រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូទៅធ្វើការត្រូវក្រុមចោរប្លន់៤នាក់វាយនឹងដែកសរសៃប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី២៤ តុលា តាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
បុរសរងគ្រោះ ឈ្មោះ ប៊ុន ណាថារ៉ា អាយុ២៥ឆ្នាំ ជាបុគ្គលិកចាក់សាំងនៅក្រុមហ៊ុនប្រេងតេលាទល់មុខហ្គ្រេនភ្នំពេញ ស្នាក់នៅផ្ទះលេខ២០០ ផ្លូវ២៥៥ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិបាតតាង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-7108 ។
បុរសរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ទើបតែជិះម៉ូតូចេញពីផ្ទះទៅធ្វើការលុះមកដល់កន្លែងកើតហេតុមានជន៤នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាកមកអែបជិត រួចយកដែកសរសៃវាយកញ្ចឹងកគាត់ពីក្រោយ តែរូបគេយកដៃរងបណ្ដាលឱ្យរងរបួសកដៃ ហើយក៏ដួលម៉ូតូធ្លាក់ចូលក្នុងព្រៃនៅតាមចិញ្ចើមផ្លូវ ក្រុមចោរចុះពីលើម៉ូតូបម្រុងវាយបន្ថែមទៀត គាត់ក៏រត់គេចខ្លួនទើបក្រុមចោរប្លន់ទាំងនោះលើកយកម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុ បុរសរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ ដើម្បីវែកមុខក្រុមចោរទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ