រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការប្រកាសដាក់ឱ្យអនុវត្តនូវ «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ» គឺជាការចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលបានកំណត់ជាអាទិភាពនូវការរៀបចំគោលនយោបាយនេះ សំដៅឈានទៅសម្រេចបានកំណើនប្រកបដោយចីរភាព ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងភាពសុខដុមរមនា សមរម្យ ប្រកបដោយផលិតភាពជូនប្រជាពលរដ្ឋគ្រប់រូប ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មានប្រសាសន៍បែបនេះ កាលពីរសៀលថ្ងៃទី២២ តុលា ២០១៥ នៅវិមានសន្តិភាព ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ រៀបចំឡើងក្នុងភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ពីកូនខ្មែរយើង ដែលមានសមាសភាពគ្រប់វ័យ ទាំងវ័យចំណាស់ ទាំងវ័យកណ្តាល ទាំងវ័យក្មេង ដែលពោរពេញដោយសមត្ថភាពខ្ពស់ ថាមពល និងភាពច្នៃប្រឌិត ។
ការដាក់ចេញនូវគោលនយោបាយនេះក៏មានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលបានដាក់ឱ្យអនុវត្តនាពេល ថ្មីៗនេះ មិនត្រឹមតែមានចក្ខុវិស័យជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅផ្លាស់ប្តូរពីឧស្សាហកម្ម ដែលមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារទៀតផង ។
ក្នុងស្មារតីនេះធានាការពារជីវភាពរបស់កម្មករ និយោជិត ព្រមទាំងបង្កើតយន្តការចរចាប្រកបដោយតម្លាភាព និងឈរលើមូលដ្ឋានវិទ្យាសាស្ត្រ រាជរដ្ឋាភិបាលបានដឹកនាំសម្របសម្រួល ក្រោមយន្តការត្រីភាគី បង្កើតឡើងនូវគោលការណ៍ និងរូបមន្តគណនាប្រាក់ឈ្នួលអប្បបរមា ឈរលើបទដ្ឋានអន្តរជាតិ និងទទួលយកដោយគ្រប់ភាគី ។ លើមូលដ្ឋាននេះប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៦ ត្រូវបានដំឡើងពី១២៨ដុល្លារ ទៅ១៤០ដុល្លារ ក្នុង១ខែ ។ បើគិតគូរទាំងអត្ថប្រយោជន៍ ផ្សេងៗដែលមានស្រាប់ ជាមធ្យមកម្មករ និយោជិតម្នាក់ៗទទួលបានប្រាក់ចំណូលយ៉ាងតិចពី១៥៧ដុល្លារ ដល់១៦៨ដុល្លារអាមេរិកក្នុងមួយខែ ។
ទាំងអស់នេះបានឆ្លុះបញ្ចាំងពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំរបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យការងារ និងជីវភាពរស់នៅរបស់ប្រជាជន ។
រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដោយមានគោលបំណងសំខាន់៣ គឺទី១-បង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ។ ទី២-ការជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងទី៣-ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ ។
ជាមួយនឹងការរៀបចំឡើងឱ្យមានភាពស៊ីសង្វាក់គ្នាទៅនឹងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយនេះ មិនត្រឹមតែជាមគ្គុទ្ទេសក៏ជំរុញការអភិវឌ្ឍវិស័យមុខរបរ និងការងារនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាក្របខណ្ឌមួយ សម្រាប់់ស្ថាប័នពាក់ព័ន្ធនានា ធ្វើសកម្មភាពដោយមានការសម្របសម្រួលទៅតាមគោលដៅរួម និងមានការទទួលខុសត្រូវច្បាស់លាស់ទៀតផង ។
ដើម្បីឱ្យការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារនេះឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ណែនាំឱ្យក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវតាមដាន និងវិភាគជាទៀងទាត់រៀងរាល់មួយឆ្នាំម្ដង អំពីដំណើរការម៉ាក្រូសេដ្ឋកិច្ច ដោយផ្ដោតសំខាន់លើការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពខ្ពស់ដល់ពលរដ្ឋកម្ពុជា ។ ក្នុងនោះត្រូវរៀបចំឱ្យមានកិច្ចសន្ទនាគោលនយោបាយ វេទិកាអន្ដរក្រសួងអំពីវឌ្ឍនភាពនៃការបង្កើនឱកាសកាងារសមរម្យ និងមានផលិតភាព ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជា្ជជីវៈត្រូវបំពេញភារកិច្ចជាសេនាធិការអនុវត្ត ព្រមទាំងរៀបចំរបាយការណ៍ប្រចាំឆមាស ប្រចាំឆ្នាំជូនរាជរដ្ឋាភិបាលស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ដែលកើតឡើងក្នុងការអនុវត្តដោយផ្អែកលើគោលដៅ និងសូចនាករដែលបានកំណត់ ។
តាមរបាយការណ៍របស់លោកអិុត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា គោលនយោបាយនេះបានចាប់ផ្ដើមរៀបចំឡើងពីឆា្នាំ២០១០រហូតដល់ឆ្នាំ២០១៥ ដោយមានការសិក្សាជាច្រើនផ្នែកទៅលើបរិបទនៃសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងនោះរួមមាន ទី១- កម្ពុជាឆ្ពោះទៅកាន់យុទ្ធសាស្ដ្រ ស្ដីពីមុខរបរ និងការងារដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ។ ទី២-ការត្រួតពិនិត្យឡើងវិញលើការចំណាយផ្នែកកិច្ចការគាំពារសង្គម និងទី៣-ការធ្វើសមាហរណកម្មបញ្ចូលគ្នា រវាងយុទ្ធសាស្ត្រកិច្ចការគាំពារសង្គម និងយុទ្ធសាស្ត្រមុខរបរ និងការងារ ។
គោលនយោបាយនេះត្រូវបានពិគ្រោះយោបល់ច្រើនលើកច្រើនសាក្នុងយន្តការត្រីភាគី ពហុភាគីដែលបានចូលរួមផ្តល់ធាតុចូលយា៉ងផុលផុស ។
ពិសេសត្រូវបានរៀបចំឡើងក្នុងភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ពីកូនខ្មែរដែលមានសមាសភាពគ្រប់វ័យ ទាំងវ័យចំណាស់ ទាំងវ័យកណ្តាល ទាំងវ័យក្មេង ដែលពោរពេញដោយសមត្ថភាពខ្ពស់ ថាមពល និងភាពច្នៃប្រឌិត ។ ក្នុងគោលបំណងឆ្លើយតបទៅនឹងបញ្ហាប្រឈម ថ្មីៗ ដែលនឹងកើតមានឡើងនៅក្នុងទីផ្សារការងារកម្ពុជាដែលរួមមាន ៖
-ចូលរួមកែលម្អរចនាសម្ព័ន្ធសេដ្ឋកិច្ចដែលធ្លាប់តែពឹងផ្អែកលើវិស័យមួយចំនួនដែលមានលក្ខណៈសាមញ្ញ តូចចង្អៀត ។
-ឆ្លើយតបទៅនឹងបរិការណ៍ប្រជាសាស្ត្រកម្ពុជា ដែលសម្បូរទៅដោយពលករវ័យក្មេងទាមទារឱ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈ ។
-រក្សាកម្លាំងនៅក្នុងតំបន់ នីមួយៗ កាត់បន្ថយការចាកចេញពីជនបទទៅទីប្រជុំជន ។
-ត្រៀមរៀបចំកម្លាំងពលកម្មជំនាញក្នុងសហគមន៍សេដ្ឋកិច្ចអាសា៊ន ។
-ដោះស្រាយបញ្ហាសម្ពាធកាន់តែខ្លាំងអំពីការកំណត់ប្រាក់ឈ្នួល ។
-ពង្រឹង រក្សានិរន្តរភាពសុខដុមនីយកម្មនៃការទាក់ទងវិជ្ជាជីវៈ ៕
ចែករំលែកព័តមាននេះ