ខេត្តត្បូងឃ្មុំ ៖ រថយន្តឡិចស៊ីស១គ្រឿងបើកយ៉ាងលឿនដល់ត្រង់ផ្លូវកែងទំនងជាបត់ខ្លាំងពេកបណ្ដាលឱ្យក្រឡាប់ខ្លួនឯងជាច្រើនត្រឡប់បោកផ្ទប់ទៅនឹងរបងផ្ទះរបស់លោកអភិបាលខេត្តត្បូងឃ្មុំ បណ្តាលឲ្យរងរបួសធ្ងន់៤នាក់ ។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី២៤ តុលា ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
តាមសាក្សីដែលបានឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីស RX300 ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2G-5516 បើកយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ៧ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ផ្លូវកែងផ្ទះលោកអភិបាលខេត្តទំនងជាប្រឹងបត់ខ្លាំងពេកបណ្ដាលឱ្យក្រឡាប់ជាច្រើនត្រឡប់បោកផ្ទប់ទៅនឹងរបងផ្ទះរបស់លោកអភិបាលខេត្តបណ្តាលឱ្យអ្នកនៅក្នុងរថយន្ត៤នាក់រងរបួសធ្ងន់ធ្ងរ ។
សាក្សីបានបន្តទៀតថា បុរស៤នាក់ដែលនៅលើរថយន្តនោះ មានម្នាក់គេស្គាល់ថាជាជាងជួសជុលរថយន្តឈ្មោះ ពៅ ហើយត្រូវបានអ្នកភូមិជាច្រើននាក់នាំគ្នាជួយគាស់ទាញយកមនុស្សចេញមកក្រៅ ។ បន្ទាប់ពីជួយសង្គ្រោះយកមនុស្សចេញពីក្នុងរថយន្តមកក្រៅអស់ ស្រាប់តែរថយន្តបានផ្ទុះបង្កអគ្គិភ័យផ្សែងហុយទ្រលោម តែត្រូវបានម្ចាស់ស្ថានីយប្រេងឥន្ធនៈនៅក្បែរនោះយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា ។
លោកវរសេនីយ៍ត្រី សូ សារ៉ាត់ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានបញ្ជាក់ថា ចំពោះរថយន្តឡិចស៊ីសដែលបង្កគ្រោះថ្នាក់ចរាចរណ៍នេះគឺបើកបរដោយឈ្មោះ ហេង ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ និងអ្នករួមដំណើរ៣នាក់ទៀតមាន ១-ឈ្មោះ ជា រ៉ាវុន ភេទប្រុស អាយុ៣០ឆ្នាំ, ២-ឈ្មោះ យ៉ាប សុង ភេទប្រុស អាយុ៣១ឆ្នាំ និង ៣-ឈ្មោះ គង់ ឈុន ភេទប្រុស អាយុ២៧ឆ្នាំ ។ អ្នកទាំង៤នាក់រស់នៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ត្រី សូ សារ៉ាត់ បន្តទៀតថា ចំពោះមូលហេតុនេះគឺដោយសារតែអ្នកបើកបរស្រវឹងស្រា ប្រើប្រាស់ល្បឿនលើសកម្រិត ទើបបណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យអ្នកជិះលើរថយន្ត៤នាក់រងរបួសធ្ងន់បាក់ដៃ និងជើង ត្រូវបានសាច់ញាតិនាំទៅសង្គ្រោះនៅប្រទេសវៀតណាមទាំងយប់ផងដែរ ៕




ចែករំលែកព័តមាននេះ