ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកកុងតឺន័រមួយគ្រឿង បានបើកធ្លាក់ប្រឡាយទៅមុខលែងរួច បន្ទាប់ពីគេចនឹងរថយន្តក្រុង និងម៉ូតូកង់បីមួយគ្រឿង ដែលបើកមកពីមុខក្នុងទិសដៅបញ្ច្រាសគ្នា ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២៣ តុលា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចមុខទីស្នាក់ការតំបន់សឹករងស្រុករលារប្អៀរ ក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-3943 ជាប្រភេទរថយន្តដឹកកុងតឺន័រធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តបានកាច់ចង្កូតគេចពីរថយន្តក្រុង និងម៉ូតូកង់បី ដែលមកពីមុខក៏ជ្រុលចង្កូតធ្លាក់ពីផ្លូវចូលប្រឡាយទឹកវិះនឹងក្រឡាប់ តែសំណាងល្អ ដែលមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ។
បុរសជាអ្នកបើកបរនោះបានឱ្យដឹងថា រថយន្តនេះជារបស់ក្រុមហ៊ុនរូបគាត់គ្រាន់ជាអ្នកស៊ីឈ្នួលបើកឱ្យគេទេ ចំពោះហេតុការណ៍ដែលកើតឡើងនេះ គឺគាត់មិនបានងោកងុយ ឬក៏ធ្វេសប្រហែសឡើយ ។ តែបើគាត់មិនកាច់ចង្កូតគេចពីម៉ូតូកង់បី និងរថយន្តក្រុងទេនោះ អ្នកជិះលើម៉ូតូកង់បីទាំងអស់ និងរងគ្រោះទាំងអស់គ្នាមិនខានឡើយ ។
រថយន្តដែលធ្លាក់ផ្លូវខាងលើនេះ ត្រូវបានក្រុមហ៊ុនជួលរថយន្តស្ទូចមកស្ទូចយកចេញនៅរសៀលថ្ងៃដដែល ព្រោះរថយន្តខាងលើពុំបានបង្កការរាំងស្ទះចរាចរណ៍នៅលើផ្លូវជាតិឡើយ៕


ចែករំលែកព័តមាននេះ