ខេត្តត្បូងឃ្មុំ ៖ គោយន្តកន្ត្រៃមួយគ្រឿងមានផ្ទុកឈើប្រណីតប្រភេទធ្នង់ពេញទ្រុងខាងក្រោយ សង្ស័យដឹកចេញពីស្រុកស្នួល ខេត្តក្រចេះ ចូលមកទឹកដីស្រុកមេមត់ បម្រុងលោតឆត្រទៅប្រទេសវៀតណាម ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃើញទាន់ដេញស្ទាក់ចាប់ជាប់ កាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី២៤ តុលា ២០១៥ ស្ថិតត្រង់ចំណុចផ្លូវចំការកៅស៊ូមួយកន្លែង ក្នុងភូមិមេមង ឃុំមេមង ស្រុកមេមត់ ចំណែកអ្នកបើកបរ រួមទាំងព្រូបានរត់គេចខ្លួនបាត់ ។
នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត លោកអនុសេនីយ៍ឯក ទូច សម្បត្តិ ឱ្យដឹងថា នៅពេលដែលគោយន្តកែច្នៃមួយគ្រឿងខាងលើ កំពុងតែបើកបរនៅលើផ្លូវចិន ត្រង់ចំណុចគីឡូ៥១ ក្នុងភូមិមេមង កម្លាំងសម្ងាត់បានរាយការណ៍មករូបលោក ភ្លាមៗនោះ ក៏បានសុំគោលការណ៏ពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត ដើម្បីដឹកនាំកម្លាំងចុះទៅជាបន្ទាន់ក៏បានប្រទះឃើញគោយន្តដឹកឈើប្រណីតពេញតែម្តង ។
លោកបន្តថា ទាំងព្រឹកព្រលឹមគ្រាន់តែឃើញកម្លាំងរបស់សមត្ថកិច្ចទៅពីចម្ងាយ អ្នកបើកគោយន្តដឹកឈើរួមនឹងព្រូម្នាក់ទៀតបានឈប់រថយន្តអែបខាង ហើយលោតចុះរត់ចូលទៅក្នុងចំការកៅស៊ូ កាត់ពីកន្លែងមួយទៅកន្លែងមួយគេចខ្លួនបាត់ទាំងពីរនាក់ ។ រថយន្តផ្ទុកឈើប្រណីតពេញនេះ ត្រូវអូសយកមកប្រគល់ឱ្យទៅជំនាញរដ្ឋបាលព្រៃឈើសង្កាត់មេមត់ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗ រូបលោកក៏បានចុះបង្ក្រាបផ្ទះស្តុកឈើប្រណីតនៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ កាលពីព្រឹកថ្ងៃទី១៥ តុលា ២០១៥ ផ្ទះរបស់ឈ្មួញល្បីឈ្មោះសុព្រីន ភេទប្រុស ដោយរឹបអូសបានឈើគ្រញូង នាងនួន ចំនួន៣០៤ដុំ ចំណែកម្ចាស់បានរត់គេចខ្លួនបាត់ស្រមោល ។
នាយផ្នែករដ្ឋបាលសង្កាត់ព្រៃឈើមេមត់ លោកទួត វុត្ថា វិញប្រាប់ឱ្យដឹងថា ចំពោះឈើប្រណីតប្រភេទធ្នង់ ដែលកម្លាំងនគរបាលសេដ្ឋកិច្ចបង្ក្រាបបាន យកមកប្រគល់ឱ្យជំនាញរបស់លោកនេះ គឺមានបរិមាណប្រហែល៣ម៉ែត្រគូប ។ រហូតមកដល់វេលាម៉ោង៩ព្រឹក មិនទាន់លេចមុខអ្នកណាម្នាក់អះអាងជាឈើរបស់ខ្លួននៅឡើយទេ ។ ដូច្នេះ រូបលោកត្រូវរឹបអូសដោយបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕





ចែករំលែកព័តមាននេះ