ខេត្តសៀមរាប ៖ ជនបទេស២នាក់ត្រូវបានសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២២ តុលា ២០១៥ នៅការិយាល័យអន្តោប្រវេសន៍ខេត្ត ដោយចោទប្រកាន់ពីបទរំលោភលើលំនៅដ្ឋាន និងលួចមានស្ថានទម្ងន់ទោស តាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាជនជាតិអង់គ្លេសកាលពីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ ។
លោក ចៅ ម៉ៅវីរៈ ស្នងការរង ទទួលការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ «កោះសន្តិភាព» នៅរសៀលថ្ងៃទី២៣ តុលា ២០១៥ ថា ជនបរទេសទាំង២នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ Eglitis Guido James ភេទប្រុស អាយុ៦៨ឆ្នាំ ជាជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ E៤០៥៣៦៥០ ចុះថ្ងៃទី២៩ មិនា ២០១១ ស្នាក់នៅផ្ទះជួលក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងម្នាក់ទៀតមានឈ្មោះ Brett Michael Hastie ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិញ៉ូហ្សេលែន មានមុខរបរម៉ៅការសំណង់ កាន់លិខិតឆ្លងដែនមិនច្បាស់លាស់ព្រោះបានយកទៅបន្តវីសានៅភ្នំពេញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ព្រមទាំងដកហូតបានម៉ាស៊ីនថតរូប១ និងលិខិតឆ្លងដែន១ ។
លោក ចៅ ម៉ៅវីរៈ បន្តទៀតថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ដេវីដ ស្កុតឆ័រ (David Scotcher) ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិអង់គ្លេស មុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស ដែលមានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កម្លាំងជំនាញក៏បានកោះហៅជនបរទេស២នាក់យកមកសួរនាំនៅក្នុងការិយាល័យអន្តោប្រវេសន៍តាមពាក្យបណ្តឹងរឿងសម្លុតគំរាម និងទះកំភ្លៀងជនរងគ្រោះដល់ក្នុងផ្ទះ រួចក៏ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យជាជនបរទេសទាំង២នាក់ត្រូវបានកម្លាំងជំនាញការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២៣ តុលា ២០១៥ ដើម្បីចាត់ការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ