ពួកអ្នកឧតុនិយមរាយការណ៍កាលពីយប់ថ្ងៃទី២២ តុលា ថា ព្យុះសង្ឃរាឈ្មោះ PATRICIA ស្ថិតក្នុងចំណាត់ថ្នាក់ព្យុះកម្រិតទី៥ ជាមហាព្យុះខ្លាំងបំផុត និងបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរបានបោកបក់មកដល់ជិតឆ្នេរសមុទ្រម៉ិចស៊ិកហើយ ។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យខ្យល់ព្យុះអាេមរិកមានមូលដ្ឋាននៅក្រុងម៉ៃអាមីថា ព្យុះនេះបច្ចុប្បន្នស្ថិតនៅភាគនិរតីកំពង់ផែ MANZANILLO ជាមួយកម្លាំងខ្យល់ដល់ល្បឿន២៦០គីឡូម៉ែត្រក្នុង១ម៉ោង ។ ព្យុះនេះបោកបក់ដល់ឆ្នេរសមុទ្រម៉ិចស៊ិកនារសៀលថ្ងៃទី២៣ តុលា ឬនាពេលល្ងាចថ្ងៃនោះក្នុងរដ្ឋ JALISCO ជាប់រដ្ឋ COLIMA ។ តំបន់នេះមានជាពិសេសកំពង់ផែ MANZANILLO ដ៏សំខាន់មួយ និងទីក្រុងទេសចរណ៍ PUERTO VALLATA ដែលអាចរងការប៉ះពាល់ដោយផ្ទាល់ ។
មជ្ឈមណ្ឌលត្រួតពិនិត្យខ្យល់ព្យុះក្រុងម៉ៃអាមី គូសបញ្ជាក់ថា ព្យុះសង្ឃរានេះនឹងចុះថយកម្លាំងនាថ្ងៃទី២៣ តុលា ក៏ប៉ុន្តែនៅតែមានគ្រោះថ្នាក់ខ្លាំងបំផុត អាចបង្កគ្រោះមហន្តរាយធំ ។
ហាងទំនិញជាច្រើនបានបិទទ្វារ រួចហើយនៅ MANZANILLO ចំណែកភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងលើទីក្រុងនោះ ៕
ចែករំលែកព័តមាននេះ