ខេត្តកំពង់ធំ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន រួមទាំងក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ នាថ្ងៃទី២៣ តុលា នេះ បានចូលរួមក្នុងពិធីបុណ្យព្រះសពព្រះគ្រូ លឿង ហ៊ុំ ព្រះវិន័យធរគណខេត្តកំពង់ធំ ព្រះអនុគណស្រុកបារាយណ៍ និងជាព្រះគ្រូចៅអធិការវត្តព្រៃតាត្រាវ ដែលបានទទួលអនិច្ចធម្ម កាលពីថ្ងៃទី១៩ តុលា ២០១៥ ក្នុងជន្មាយុ៧៧ព្រះវស្សា ដោយរោគាពាធ ។
សូមបញ្ជាក់ថា ព្រះគ្រូ លឿង ហ៊ុំ ជាបព្វជិតមួយព្រះអង្គដ៏ប្រពៃ ជាថ្នាក់ដឹកនាំក្នុងព្រះពុទ្ធសាសនាដ៏ជាទីគោរពបំផុតដែលបានបូជាជីវិតចំពោះព្រះពុទ្ធសាសនា និងបានដឹកនាំកសាងសមិទ្ធផលនានាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ការបាត់បង់ព្រះគ្រូអនុគណ និងជាព្រះចៅអធិការវត្តព្រៃតាត្រាវ គឺជាការបាត់បង់ធនធានដ៏សំខាន់ ក្នុងការដឹកនាំ អប់រំ ប្រៀនប្រដៅ តាមព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ សម្រាប់ចម្លងដល់គ្រហស្ថ ពុទ្ធសាសនិក និងផ្តល់នូវគំរូវីរភាពដល់កុលបុត្រ កុលធីតាជំនាន់ក្រោយរៀនសូត្រតាម ។
លោក ថោង ខុន រួមទាំងក្រុមការងារបានសម្តែងការសោកស្តាយ និងចូលរួមមរណទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពព្រះគ្រូ លឿង ហ៊ុំ និងបានឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធព្រះអង្គបានទៅសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ។ នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានចូលរួមជាបច្ច័យចំនួន៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់ពិធីបុណ្យព្រះសពផងដែរ ។
បន្ទាប់មក លោករដ្ឋមន្ត្រី រួមទាំងក្រុមការងារក៏បានចុះទៅជួបសំណេះសំណាលជាមួយគណៈកម្មការ និងកីឡាករទូកងចំនួន២ គឺ ១-ទូកងឈ្មោះ ចតុលោកតេជោសែនជ័យ ស្ថិតក្នុងវត្តចតុលោក និង២-ទូកង ឈ្មោះ ធនស័កតេជោសែនជ័យបារមីវត្តបាណក ស្ថិតក្នុងវត្តបាណក ដោយពាំនាំថវិកាមួយចំនួនដើម្បីផ្តល់ជូនគណៈកម្មការក្នុងការរៀបចំជួសជុល និងកែលម្អសោភ័ណភាពទូកទាំង២ ព្រមទាំងផ្តល់កម្លាំងចិត្តដល់កីឡាករទាំងអស់ ដើម្បីខិតខំអស់ពីកម្លាំងកាយចិត្តចូលរួមប្រកួតប្រជែងក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ ឲ្យទទួលបានជោគជ័យ ៕




ចែករំលែកព័តមាននេះ