ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារី២​នាក់​បងប្អូនដែល​មាន​ទេព​កោសល្យ​​​គូរគំនូរត្រូវ​អាជ្ញាធរ​ជាតិអប្សរាជួយ​ឧបត្ថម្ភ ​

10 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ កុមារី​២​នាក់​បងប្អូន​បង្កើតដែល​មាន​ទេព​កោសល្យ​ផ្នែក​គូរគំនូរទទួល​បានការ​គាំទ្រ និង​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​មានការ​ចាប់អារម្មណ៍ពី​បណ្ដាញ​សង្គម​Facebook និង​ទទួលស្គាល់​ពី​សមត្ថភាព​ដ៏​អស្ចារ្យរបស់​ក្មួយ​ៗ​ទាំង​២​នាក់​នោះ​ ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​​​ប្រាប់​ឱ្យដឹងថា ​ខាង​អ​ជ្ញា​ធរ​អប្សរាបាន​ជួយឧបត្ថម្ភ​​គ្រួសារ​ក្មួយ​ៗ​ទាំង​២​នាក់​នេះ​ និង​សន្យាជួយ​សម្រួល​ដល់​ការ​សិក្សា​រៀនសូត្រ​របស់​កុមារី​ទាំង​ពីរ​នាក់​ ទាំង​ថ្នាក់​ចំណេះដឹង​ទូទៅ ថ្នាក់​ជំនាញ​គូររូប និង​ថ្នាក់​ភាសាបរទេស​ផង​ដែរ​។​

មន្ត្រី​ដ​ដែល​បាន​បន្ត​ថា ការ​ឧបត្ថម្ភ​គាំទ្រ​ទាំងនេះ គឺជា​ការ​យក​​ចិត្ត​ទុកដាក់​របស់​លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរ​ជាតិ​អប្សរាក្នុង​ឱកាស​ដែល​​​លោកបាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​សួរសុខទុក្ខ​ដល់​ផ្ទះ​ក្មួយ​ស្រី​ទាំង​ពីរ​នាក់ និងក្រុម​គ្រួសារដែល​រស់នៅភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ​តុលា ​​២០១៥​នេះ​។

​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា  លុះ​ព្រឹក​ថ្ងៃ​ទី​២៤​​ អាជ្ញាធរ​អប្សរាក៏​បាន​ឧបត្ថម្ភនូវ​សម្ភារ​សិក្សា​ដូច​ជា សម្ភារគូររូប កៅអី ក្ដារខៀន​, កង់២​គ្រឿង​ រួមនឹង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ទៀតដល់​ក្រុម​គ្រួសារ​របស់​ក្មួយ​ស្រី​ទាំង​ពីរ​នាក់​នោះ​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កុមារី​ដែល​មាន​ទេព​កោសល្យ​ផ្នែក​គូរគំនូរទាំង​ពីរ​នាក់​បងប្អូន​នោះ មានឈ្មោះ ប្រម ដា​នី ហៅស្រី​ណុ​ច មាន​អាយុ​៦​ឆ្នាំ រៀន​ថ្នាក់​ទី​១ ទើប​ឡើង​(​ថ្នាក់​ទី​២​ឆ្នាំ​ថ្មី​) និងបងស្រី ឈ្មោះ ប្រម និ​ត ហៅ ស្រីនិ​ត មាន​អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៃ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន អង្គរធំ ដែល​មាន​ម្ដាយ ឈ្មោះ ធួ​ក រី អាយុ៤៩​ឆ្នាំ ជា​មេផ្ទះ និង​ជា​អ្នក​ធ្វើស្រែ​ចំការ និង​ឪពុក​​ឈ្មោះ ព្រឿ​ង ប្រម អាយុ​៥០​ឆ្នាំ បច្ចុប្បន្ន​ជា​សន្តិសុខ នៅ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ក្រុង​សៀមរាប​។

​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ក្មួយ​ស្រី​ទាំង​២​នាក់​បងប្អូន ក៏​បាន​នាំ​គ្នា​គូរគំនូរ​ដ៏​ស្រស់​ស្អាតដើម្បី​​​ទុកជា​អនុស្សាវរីយ៍​ដល់​លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ​៕​​