រាជធានីភ្នំពេញ ៖ បុរសមា្នក់ធ្លាយពោះវៀនចេញក្រៅ និងម្នាក់ទៀតចំឆ្អឹងខ្នង ខណៈពេលចូលក្លឹបឌឺដងដាក់គ្នាចេញមកវិញ ត្រូវជនដៃដល់ព្រួតចាក់ម្នាក់មួយកាំបិតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ តុលា ២០១៥ មុខក្លឹបវើលដាន់ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ជនរងគ្រោះដែលធ្លាយពោះវៀនឈ្មោះ សុខ ជា អាយុ២៧ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់នៅកោះពេជ្រ មានស្រុកកំណើតភូមិស្រោយសាយ ឃុំសាលាវិស័យ ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ និងម្នាក់ទៀតឈ្មោះ ម៉េស ករ ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសខាងខ្នង សន្លប់ស្តូកស្តឹង ។
ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុរូបគេ និងមិត្តភក្ដិគ្នា២នាក់នាំគ្នាចូលរាំលេងក្នុងក្លឹបវើលដាន់ ខណៈពេលរាំលេងមិត្តភក្ដិរបស់គេបានឌឺដងគ្នាភាគីម្ខាងទៀតលុះដល់ពេលពួកគេចេញពីក្លឹប ស្រាប់តែមានជនដៃដល់មួយក្រុមបានហូតខ្សែក្រវាត់ និងកូនកាំបិតដេញវាយ និងចាក់ពួកគេទាំង២នាក់បណ្តាលឲ្យរងរបួស ក្នុងនោះ ម្នាក់ធ្លាយពោះចេញក្រៅ និងម្នាក់ទៀតត្រូវខ្នងមួយកាំបិតសន្លប់ ។
ក្រោយពេលកើតហេតុ ជនដៃដល់នាំគ្នាគេចខ្លួនអស់ នៅសល់តែជនរងគ្រោះទាំង២នាក់ ត្រូវរ៉ឺម៉កម៉ូតូដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ៕


ចែករំលែកព័តមាននេះ