ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៣ តុលា ២០១៥ នៅចំណុចគីឡូចែក ស្ថិតក្នុងភូមិទី៣ ឃុំបំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតបានថ្នាំញៀន១៣កញ្ចប់ ក្នុងនោះមានធំ២កញ្ចប់ផងដែរ ។
ជនសង្ស័យទាំង៣នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ១-ឈ្មោះ សារឿន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ, ២-ឈ្មោះ ហ៊ុន សារឿន ភេទប្រុស អាយុ៦៧ឆ្នាំ និង៣-ឈ្មោះ យិន ម៉ូលីកា ភេទស្រី អាយុ២៣ឆ្នាំ ។ ទាំង៣នាក់រស់នៅភូមិទី៣ ឃុំបំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ត្រី ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានឱ្យដឹងថា ក្រោយពីកម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានស៊ើបអង្កេតដឹងថា នៅផ្ទះរបស់ឈ្មោះ សារឿន សុជាតិ ជាមុខសញ្ញាចែកចាយ ជួញដូរថ្នាំញៀនដ៏សកម្មនៅក្នុងចំការកៅស៊ូជាច្រើនខែមកហើយ ក៏បានប្រើវិធីញុះញង់ទិញថ្នាំញៀនចំនួន៤កញ្ចប់ តម្លៃ៤០ដុល្លារនាយប់ថ្ងៃទី២២ តុលា ២០១៥ ស្របពេលដែលប្រគល់ទទួលនោះ ក៏ត្រូវបានឃាត់ខ្លួនតែម្តង ។ លុះព្រឹកឡើង ថ្ងៃទី២៣ តុលា រូបលោកបានសុំគោលការណ៍ពីលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូង ដើម្បីសុំឆែកឆេរលំនៅឋាន ។ ក្នុងពេលដែលឆែកឆេរ កម្លាំងសមត្ថកិច្ចបានរកឃើញថ្នាំញៀន៧កញ្ចប់លាក់នៅពីក្រោមកន្ទេល ចំណែក២កញ្ចប់ទៀតត្រូវបានម្ចាស់ផ្ទះបោះចោលតាមបង្អួចមកខាងក្រៅផ្ទះដើម្បីបំបាត់ភស្តុតាង តែទោះជាបែបនេះក្តីសមត្ថកិច្ចបានរកឃើញ ។ ព្រមទាំងបានឃាត់មនុស្ស២នាក់ទៀតក្នុងនោះ ១-ឈ្មោះ ហ៊ុន សារឿន និង២-ឈ្មោះ យិន ម៉ូលីកា បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីសួរនាំរកមេខ្លោងដែលនៅពីក្រោយខ្នងនោះ ។
លោកវរសេនីយ៍ត្រី ហុង គឹមហឿន បញ្ជាក់ថា វត្ថុតាងថ្នាំញៀនដែលដកហូតបានសរុបទាំងអស់១៣កញ្ចប់ ហើយរូបលោកនឹងបន្តស្រាវជ្រាវតាមចាប់បក្ខពួកមួយចំនួនទៀតយកមកផ្តន្ទទោសតាមច្បាប់ ហើយកន្លងទៅថ្មីៗនេះរូបលោកក៏បានតាមចាប់មេខ្លោងជួញដូរគ្រឿងញៀនដល់ខេត្តក្រចេះ ថែមទាំងដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់ រួមមានទាំងអាវុធខ្លីផងដែរ ។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្ត កម្លាំងសមត្ថកិច្ចតាមបណ្តាលស្រុក-ក្រុងនៅត្រើយខាងកើតទន្លេមេគង្គបានបើយុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះជាហូរហែលើផ្លូវជាតិលេខ៧ និងផ្លូវលំនានាផងដែរ ៕






ចែករំលែកព័តមាននេះ