រាជធានីភ្នំពេញ ៖ ហ្គេមបាញ់ត្រីកំពុងតែរីកដុះដាលពេញបន្ទុកនៅក្នុងខណ្ឌទួលគោក ខណៈពេលដែលខណ្ឌនានាត្រូវបានបង្ក្រាបជាបន្តបន្ទាប់ ជាក់ស្តែងហ្គេមបាញ់ត្រីជាច្រើនកន្លែងកំពុងតែបើកលេងយ៉ាងរំភើយតាមបណ្តោយផ្លូវលេខ២៧១ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ពុំត្រូវបានអាជ្ញាធរខណ្ឌទួលគោកចុះបង្ក្រាបឡើយ ។ ក្រៅពីនោះនៅមានហ្គេមបាញ់ត្រីផ្ទះលេខ៤៥ ផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក បានបើកលេងយ៉ាងរលូនផងដែរ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ហ្គេមបាញ់ត្រីទាំងនោះមានម្ចាស់ ឈ្មោះ វាហា និងឈ្មោះ ហ៊យ បានបើកលេងជាយូរមកហើយពុំដែលត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក ចុះបង្ក្រាបឡើយ ទន្ទឹមនោះម្ចាស់បានដើរអួតប្រាប់ក្រុមអ្នកលេងថានាំគ្នាមកលេងទៅផ្ទះរបស់គាត់មក សមត្ថកិច្ចមិនចាប់ទេ ព្រោះគាត់(ម្ចាស់)រត់ការបង់ប្រាក់ដល់អធិការខណ្ឌ និងអភិបាលខណ្ឌទួលគោកអស់ហើយ ។ ប្រភពព័ត៌មានឲ្យដឹងទៀតថា នៅក្នុងខណ្ឌទួលគោកជាសំបុកហ្គេមបាញ់ត្រី ដែលមានច្រើនជាងគេក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះថៅកែហ្គេមបាញ់ត្រីខ្លះម្នាក់ឯងមានរហូតជិត២០កន្លែងដែលបានដំណើរការដោយអត់ច្បាប់ និងដោយរលូន ពុំដែលត្រូវបានបង្ក្រាបឡើយ ព្រោះម្នាក់ៗសុទ្ធតែត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរអស់ហើយ មិនតែប៉ុណ្ណោះថៅកែហ្គេមបាញ់ត្រីដ៏មានអំណាចទាំងនោះត្រូវបានគេចោទប្រកាន់ថា បានប្រើអាជ្ញាធរឲ្យចុះបង្ក្រាបហ្គេមអ្នកដ៏ទៃដែលនៅក្បែរខ្លួនទៀតផង ដូចជាកាលពីល្ងាចថ្ងៃទី២២ តុលា ២០១៥ ផ្ទះហ្គេមមួយកន្លែងនៅតាមផ្លូវលេខ២៥៥ កែងផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ត្រូវបានអាជ្ញាធរខណ្ឌទួលគោកចុះបង្ក្រាប ខណៈពេលដែលផ្ទះហ្គេម២កន្លែងទៀតនៅក្បែរគ្នានោះកំពុងតែបើកលេងដែរ តែអាជ្ញាធរបែរជាធ្វើមើលមិនឃើញទៅវិញ ៕


ចែករំលែកព័តមាននេះ