ខេត្តសៀមរាប ៖ ប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំលើកទី១៩ នៃសមាគមអ្នកផលិតកៅស៊ូធម្មជាតិ ដែលរៀបចំឡើងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ តុលា នៅក្នុងក្រុងសៀមរាប គឺមានសមាជិកចូលរួមសរុបទាំងអស់១១ប្រទេស ។
ក្នុងកិច្ចប្រជុំនេះសមាគមអ្នកផលិតកៅស៊ូធម្មជាតិ បានជួបប្រជុំគ្នាដើម្បីរិះរកមធ្យោបាយទប់ស្កាត់ការធ្លាក់ថ្លៃកៅស៊ូនៅក្នុងប្រទេសកម្ពុជា។ សមាជិកទាំងអស់នៃសមាគមអ្នកផលិតកៅស៊ូធម្មជាតិ បានឯកភាពគ្នាលើចំណុចមួយចំនួនសំដៅធ្វើយ៉ាងណា ឱ្យប្រាកដថាកៅស៊ូធម្មជាតិនឹងមានទីផ្សារល្អឡើងវិញ និងជាពិសេសគឺការរក្សានិរន្តរភាពនៃតម្លៃ ។
ប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំនេះដែរ គឺការព្រួយបារម្ភចំពោះការធ្លាក់ថ្លៃយ៉ាងគំហុករបស់ជ័រកៅស៊ូ ។ សមាជិកទាំងអស់ បានលើកពីបញ្ហាប្រឈមនានា ដែលទាក់ទងនឹងដំណាំកៅស៊ូ ដែលមានទីផ្សារនាំចេញជាដើម ។
លោកលី ផល្លា អនុរដ្ឋលេខាធិការក្រសួង កសិកម្ម ទទួលបន្ទុកអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ការធ្លាក់ចុះតម្លៃកៅស៊ូនាពេលបច្ចុប្បន្ន គឺមិនធ្លាប់មានទេកាលពីពេលកន្លងមក។ លោកបានរំឭកពីតម្លៃកៅស៊ូនាពេលកន្លងមកថា ៖ «កៅស៊ូឡើងថ្លៃនៅក្នុងអំឡុងឆ្នាំ២០១១ គឺមានតម្លៃ៥.៧០០ដុល្លារក្នុងមួយតោន ហើយឥឡូវធ្លាក់មកនៅត្រឹម១.៣០០ដុល្លារ ។ នេះជាកង្វល់របស់រដ្ឋាភិបាល ជាពិសេសកសិករដែលជាអ្នកដាំកៅស៊ូ ។ ការធ្លាក់ថ្លៃគឺទូទាំងពិភពលោក ដោយសារការប្រើប្រាស់ថយចុះ ហើយការផ្គត់ផ្គង់លើសពីតម្រូវការថែមទៀត» ។
ក្នុងកិច្ចប្រជុំរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់២៣ តុលា កិច្ចប្រជុំបានសម្រេចនូវលទ្ធផលមួយចំនួនរួមមាន ការងារគ្រប់គ្រងផ្ទៃដីដាំកៅស៊ូ ដើម្បីងាយស្រួលប៉ាន់ស្មានចំពោះបរិមាណផ្គត់ផ្គង់ទៅតាមទីផ្សារ ជាមួយនឹងតម្រូវឱ្យស្មើគ្នា ។ មួយចំណែកទៀត គឺការកំណត់គោលនយោបាយ ពង្រឹងការប្រើប្រាស់កៅស៊ូក្នុងស្រុក មានន័យថា ក្រៅពីការនាំចេញ បណ្តា ប្រទេសជាសមាជិកនៃសមាគមអ្នកផលិតកៅស៊ូធម្មជាតិ ត្រូវរិះរកវិធីសាស្ត្រដើម្បីផលិតជាឧស្សាហកម្មក្នុងស្រុកផង ។ ចំណុចមួយទៀត គឺជាការគិតគូរពីនិរន្តរភាពរបស់កៅស៊ូ ។
ប្រទេសកម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន៣៦ម៉ឺនហិកតា ដែលអាចផលិតជ័រកៅស៊ូបាន១០ម៉ឺនតោន ក្នុងមួយឆ្នាំៗ ។ តាមគោលការណ៍កម្ពុជាគ្រោងនឹងពង្រីកផ្ទៃដីដាំដុះដល់ទៅជាង ៤០ម៉ឺនហិកតានៅអំឡុងឆ្នាំ២០២០ខាងមុខនេះ ។ ទីផ្សារ សំខាន់ៗក្នុងការនាំជ័រកៅស៊ូចេញរបស់កម្ពុជា មានម៉ាឡេស៊ី សិង្ហបុរី ចិន និងវៀតណាម ។
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃសមាគមអ្នកផលិតកៅស៊ូធម្មជាតិលើកទី១៩ ក្នុងរយៈពេល២ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥ ដល់២០១៦ ហើយប្រទេសឥណ្ឌូណេស៊ី នឹងបន្តធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីកម្ពុជា ៕
ចែករំលែកព័តមាននេះ