ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាច្រើននាក់់នៅក្នុងខេត្តប៉ៃលិន កំពុងមានការព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ ខណៈរថយន្តកែច្នៃត្រូវបានម្ចាស់យានដ្ឋានជាច្រើនកន្លែង នៅក្នុងក្រុងប៉ៃលិន ដំទ្បើងដាក់លក់យ៉ាងគគ្រឹកគគ្រេង ដោយអះអាងថា បានរត់ច្បាប់ចេញពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរួចហើយ ។ ការដំទ្បើងរថយន្តដាក់លក់នេះ គឺសំដៅលក់ឱ្យប្រជាកសិករទិញយកទៅប្រើប្រាស់ដឹកពោត ដំទ្បូងមី និងផលិតផលផ្សេងៗ ខណៈខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អះអាងថា មិនបានចេញលិខិតណាមួយ សម្រាប់ការផលិតរថយន្តច្នៃ ហៅក្របីយន្ត ទាំងនេះទ្បើយ គឺគ្រាន់តែចេញច្បាប់ដល់យានដ្ឋាននីមួយៗឱ្យជួសជុលរថយន្តតែប៉ុណ្ណោះ ។
បើតាមម្ចាស់យានដ្ឋានមួយកន្លែងឱ្យដឹងថា គាត់បានរត់ច្បាប់ចេញពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួចរាល់អស់ហើយ ដើម្បីដំឡើងរថយន្តទាំងនោះដាក់លក់ឱ្យប្រជាកសិករទិញយកទៅដឹកពោត ដំទ្បូងមីជាដើម ហើយត្រូវបានកុម្មង់ទិញគ្រឿងរថយន្តមកពីភ្នំពេញ រួចក៏ច្នៃដាក់តួម៉ាស៊ីន ចង្កូត កង់ ទ្រុង តាមស្តង់ដារថយន្តដែលផលិតមកពីប្រទេសក្រៅដែរ ។ ប្រភពដដែលបន្តទៀតថា ការច្នៃធ្វើរថយន្តលក់នេះ ខាងមន្ទីរមិនបានធ្វើស្លាកលេខជូនទ្បើយ ពោលគឺជារថយន្តអត់មានពន្ធដាត្រឹមត្រូវ ហើយម្ចាស់រថយន្តគ្រាន់តែបង់ពន្ធផ្លូវជូនរដ្ឋប៉ុណ្ណោះ ប៉ុន្តែនៅឆាប់ៗខាងមុខ ខាងសាខាគយ និងរដ្ឋាករខេត្ត នឹងតម្រូវឱ្យម្ចាស់រថយន្តទាំងនោះបង់ពន្ធជូនរដ្ឋ ហើយធ្វើស្លាកលេខដូចរថយន្តនាំចូលស្របច្បាប់ដែរ ។
បើតាមប្រជាពលរដ្ឋបានលើកទ្បើងថា រថយន្តច្នៃ ហៅក្របីយន្តនេះ ឧស្សាហ៍ឃើញកើតមានគ្រោះថ្នាក់ក្រទ្បាប់ជាញឹកញាប់នៅរដូវប្រមូលផលពោត និងដំទ្បូងមីម្តងៗ បណ្តាលឱ្យមានស្លាប់ និងរបួសជាបន្តបន្ទាប់ ព្រោះតែការផលិតរថយន្តទាំងនេះ អត់មានការត្រួតពិនិត្យពីមន្ត្រីជំនាញណាមួយឱ្យបានត្រឹមត្រូវ ដោយជាងច្នៃតម្រូវតាមបច្ចេកទេសខ្លួនឯងប៉ុណ្ណោះ ។ ចំណែកអ្នកបើកបររថយន្តនេះវិញ ភាគច្រើនក៏អត់ចេះច្បាប់ចរាចរណ៍ដែរ គឺចេះបើកបរតាមគ្នាប៉ុណ្ណោះ ពិសេសខណៈបើកបរនៅលើផ្លូវលំ ឬផ្លូវជាតិ អ្នកបើកបររថយន្តនេះបត់ឆ្វេង ស្តាំ ដោយគ្មានបើកភ្លើងស៊ីញ៉ូប្រាប់សញ្ញាឱ្យបានត្រឹមត្រូវទ្បើយ ហើយក៏ប៉ះពារនិងបុកគ្នា ក្រទ្បាប់ស្ទើររាល់ឆ្នាំ ។
ប្រភពបន្តទៀតថា តាមការសង្កេតមើលទៅ គេឃើញនៅតាមយានដ្ឋានជាច្រើនកន្លែងក្នុងក្រុងប៉ៃលិន សម្បូរទៅដោយរថយន្តច្នៃទាំងនេះណាស់ តែគេមិនធ្លាប់ឃើញខាងមន្ទីរជំនាញចុះពិនិត្យ ឬណែនាំម្ចាស់យានដ្ឋានទ្បើយ ។ ប្រជាពលរដ្ឋសំណូមពរឱ្យខាងមន្ទីរពាក់ព័ន្ធមេត្តាចុះពិនិត្យបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបង្កគ្រោះថ្នាក់ចរាចរណ៍ចំពោះខ្លួនឯង និងប៉ះពាល់ដល់អ្នកធ្វើដំណើរនៅលើផ្លូវជាមួយ ។
លោក ឌឹន គឹម ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២២ តុលា ២០១៥ ថា ខាងមន្ទីរមិនបានចេញលិខិតឱ្យម្ចាស់យានដ្ឋានណាមួយដំឡើងរថយន្តខ្លួនឯងទ្បើយ ។ តាមពិត ជាទូទៅគ្រាន់តែចុះឈ្មោះយានដ្ឋានឱ្យជួសជុលយានយន្តប៉ុណ្ណោះ ប៉ុន្តែពួកគាត់បែរជាដំឡើងរថយន្តច្នៃដាក់លក់ទៅវិញ ។ ដូច្នេះ ខាងមន្ទីរនឹងចុះត្រួតពិនិត្យបញ្ហាបច្ចេកទេសយានយន្ត ដូចជាភ្លើងស៊ីញ៉ូ សាក់ស៊ី តួម៉ាស៊ីន និងលក្ខណៈផ្សេងៗទៀតនៅថ្ងៃខាងមុខ ។ លោកបន្តទៀតថា នៅក្នុងការប្រជុំនៅក្រសួង តែងតែមានការលើកទ្បើងអំពីបញ្ហានេះ មិនមែនតែនៅខេត្តប៉ៃលិនប៉ុណ្ណោះទេ ពោលគឺស្ទើរតែគ្រប់ខេត្ត ក្រុង ដែលម្ចាស់យានដ្ឋានបានដំឡើងរថយន្តច្នៃនេះទ្បើង ។
លោកប្រធានមន្ទីរបញ្ជាក់ទៀតថា រថយន្តច្នៃហៅក្របីយន្តនេះ មានលក្ខណៈប្រសើរជាងគោយន្តកន្ត្រៃដែលអត់មានភ្លើងបំភ្លឺត្រឹមត្រូវ ។ ចំពោះរថយន្តច្នៃមិនអាចបង់ពន្ធកើតទ្បើយ ព្រោះគ្រឿងបន្លាស់នាំមកសុទ្ធតែបង់ពន្ធ លុះគាត់យកមកច្នៃ ដាក់កង់ផ្សេង សាក់ស៊ីផ្សេង ។ រថយន្តច្នៃភាគច្រើននាំចូលមកពីខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង និងស្ទើរតែទូទាំងប្រទេស ហើយខាងលោកនឹងរឹតបន្តឹងលើវិធានការដំឡើងរថយន្តខុសបច្ចេកទេសបែបនេះ ៕





ចែករំលែកព័តមាននេះ