រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុមមានគ្នា៦នាក់ ព្រួតវាយបែកក្បាលដេរអស់៥ថ្នេរ ដោយប្លន់យកម៉ូតូបានដោយសុវត្ថិភាព ខណៈដែលម៉ូតូជនរងគ្រោះរលត់ហើយដើរបណ្តើរម៉ូតូតាមផ្លូវជិតដល់ផ្ទះទៅហើយ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ តែបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ តុលា ២០១៥ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឈឹម សារ៉ន អាយុ៣៦ឆ្នាំ ជាជាងបាញ់ថ្នាំរថយន្តនៅម្តុំចំការដូង ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោឌិ៍សែនជ័យ មានស្រុកកំណើតនៅក្នុងភូមិព្រៃកូឡា ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ។
ប្រភពបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកគុបជ្រុងមួយគ្រឿង ពណ៌ទឹកប៊ិច មិនចាំស្លាកលេខ ដោយជិះត្រឡប់មកពីកន្លែងធ្វើការនៅវិញនៅម្តុំចំការដូង ។ លុះជិះជិតដល់ផ្ទះទៅហើយ ក៏ស្រាប់តែម៉ូតូរលត់ រួចជនរងគ្រោះក៏ដើរបណ្តើរម៉ូតូតាមផ្លូវរហូត ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាប្រមាណ៦នាក់ បានដើរមកស្ទាក់ផ្លូវជនរងគ្រោះ ហើយជនសង្ស័យទាំងនោះបានសម្លុតជនរងគ្រោះយកលុយ១ម៉ឺនរៀល ។
តែជនរងគ្រោះមានលុយតែ៥ពាន់រៀលទេ គ្រាន់តែនិយាយចប់ភ្លាម ជនសង្ស័យម្នាក់បានទាញខ្សែក្រវាត់វាយមកលើជនរងគ្រោះចំពីក្រោយក្បាលមួយខ្សែក្រវាត់ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន ។ រួចព្យាយាមរត់គេចពីជនសង្ស័យទាំងឈាមហូរយ៉ាងសស្រាក់ ចំណែកម៉ូតូត្រូវជនសង្ស័យបណ្តើរទាំងរលត់យកទៅបាត់ដោយសុវត្ថិភាព ។



ចែករំលែកព័តមាននេះ