រាជធានីភ្នំពេញ ៖ បុរសមានសតិមិនប្រក្រតីម្នាក់ត្រូវបានគេសង្ស័យថាលង់ទឹកស្លាប់ ខណៈប្រទះឃើញខោអាវ និងស្បែកជើងរបស់ជនរងគ្រោះនៅមាត់ទឹក ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ តុលា ២០១៥ នៅចំណុចភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីឈ្មោះ ចាន់ អេង អាយុ៥០ឆ្នាំ ជាស្ត្រីមេម៉ាយ មានមុខរបរដកព្រលិតលក់ ត្រូវជាម្តាយរបស់ជនរងគ្រោះដែលសង្ស័យលង់ទឹកស្លាប់បានឱ្យដឹងថា កូនរបស់គាត់ឈ្មោះ សំណាង ហៅប៉ូឡូ អាយុ១៨ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី (មិនគ្រប់ទឹក) ។
លោក ខុន វ៉ាន់នី អាយុ៥២ឆ្នាំ ប្រជាពលរដ្ឋរស់នៅម្តុំកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញជនរងគ្រោះកាន់ស្រាថ្នាំ១ដប បាយ១កញ្ចប់ សម្លរ១ថង់ មកអង្គុយស៊ីផឹកម្នាក់ឯង ខណៈផឹកបានបន្តិចក៏ងើបដើរសំដៅទៅមាត់ទឹក ក៏ស្រែកសួរថា ឯងទៅណា ជនរងគ្រោះក៏ឆ្លើយថាទៅនោម តែដោយបាត់យូរពេកគាត់ក៏ស្រែកហៅ តែមិនឮតបក៏ដើរទៅរកមើលស្រាប់តែប្រទះឃើញខោអាវ និងស្បែកជើងជនរងគ្រោះនៅមាត់ទឹក ពេលនោះគាត់ភ័យណាស់ក៏រត់មកយកម៉ូតូជិះទៅប្រាប់អ្នកភូមិឱ្យដឹង និងមកជួយរាវរកជនរងគ្រោះទាំងអស់គ្នា តែរហូតមកដល់ពេលនេះម៉ោងជិត៨ទៅហើយនៅមិនទាន់រកឃើញនៅឡើយទេ ៕


ចែករំលែកព័តមាននេះ