យោងតាម YONHAP ថា តំណាងកូរ៉េខាងត្បូងចូលរួមក្នុងការចរចា៦ភាគី លោក HWANG JOON KOOK អះអាងកាលពីថ្ងៃទី២៣ តុលា ថា ត្រៀមជួបជាមួយមន្ត្រីកូរ៉េខាងជើងទទួលបន្ទុកសំណុំរឿងនុយក្លេអ៊ែរ ដោយគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចប្រជុំអន្តរកូរ៉េមួយ ដើម្បីពិភាក្សាពីបញ្ហានុយក្លេអ៊ែរ ។
ក្នុងសន្និសីទអន្តរជាតិមួយដែលមានប្រធានបទ «បើកទំព័រថ្មី ៈ តើផ្នែកការទូតកូរ៉េស្ថិតនៅទីណា?» រៀបចំធ្វើឡើងដោយវិទ្យាស្ថានកិច្ចការបរទេស និងសន្តិសុខជាតិ IFANS នាឱកាសខួបលើកទី៧០ នៃការរំដោះឧបទ្វីបកូរ៉េចូលរួមដោយអ្នកការទូត និងអ្នកជំនាញការបរទេសជាច្រើនរូប លោក HWANG JOON KOOK ថ្លែងថា យើងមានចេតនាជួបជាមួយមន្ត្រីកូរ៉េខាងជើងមួយរូបទទួលខុសត្រូវខាងបញ្ហានុយក្លេអ៊ែរ ទោះជានៅពេលណា ឬកន្លែងណាក្តី ។ លោកបន្តថា តាមរយៈការជួបគ្នាទ្វេភាគីបែបនេះ កូរ៉េទាំង២នឹងអាចជម្នះរាល់ការខ្វែងគំនិតគ្នា ដែលហាក់ដូចជាពុំអាចកត់បន្ថយ ហើយស្វែងរកការព្រមព្រៀងគ្នាបន្តិចម្តងៗ ។
ដោយសរសើរចំពោះការប្រព្រឹត្តទៅដោយល្អនៃការជួបជុំសាច់ញាតិគ្រួសារដែលព្រាត់គ្នា លោក HWANG សម្តែងនូវក្តីសង្ឃឹមថានឹងឃើញការអនុវត្តដោយល្អប្រសើរទៀតនៃកិច្ចព្រមព្រៀងអន្តរកូរ៉េ ថ្ងៃទី២៥ សីហា ដែលរួមចំណែកកែលម្អទំនាក់ទំនងអន្តរកូរ៉េ ហើយបង្កើតបរិយាកាសឆ្ពោះទៅរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។
ប្រមុខអ្នកចរចាសំណុំរឿងនុយក្លេអ៊ែររូបនេះយល់ថា វិធានការដំបូងដែលកូរ៉េខាងជើងត្រូវចាត់ គឺបញ្ឈប់បណ្តាសកម្មភាពនុយក្លេអ៊ែរនៅប្លុក YONGBYON ។ យើងស្នើដល់កូរ៉េខាងជើងបង្ហាញគំនិតយ៉ាងប្រាកដប្រជាមួយនៃសភាពការណ៍ក្នុងស្រុក និងក្រៅស្រុក ហើយចាប់ផ្តើមពិភាក្សា និងចរចាដោយស្មោះស្ម័គ្រជាមួយបណ្តាប្រទេសជាសមាជិកក្រុមចរចា៦ភាគី ៕
ចែករំលែកព័តមាននេះ