខ្លួនបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី ។
ចំណែកបុរសរងគ្រោះបានត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ៕
ចែករំលែកព័តមាននេះ