ខេត្តសៀមរាប ៖ នគរបាលប្រឆាំងគ្រឿងញៀខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍សង្កាត់មូលដ្ឋាន ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៨នាក់នៅ២សង្កាត់ផ្សេងគ្នាក្នុងក្រុងសៀមរាប ខណៈពួកគេកំពុងចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ ដែលហេតុការណ៍នេះធ្វើឡើងកាលពីថ្ងៃទី២២ តុលា ២០១៥ ស្ថិតក្នុងសង្កាត់ស្លក្រាម និងសង្កាត់គោកចក ក្រុងសៀមរាប ។
ប្រភពពីនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់«កោះសន្តិភាព»ថា ជនសង្ស័យទាំង៨នាក់ដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ ធី សុភាព ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប(ជួញដូរ), ២-ឈ្មោះ មឿន ស្រីមុំ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប(ចាត់ចែងឱ្យប្រើប្រាស់), ៣-ឈ្មោះ អ៊ុក សុផារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ចាត់ចែងឱ្យប្រើប្រាស់), ៤-ឈ្មោះ សាយ សុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុនមោគ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (សម្រួលឱ្យប្រើប្រាស់), ៥-ឈ្មោះ ចេង នីតា ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ចាត់ចែងឱ្យប្រើប្រាស់), ៦-ឈ្មោះ កៅ សុហេង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ចាត់ចែងឱ្យប្រើប្រាស់), ៧-ឈ្មោះ អ៊ុក សុខលីសាលា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប(ចាត់ចែងឱ្យប្រើប្រាស់) និង៨-ឈ្មោះ ហៀម ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប (ជួញដូរ) ។
លោកបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការដកហូតបានវត្ថុតាងរួមមាន ទូរស័ព្ទដៃ១គ្រឿង, ម្សៅមេតំហ្វេតាមីន១កញ្ចប់ស្មើនឹងទម្ងន់១,៣ក្រាម, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ឡើងតែមឆ្នាំ២០១២ ពាក់ស្លាកលេខ 1D-8472 ចំនួន១គ្រឿង, ចានថ្ម១, ចង្ក្រានហ្គាសសម្រាប់ចំរាញ់គ្រឿងញៀនដែលប្រើរួច១ និងឧបករណ៍ច្នៃជក់មួយចំនួនផងដែរ ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៨នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៣ តុលា ២០១៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕





ចែករំលែកព័តមាននេះ