ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ស្វាយ​មាន​ទំហំ​ទឹកប្រាក់​កើន​រហូត​ដល់​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​កម្ពុជា​ទទួល​បានការ​ឯកភាព និង​ឈាន​ដល់​ការ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ លើ​ពិធីសារ​ស្តី​ពី​«​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ក៏​ដូច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ផ្សេង​ទៀត​នាគ្រា​បន្ទាប់ បើ​គិត​ជា​ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​ស្វាយ​ស្រស់​នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២១​នេះ​មាន​រហូត​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចេញ​នៅ​ឆ្នាំ​២០២០​កន្លង​មកនេះ​មាន​ត្រឹមតែ​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក​។…

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​កម្ពុជា​ទទួល​បានការ​ឯកភាព និង​ឈាន​ដល់​ការ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ លើ​ពិធីសារ​ស្តី​ពី​«​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ក៏​ដូច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ផ្សេង​ទៀត​នាគ្រា​បន្ទាប់ បើ​គិត​ជា​ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​ស្វាយ​ស្រស់​នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២១​នេះ​មាន​រហូត​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចេញ​នៅ​ឆ្នាំ​២០២០​កន្លង​មកនេះ​មាន​ត្រឹមតែ​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក​។

យោង​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៣​ខែ​ដំបូង​ឬ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២១​នេះ​ការ​នាំ​ចេញ​ស្វាយ​ទៅ​ក្រៅប្រទេស​មាន​ទឹកប្រាក់​ជាង​២,៧​លាន​ដុល្លារ​អា​មេ​រិ​ក ស៊ឹង​ស្មើ​និង​ទំហំ​នៃ​ការ​នាំ​ចេញ​ពេញ​មួយ​ឆ្នាំ​២០២០ មាន​តែ​ជាង​៣,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ​។

ផ្អែក​ទៅ​តាម​តួលេខ​សាច់ប្រាក់​នៃ​ការ​នាំ​ចេញ​នេះ គេ​អា​ចប​គាត់​សម្គាល់​បាន​ថា​ការ​នាំ​ចេញ​ស្វាយ​នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២១​នេះ​មានការ​កើនឡើង​ខ្ពស់ ហើយ​នៅ​គ្រា​បន្ទាប់​បើ មិន​មាន​បញ្ហា​ណាមួយ​ធ្វើ​អោយ ប៉ះពាល់​ទៅ​ដល់​តម្រូវការ​និង​ទីផ្សារ​ស្វាយ​នោះ​ទេ គេ​អាច​វាយតម្លៃ​ឬ​សន្និដ្ឋាន​បាន​ផង​ដែរ​ថា​គិត​ត្រឹមតែ​ត្រីមាស​ទី​២​ឆ្នាំ​២០២១​ទំហំ​ទឹកប្រាក់​សរុប អាច​ឈាន​ដល់​៥​លាន​ដុល្លារ​អា​មេ​រិ​ក​។

ពាក់ព័ន្ធ​និង​ការ​នាំ​ចេញ​និង​ការ​ដាំ​ដុះ​ស្វាយ​របស់​កម្ពុជា បើ​យោង​តាម ឯកឧត្តម វេ​ង​សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ធ្លាប់​បាន​បង្ហាញ​ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់ផ្តើម​ទំនាក់ទំនង​ចរចា​បើក​ទីផ្សារ​ជាមួយ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (GACC) តាំងពី​ដើមឆ្នាំ​២០១៨ នៅ​មុន​ពេល​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព អធិការកិច្ច និង​ច​ត្តា​ឡី​ស័ក (AQSIQ) ច្របាច់​ប​ញ្ជូ​ល​គ្នា​ជាមួយ GACC ហើយ​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ទើប​ទទួល​បានការ​ឯកភាព និង​ឈាន​ដល់​ការ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ លើ​ពិធីសារ​ស្តី​ពី​«​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​»​។ នៅ​ក្នុង​ខ្លឹមសារ​នៃ​ពិធី​សារបាន​កំណត់​ថា ស្វាយ​ដែល​ដាំ​ដុះ​ក្នុង​គោលបំណង​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន ត្រូវ​តែ​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ទទួលស្គាល់​ដោយ GACC ហើយ​គ្រប់​ចម្ការ​ស្វាយ​ដែល​ត្រូវ​បាន​ចុះបញ្ជី ត្រូវ​អនុវត្តន៍​ការ​ដាំ​ដុះ​តាម​គោលការណ៍​ការ​អនុវត្ត​កសិកម្ម​ល្អ (GAP) និង​ផ្លែស្វាយ​ដែល​នាំ​ចេញ​ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ (Vapor Heat Treatment – VHT) ឬ​ប្រព្រឹត្តិកម្ម​ទឹក​ក្តៅ (Hot Water Treatment – HWT) ដើម្បី​ធានា​ថា ផ្លែស្វាយ​ស្រស់​ទាំងនោះ ពុំ​ជាប់​ជាមួយ​នូវ​សមាសភាព​ចង្រៃ​ភូតគាម​អនាម័យ​ដូច​មាន​ចែង​ក្នុង​ពិធីសារ​។

តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថា អគ្គនាយកដ្ឋាន​កសិកម្ម បាន​ទទួល​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ចំនួន​៥៥​ក្រុមហ៊ុន​, ម្ចាស់​ចម្ការ​,​សហគមន៍​កសិកម្ម​។ អគ្គនាយកដ្ឋាន​កសិកម្ម ក៏​បាន និង​កំពុង​បន្ត​ទទួល​នូវ​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ចម្ការ​ស្វាយ​ជា​បន្តបន្ទាប់​ថែម​ទៀត​។

អគ្គនាយកដ្ឋាន​កសិកម្ម បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​តម្រង់​ទិស​ខាង​បច្ចេកទេស ពិនិត្យ និង​វាយតម្លៃ​លើ​កសិដ្ឋាន​ដែល​មាន​សក្តានុពល​ខ្ពស់ និង​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​បាន​ចំនួន ៣៧ និង​ទីតាំង​វេច​ខ្ចប់​ដែល​បាន​សាងសង់​រួចរាល់ ដោយ​បាន​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ (VHT) ចំនួន​២ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដោយ​ប្រើ​ទឹក​ក្តៅ (HWT) ចំនួន​៣ និង​បាន​ផ្ញើ​ជូន GACC កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ និង​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១​។

ឯកឧត្តម​លើក​ឡើង​ថា «​កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​នៃ GACC ប្រចាំ​ខេត្ត​ក្វា​ង​ស៊ី បាន​ដំណើរការ​ត្រួតពិនិត្យ​ចម្ការ​ស្វាយ និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​កម្តៅ​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ តាម​រយៈ​ប្រព័ន្ធ​វី​ឌី​អូ​។ ជា​លទ្ធផល បន្ទាប់​ពី​ការ​ចរចា​បើក​ទីផ្សារ​អស់​រយៈពេល​ជាង​៣​ឆ្នាំ នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ GACC បាន​អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន​៣៧ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​៥ ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ក្នុង​នោះ​៖ ១)-​ក្រុមហ៊ុន HYUNDAI MAO LEGACY CO., LTD; ២)-​ក្រុមហ៊ុន SHANGDA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC; ៣)-​ក្រុមហ៊ុន AL JAZEELAND FOOD PTE. LTD; ៤)-​ក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD និង​៥)-​ក្រុមហ៊ុន BOEUNG KET FRESH FRUITS CO., LTD» ។

ផ្លែស្វាយ​ស្រស់​កម្ពុជា​គឺ​ជ​ជា​ផ្លែ​ឈើ​ស្រស់​ទី​២​បន្ទាប់​ពី​ផ្លែ​ចេក​ស្រស់​ដែល​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ដោយ​ផ្ទាល់​។ នេះ​គឺជា​សមិទ្ធិ​ផល​ផ្លែផ្កា​ថ្មី​មួយទៀត​ដែល​ប្រ​សូត្រ​ចេញពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ