ខេត្តសៀមរាប ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីស្ថាប័នតុលាការផងនោះ បានធ្វើការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ដែលម្ចាស់ទីតាំងបានលួចស្តុកឈើប្រណីតខុសច្បាប់នៅកណ្តាលក្រុងសៀមរាបជាយូរឆ្នាំមកហើយ តែម្ចាស់សិប្បកម្ម និងជាងឈើត្រូវបានដោះលែងតាមបញ្ជារបស់លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
ហេតុការណ៍ចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះធ្វើឡើងចាប់តាំងពីថ្ងៃត្រង់រហូតដល់ម៉ោង៥ល្ងាចថ្ងៃទី២៤ តុលា ២០១៥ នៅចំណុចខាងក្រោយផ្សារលើធំថ្មី ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដែលជាអ្នកដឹកនាំផ្ទាល់ក្នុងប្រតិបត្តិការនេះបានឱ្យដឹងថា ដោយមានការសហការជាមួយអ្នកសារព័ត៌មាន ទើបកម្លាំងជំនាញធ្វើការឡោមព័ទ្ធរួចចូលឆែកឆេរតែម្តង រកឃើញឈើប្រណីតជាច្រើនម៉ែត្រគូបផងដែរ ។ ក្រោយពីឆែកឆេររកឃើញឈើប្រណីតហើយ លោកក៏បានរាយការណ៍តាមទូរស័ព្ទទៅព្រះរាជអាជ្ញា ដើម្បីរង់ចាំមន្ត្រីរដ្ឋបាលព្រៃឈើចូលរួម ប៉ុន្តែក្រោយពីទូរស័ព្ទរហូតដល់ទៅ៣ម៉ោង ទើបឃើញមន្ត្រីរដ្ឋបាលព្រៃឈើចុះមក ។
លោកអនុសេនីយ៍ឯក សឿន សេន ឱ្យដឹងទៀតថា ម្ចាស់សិប្បកម្មកែច្នៃឈើជាជនជាតិវៀតណាមដែលសមត្ថកិច្ចឃាត់ខ្លួននៅទីតាំងរោងសិប្បកម្មនោះមាន៤នាក់គឺ ១-ឈ្មោះ TRAN VAN CUONG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ជាម្ចាស់ទីតាំង កាន់លិខិតឆ្លងដែនលេខ B.6283653 ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ ផុតកំណត់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ មានប្រពន្ធជាជនជាតិខ្មែរ, ២-ឈ្មោះ CHU VAN HANH ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ កាន់លិខិតឆ្លងដែនលេខ B.9776859 ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ ផុតកំណត់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥, ៣-ឈ្មោះ ដាំង ថាំងយី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ មានបង្កាន់ដៃត្រួតពិនិត្យចេញដោយក្រុមការងារអន្តោប្រវេសន៍ ។ អ្នកទាំង៣នាក់រស់នៅក្នុងរោងសិប្បកម្មខាងលើ និង ៤-ឈ្មោះ បួយ វ៉ាន់គី ភេទប្រុស អាយុ៣៤ឆ្នាំ ជានជាតិវៀតណាម មុខរបរជាងឈើ មានតែបង្កាន់ដៃសម្រាប់ទៅប្តូរយកវីសា ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។
លោកបន្ថែមថា ឈើប្រណីតព្រមទាំងរបស់កែច្នៃមិនទាន់សម្រេចដែលគេយកមកជួលឱ្យធ្វើទាំងអស់ត្រូវបានកម្លាំងជំនាញរបស់លោកប្រគល់ឱ្យទៅមេព្រៃចាត់ការបន្ត ចំណែកម្ចាស់ទីតាំង និងជាងឈើទាំង៤នាក់ត្រូវបានដោះលែងតាមបញ្ជារបស់លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យ«កោះសន្តិភាព»ដឹងនៅកន្លែងកើតហេតុនាល្ងាចថ្ងៃទី២៤តុលាថា ឈើប្រណីត និងគ្រឿងសង្ហារឹមដែលដកហូតបានក្នុងសិប្បកម្មទាំងអស់មាន ឈើប្រណីតប្រភេទធ្នង់១៨១សន្លឹក ស្មើនឹង១,៥២៤ម៉ែត្រគូប, ឈើប្រណីតប្រភេទកកោះ៣៤សន្លឹក ស្មើនឹង០,១៣៨ម៉ែត្រគូប និងគ្រឿងសង្ហារឹមមួយចំនួនទៀត ។ ឈើដែលបង្ក្រាបបានទាំងអស់យកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើ បន្ទាយស្រី(ក្នុងស្នាក់ការព្រះដាក់) ដើម្បីអនុវត្តទៅតាមច្បាប់រដ្ឋបាលព្រៃឈើ ។
គួររំលឹកផងដែរថា កន្លងមកសមត្ថកិច្ចចុះទៅបង្ក្រាបបទល្មើសតែងតែត្អូញត្អែរថា ក្នុងការបង្ក្រាបបទល្មើសម្តងៗហៅទៅខាងជំនាញតែងតែឆ្លើយមកវិញថា ជាប់រវល់ទៅនេះទៅនោះ ឬឆ្លើយថាមិនស្គាល់ទីតាំង លុះដល់ខាងស្ថាប័នតុលាការទូរស័ព្ទហៅ ទើបចុះមកដល់ទីតាំងធ្វើជាស្គាល់ ហាក់បីដូចជាមិនចង់សហការជាមួយសមត្ថកិច្ច ឬសារព័ត៌មានឡើយ ប្រហែលជាមានអ្វីលាក់បាំងហើយ ទើបពេលធ្វើសកម្មភាពបង្ក្រាបម្តងៗដូចអូសឬស្សីបញ្ច្រាស់ចុងបែបនេះ ៕








ចែករំលែកព័តមាននេះ