ខេត្តមណ្ឌលគិរី ៖ កម្លាំងចម្រុះដែលដឹកនាំដោយលោកស្រី អាយស៊ី សុគន្ឋារី អភិបាលរងខេត្ត និងលោកសូ សុវិទ្យា ព្រះរាជអាជ្ញារងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបសកម្មភាពរុករករ៉ែមាសខុសច្បាប់នៅចំណុចអូរងេះ ស្ថិតនៅភូមិសាស្ត្រឃុំក្រង់តេះ ស្រុកពេជ្រាដា កាលពីម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២២ តុលា ២០១៥។
យោងតាមការឆ្លើយបំភ្លឺពីឈ្មោះ អ៊ុង សុខជា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរដែលមានទីលំនៅបច្ចុប្បន្នភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យថា ការកកាយយករ៉ែនៅក្នុងក្រុមហ៊ុន G-M-Gរូបលោកចាប់ផ្តើមមកធ្វើរ៉ែនៅក្នុងដីក្រុមហ៊ុនប្រហែលបានមួយខែហើយ ដោយរូបលោកបានទំនាក់ទំនងជាមួយលោក ស៊ីណា ជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនរ៉ែនេះ ហើយនៅក្នុងការធ្វើរ៉ែមានកម្មករចំនួន៥នាក់ ក្នុងមួយថ្ងៃបានកំរ៉ៃ៥០.០០០រៀល។
ក្នុងសកម្មភាពចុះបង្ក្រាបនេះក្រុមកាងារចម្រុះបានរឹបអូសវត្ថុតាងបានមួយចំនួន រួមមានគោយន្ដចំនួន០៣គ្រឿង ត្បាល់កិនសម្រាប់បំបែកលោហៈ ចំនួន០១គ្រឿង និងមនុស្សចំនួន៦នាក់ត្រូវបានឃាត់ខ្លូនឲ្យធ្វើកិច្ចបញ្ឈប់សកម្មភាព និងឲ្យវិលត្រលប់ទៅផ្ទះវិញ ។
វត្ថុតាងនេះត្រូវបានយកមករក្សាទុកនៅមន្ទីរ៉ែ និងថាមពលខេត្ត ដើម្បីកសាងសុំណុំរឿងបញ្ជួនទៅតុលាការចាត់ទៅតាមនិតិវិធីច្បាប់។
យោងតាមឯកសាររបស់ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ក្រុមហ៊ុនG-M-Gខាងលើមិនទាន់មានសិទ្ធិក្នុងការជីកយករ៉ែមាសទេ គឺគ្រាន់តែមានសិទ្ធិក្នុងការសិក្សាសមិទ្ធផលលទ្ធភាពសេដ្ឋកិច្ចជម្រករ៉ែលោហៈ និងផលប៉ះពាល់បរិស្ថាននៅក្នុងការធ្វើអាជីវកម្មរ៉ែលោហៈនៅលើផ្ទៃដីដែលបានកំណត់ តែដោយមានសកម្មភាពលួចជួលដីតំបន់សិក្សារករ៉ែឲ្យទៅអ្នកដទៃដើម្បីជីកលុងរករ៉ែអនាធិបតេយ្យទើបបានជាអាជ្ញាធរខេត្តចុះទៅបង្ក្រាបយ៉ាងដូច្នេះ។
ចំណែកលោក ឌី ស៊ីណា ជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនរ៉ែនោះ កោះសន្តិភាពពុំអាចសុំការបំភ្លឺបានទេ កាលពីព្រឹកថ្ងៃទី២៣ តុលា នេះ៕












ចែករំលែកព័តមាននេះ