ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសន្និបាត​លើក​ទី​133​សហភាព​អន្តរ​សភា (IPU) លើ​ប្រធានបទ​ការ​ការពារ​ជនភៀសខ្លួន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហាសន្និបាត​លើក​ទី​១៣៣ សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU បាន​បញ្ចប់​ទៅ​ប្រកបដោយ​ផ្លែផ្កា​ល្អជា​ច្រើន ជា​ពិសេស​ការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ពង្រឹង​តួនាទី​សមាជិក​សភា ក្នុង​ការ​អនុវត្ត​គោលការណ៍​នៃ​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​អនុសញ្ញា​អន្តរជាតិ​ស្តី​ពី​ការ​ការពារ​ជនភៀសខ្លួន ។

លោក​ហ៊ុន ម៉ា​នី សមាជិក​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សមាជិក​សភា​វ័យក្មេង តំណាង​ឲ្យ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​របស់ IPU បាន​លើក​ឡើង​ក្នុង​សន្និសីទកាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ក្រោយ​ពី​គណៈប្រតិភូ​កម្ពុជា​ត្រឡប់​មក​ពី​មហាសន្និបាត ថា មហាសន្និបាត​សហភាព​អន្តរ​សភា​មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​២១ តុលា រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដែល​មាន​សមាជិក​សភា​ចូលរួម​ចំនួន​៦៧០​នាក់ ក្នុង​នោះ​មាន​ប្រធាន និង​អនុប្រធាន​សភា​ចូលរួម​ចំនួន​៩៤​រូប​មក​ពី​១៣៥​ប្រទេស ។

លោក​ហ៊ុន ម៉ា​នី គូសបញ្ជាក់​ថា មហាសន្និបាត​នេះ បាន​អនុម័ត​លើ​សេចក្ដីសម្រេច​ស្ដី​ពី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ការ​គំរាមកំហែង​ដល់​ភាព​ផ្ទាល់ខ្លួន សេរីភាព​បុគ្គល សេចក្ដីសម្រេច​តួនាទី​សហភាព​អន្តរ​សភា សមាជិក​សភា អង្គការ​អន្តរជាតិ អង្គការ​ក្នុង​តំបន់​ក្នុង​ការ​ការពារ​ការ​គាំទ្រ​ជា​បន្ទាន់​ទៅ​ដល់​ជន​ទាំងឡាយ​ដែល​ក្លាយ​ខ្លួន​ជា​ជនភៀសខ្លួន​ដោយសារ​សង្គ្រាម​ជម្លោះផ្ទៃក្នុង ស្ថានភាព​សង្គម សេដ្ឋកិច្ច យោង​តាម​ច្បាប់​មនុស្សធម៌​អន្ដរជាតិ និង​សន្ធិសញ្ញា​អន្ដរជាតិ ធ្វើ​ចំណាកស្រុក​ប្រកបដោយ​យុ​តិ្ត​ធម៌ ភាព​ឆ្លាត​វៃ និង​មនុស្សធម៌ ។ លោក​ថា ចំពោះ​ករណី​សិទ្ធិ​មនុស្ស​សម្រាប់​សមាជិក​សភា ត្រូវ​បាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​សម្រាប់​សមាជិក​សភា ស្នើ​សុំ​ទៅ​ក្រុមប្រឹក្សាភិបាល​អនុម័ត​សម្រេច​ទៅ​លើ​ករណី មួយ​ចំនួន​កើត​មាននៅ​១៣​ប្រទេស​ក្នុង​៥​តំបន់ (​អាហ្វ្រិក អាម៉េរិក អាស៊ី អឺរ៉ុប និង​មជ្ឈិម​បូព៌ា​) ក្នុង​នោះ​មិន​មានការ​លើក​ឡើង​ចំពោះ​កម្ពុជា​នោះ​ទេ ។

គួរ​បញ្ជាក់​ថា មហាសន្និបាត​លើក​ទី​១៣៤ របស់ IPU នឹង​ប្រព្រឹត្ត​នៅ​ទីក្រុង LUSAKA ប្រទេស Zambia ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​២៣​មីនា ឆ្នាំ​២០១៦ ខាង​មុខ ៕