ខេត្តត្បូងឃ្មុំ ៖ បុរសពិការជើង និងខ្នងគមម្នាក់បានលង់ទឹកស្លាប់ចោលប្រពន្ធ និងកូន២នាក់ ខណៈចេញទៅរាយមងនៅចំណុចប្រឡាយអូរស្វាយ ចម្ងាយប្រហែល៥០០ម៉ែត្រពីភូមិ ដែលហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២២ តុលា ២០១៥ ។
ជនរងគ្រោះឈ្មោះ ម៉េង ចាន់ថា អាយុ៤៥ឆ្នាំ រស់នៅភូមិទួលកែវ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃបុរសពិការជើង និងគមខ្នងរងគ្រោះតែងតែចេញពីផ្ទះទៅរាយមងដើម្បីចាប់យកត្រីយកមកធ្វើម្ហូបអាហារសម្រាប់ធ្វើម្ហូបទទួលទាន ចៃដន្យអាក្រក់នៅថ្ងៃកើតហេតុស្របពេលដែលបុរសនេះបានហែលទឹកបឹងដើម្បីដោះយកត្រីដោយមានប៊ីដុងចំណុះ៣០លីត្រចំនួន២ចងខ្សែ ស្រាប់តែរបូតចំណងខ្សែប៊ីងមួយបណ្តាលឲ្យលង់ទឹកជម្រៅជាង២ម៉ែត្រស្លាប់ ។ លោកអធិការរងបន្តឲ្យដឹងទៀតថា ក្នុងពេលដែលឃើញហេតុការណ៍នេះ កូនប្រុសឈ្មោះ ថាយ រ៉ាម៉េត អាយុ៥ឆ្នាំ ដែលទៅជាមួយឪពុកបានរត់មកផ្ទះរបស់ខ្លួនប្រាប់ម្តាយ និងសាច់ញាតិជាច្រើននាក់ប្រញាប់ចេញទៅជួយសង្គ្រោះ ប៉ុន្តែទម្រាំនាំគ្នាធ្វើដំណើរទៅដល់ បុរសរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ រួចក៏បាននាំគ្នាដឹកយកមកផ្ទះរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោមសំឡេងយំទួញសោកពីប្រពន្ធ និងកូនៗ២នាក់ ។
លោកវរសេនីយ៍ត្រី សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងដែរថា បន្ទាប់ពីដឹងហេតុការណ៍នេះ លោកបានចាត់ឲ្យកម្លាំងជំនាញក្រោមឱវាទចុះទៅពិនិត្យសព តែមិនឃើញមានស្លាកស្នាមលើរាងកាយនោះទេ គឺពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ ។
លោកវរសេនីយ៍ត្រី ឡុង សារិន បញ្ជាក់ថា គ្រួសារបុរសរងគ្រោះមានជីវភាពក្រីក្រណាស់ ហើយជារឿយៗតែងតែចេញពីផ្ទះទៅរាយមងរកត្រីរាល់ថ្ងៃដើម្បីធ្វើម្ហូបសម្រាប់ទទួលទាន មានពេលខ្លះថែមទាំងយកចែកឲ្យញាតិជិតខាងនៅក្នុងភូមិថែមទៀត ធ្វើឱ្យអ្នកភូមិផងរបងជាមួយមានក្តីអាណិតអាសូរយ៉ាងខ្លាំងចំពោះគ្រោះអកុសលនេះ ៕




ចែករំលែកព័តមាននេះ