ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធនៅភ្នំពេញ មានសកម្មភាពឡើងវិញក្រោយការបិទខ្ទប់បានបញ្ចប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃទី ៦ ខែឧសភានេះ ជាការបើកឲ្យដំណើរសកម្មភាពសេដ្ឋកិច្ច និងជីវភាពពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅឡើងវិញ ក្រោយពីបានអនុវត្តវិធានការបិទខ្ទប់រយៈពេល ២១…

រាជធានីភ្នំពេញ ៖ ថ្ងៃទី ៦ ខែឧសភានេះ ជាការបើកឲ្យដំណើរសកម្មភាពសេដ្ឋកិច្ច និងជីវភាពពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅឡើងវិញ ក្រោយពីបានអនុវត្តវិធានការបិទខ្ទប់រយៈពេល ២១ ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាជំងឺកូវីដ ១៩ ។ នៅថ្ងៃនេះ ទោះបីភូមិ ឬផ្នែកខ្លះនៅសង្កាត់មួយចំនួននៅក្នុងរាជធានីបានបន្តបិទខ្ទប់ក្តី ប៉ុន្តែជារួមទីក្រុងភ្នំពេញដែលបានស្ងប់ស្ងាត់ជិត ១ ខែមកនោះ ហាក់មានសភាពអ៊ូអរឡើងវិញ ។ នៅលើដងផ្លូវពលរដ្ឋ បើកបរយាន្តជំនិះគ្រប់ប្រភេទ ធ្វើដំណើរចេញពីផ្ទះ ធ្វើឲ្យដងផ្លូវនានានៅក្នុងទីក្រុងដែលធ្លាប់មានសភាពស្ងាត់ បែរជាមានសកម្មភាពរស់រវើកឡើងវិញ ហើយអាជីវកម្មតូចធំនៅលើដងផ្លូវបានបើកដំណើរជាប្រក្រតីជាមួយវិធានការពារ ដូចជាដាក់ទឹកអាកុលនៅមុខហាងដើម្បីលាងសម្អាតដៃ ហើយតាមផ្ទះ ឬកន្លែងប្រកបអាជីវកម្ម ក្រុមហ៊ុនតូចធំជាច្រើន បានហ៊ុំព័ទ្ធដោយខ្សែ ដើម្បីកុំឲ្យមនុស្សចូលជិតគ្នា ។

មិនថាជាវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធនោះទេ សូម្បីអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅព័ន្ធជាច្រើនទៀតក៍ចេញរកទទួលទានឡើងវិញដែល រាប់ទំាងអ្នកដើររើសអេតចាយតាមទីសាធារណៈ ។ លោក សុផល ពលរដ្ឋនៅក្នុងតំបន់ឃ្លំាងរំសូវ លើមហាវិថីម៉ៅស៊ីទុងនិយាយថា លោករីករាយនៅពេលឃើញសកម្មភាពអាជីវកម្មតូចធំបានបើកដំណើរឡើងវិញ ទោះបីកំណាត់ផ្លូវម៉ៅស៊ីទុងនេះ នៅម្តុំផ្សារដើមគរបន្តបិទខ្ទប់ក្តី ។ «កូនខ្ញុំអ្នកបើកអាជីវកម្មលាងរថយន្ត គ្នាបិទជិតមួយខែហើយ ចិញ្ចឹមបុគ្គលិកជាច្រើននាក់ ការបើកឲ្យដំណើរឡើងវិញនេះ ធ្វើឲ្យយើងអាចរកចំណូលបានវិញ ដើម្បីចិញ្ចឹមជីវិត» ។ ទោះបីជាយ៉ាងណាបុរសដែលមានវ័យជាង ៦០ ឆ្នាំរូបនេះ និយាយថា លោកមិនភ្លេចអនុវត្តវិធានការការពារកូវីដ ១៩ នោះឡើយ ។

ចំណែកលោក មុន្នី អ្នកលក់អាគុយនៅម្តុំទួលគោក ក៍បង្ហាញក្តីរីករាយនៅពេលភ្នំពេញ មានសកម្មភាពធ្វើដំណើរឡើងវិញ ។ អាជីវកររួបនេះនិយាយយ៉ាងក្តីថា អាជីវកម្មគាត់ អាចដំណើរការលុះត្រាពលរដ្ឋធ្វើដំណើរ ប្រើប្រាស់រថយន្ត ម៉ូតូ បើមិនមានការធ្វើដំណើរទេអាគុយរបស់គាត់លក់មិនដាច់ឡើយ ។

រដ្ឋាភិបាលបានសម្រេចបញ្ចប់វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅចាប់ពីថ្ងៃទី ៦ ឧសភានេះទៅបន្ទាប់ពីបានអនុវត្តវិធានការនេះតំាងពីថ្ងៃទី ១៥ មេសាមក ។ រដ្ឋបាលរាជធានីភ្នំពេញ បានបង្រួមតំបន់លឿនទុំ និងក្រហម ពង្រីកតំបន់លឿង ហើយបានអនុញ្ញាតឲ្យដំណើរអាជីវកម្មសឹងទំាងអស់ឡើងវិញ នៅក្នុងតំបន់លឿន លើកលែងតែរបរនិងអាជីវកម្មមួយចំនួន ដូចជាក្លឹបកម្សាន្ត ខារ៉ាអូខេ កន្លែងលក់ដូរគ្រឿងស្រវឹង និងលាលារៀនទំាងរដ្ឋ និងឯកជនជាដើមមិនទាន់ឲ្យដំណើរនោះទេ ។   

ទោះយ៉ាងណាមន្ត្រីសុខាភិបាលបានបន្តអំពាវនាវឲ្យពលរដ្ឋអនុវត្តវិធានការពារកូវីដ ១៩ កុំធ្វេសប្រហែសឲ្យសោះ ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីប៉ុន្មានថ្ងៃមុននេះ បានលើកឡើងថា ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩ ការស្នាក់នៅក្នុងផ្ទះ កុំចេញពីផ្ទះបើមិនចំាបាច់ ជាមួយនឹងការនាំគ្នាចាក់វ៉ាក់សំាង គឺជាអាវក្រោះដ៍សំខាន់នៅក្នុងការការពារកុំឲ្យឆ្លងជំងឺកូវីដ ១៩ បាន ។ លោកស្រីបានបញ្ជាក់ថា បើពលរដ្ឋមិនចង់ឲ្យវិធានការបិទខ្ទប់វិលមកវិញទេ គួរនាំគ្នាការពារឲ្យហ្មត់ចត់បំផុតកុំធ្វេសប្រហែសឲ្យសោះ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ៣កុំ ៣ការពារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ