រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ តាមការអញ្ជើញរបស់លោកហ្វ្រង់ស្វ័រ ហូឡង់ ប្រធានាធិបតីនៃសាធារណរដ្ឋបារំាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង គណៈប្រតិភូជាន់ខ្ពស់អមដំណើរ នឹងអញ្ជើញចាកចេញពីប្រទេសកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារំាង នៅម៉ោង៧យប់ថ្ងៃទី២៤ តុលា ២០១៥ ។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជាបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ តុលា សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងជួបចរចាជាផ្លូវការជាមួយលោកប្រធានាធិបតីបារំាង ហ្វ្រង់ស្វ័រ ហូឡង់ និងជួបជាមួយលោក ឡូរ៉ង់ ហ្វាប៊ីយូស រដ្ឋមន្រ្តីការបរទេសនិងការអភិវឌ្ឍអន្តរជាតិបារំាង និងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនដូចខាងក្រោម ៖
០១-អនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារំាង។
០២-កិច្ចព្រមព្រៀង ស្តីពីការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ។
០៣-កិច្ចព្រមព្រៀង ស្តីពីការសាងសង់សាលាបណ្តុះបណ្តាលជាតិជំនាញទេសចរណ៍និងឧស្សាហកម្មសណ្ឋាគារនៅភ្នំពេញ និងខេត្តព្រះសីហនុ ។
០៤-កិច្ចព្រមព្រៀង ស្តីពីការតភ្ជាប់និងចែកចាយបណ្តាញអគ្គិសនីថ្មីនៅខេត្តកំពង់ចាម ក្រចេះ និងខេត្តកោះកុង ។
០៥-កិច្ចព្រមព្រៀង ស្តីពីការប្តូរបញ្ញើវត្ថុសិល្បៈ ។
០៦-កិច្ចព្រមព្រៀង ស្តីពីកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
សេចក្តីជូនព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសបារំាងនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយនិស្សិត និងជនរួមជាតិកម្ពុជាពីគ្រប់ទីកន្លែងក្នុងប្រទេសបារំាងនៅទីក្រុងប៉ារីសផងដែរ ៕
ចែករំលែកព័តមាននេះ