ខេត្តរតនគិរី ៖ ក្មេងប្រុសពីរនាក់បងប្អូនបង្កើតគ្មានទីពឹងមកស្នាក់នៅជាមួយជីដូនបានមួយសប្តាហ៍ប៉ុណ្ណោះត្រូវទទួលរងការវាយធ្វើបាបពីជីដូន ទ្រាំមិនបានពួកគេក៏រត់ចេញពីផ្ទះមកស្នាក់នៅតាមតូបសំយាបផ្សារមួយយប់ ហើយត្រូវបានអ្នករត់តាក់ស៊ីនាំយកមកប្រគល់ឱ្យអង្គការអាដហុកដើម្បីជួយសង្គ្រោះបន្ត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជាង០៨ព្រឹក ថ្ងៃទី១៤ តុលា ២០១៥ ស្ថិតក្នុងភូមអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។
តាមប្រភពបានឱ្យដឹងថា ក្មេងប្រុសទាំងពីរនាក់នោះ ឈ្មោះអើត ប៊ុនណេត អាយុ១២ឆ្នាំ ធ្លាប់រៀនបានថ្នាក់ទី០២ ត្រូវជាបង និងឈ្មោះអើត ប៊ុនណាង អាយុ៨ឆ្នាំ ជាប្អូនបានរៀនថ្នាក់ទី០១។
បើតាមការរៀបរប់របស់ក្មេងទាំងពីរនាក់នោះបានឱ្យដឹងថា រូបគេទាំងពីរនាក់បងប្អូនមានឪពុកចុងឈ្មោះអើត រស់នៅខេត្តសៀមរាបតែងតែផឹកស្រាស្រវឹងរាល់ថ្ងៃរហូតកើតជំងឺសរសៃប្រាសាទទៅហើយ និងម្តាយឈ្មោះនូ រស់នៅស្រុកចំការលើ ខេត្តកំពង់ចាម។
ក្មេងទាំងពីរនាក់បន្តទៀតថា ខ្លួនទាំងពីរនាក់បងប្អូនធ្លាប់បានរស់នៅជាមួយបងប្អូនជីដូនមួយឈ្មោះណារី នៅក្នុងខេត្តព្រះវិហារមុនពេលមកស្នាក់នៅជាមួយជីដូនក្នុងខេត្តរតនគិរីនេះ។ ជីដូនឈ្មោះយាយសៀន និងជីតា រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។
ក្មេងនោះបន្តថា ពួកគេរស់នៅជាមួយជីដូនបានរយៈពេលមួយសប្តាហ៍ទទួលរងការវាយធ្វើបាបរាល់ថ្ងៃ ហើយនៅយប់ថ្ងៃទី១៣នោះ គាត់បានវាយនឹងរំពាត់ឈើ រួចយកកាំបិតឆូតមុខរូបគេជាបងទៀតផង
ទើបគេសំរេចចិត្តនាំប្អូនមកដេកនៅតាមតូបសំយាបផ្សារបែបនេះតែម្តង ។ នៅយប់នោះក៏មានក្មេងអ្នកផ្ទះក្បែរផ្សារនោះមកធាក់រូបគេមួយជើង ហើយវាយប្អូនចំ.ពោះមួយស្បែកជើងទៀតផង ប៉ុន្តែរូបគេមិនបានស្គាល់មុខទេ។
ក្មេងរងគ្រោះបានប្រាប់បន្តថា បងស្រីរបស់ខ្លួននៅបំរើការងារនៅផ្ទះអ្នកលក់ជរ័ ប៉ុន្តែរូបគេមិនស្គាល់ផ្ទះនោះទេ។ ប៉ុន្តែបើតាមការបំភ្លឺពីលោកសៀង ញុិក អាយុ៦៩ឆ្នាំ ជាជីតារបស់ក្មេងប្រុសទាំង២បានប្រាប់ថា ពុំមានអ្នកណាវាយធ្វើបាបនោះទេ ស្នាមនៅលើមុខ គឺពួកគេប្រឡែងគ្នាមុតដោយខ្លួនឯង ហើយតាសៀង ញុិក បានប្រាប់ថា ម្តាយក្មេងនោះមានប្តីទី០៥ហើយ ប្តីចុងក្រោយនេះពិការជើងម្ខាងទំនងប្រហែលជាលែងលះគ្នាព្រោះរត់ទៅខេត្តសៀមរាបជាងមួយខែទៅហើយ ឯម្តាយរបស់ពួកគេមានមុខរបរធ្វើកម្មករកន្លែងលក់ជរ័ទឹកនៅខេត្តស្ទឹងត្រែង តែពេលនេះកំពុងឆ្លងទន្លេ(កើតកូនខ្ចី)នៅឯស្រុកចំការលើឯណោះ។
គេសង្កេតឃើញនៅកន្លែងស្នាក់ការអាដហុកយាយសឿនមិនបានមកបំភ្លឺទេ គឺតាសៀង មកម្នាក់ឯង។ បច្ចុប្បន្នក្មេងទាំងពីរនាក់កំពុងស្នាក់នៅជាមួយអង្គការអាដហុកបណ្តោះអាសន្នដោយមានការយកចិត្តទុកដាក់ហូបចុកសំអាតកាយ ហើយមន្ត្រីអាដហុកបានពិគ្រោះយោបល់ដើម្បីបំរុងប្រគលជូនអង្គការសង្គ្រោះកុមារ(sos) ប្រចាំខេត្តរតនគិរីមើលថែបន្តដែរ តែមណ្ឌលនោះមានឈ្មោះពេញអស់ទៅហើយមិនអាចទទួលយកបន្តទៀតបានទេ ពេលនេះអង្គការកំពុងស្រាវជ្រាវឱ្យសាច់ញាតិខាងម្តាយមកទទួលយកត្រឡប់ទៅស្រុកវិញ៕





ចែករំលែកព័តមាននេះ