រាជធានីភ្នំពេញ ៖ លោក សុខ វិជ័យ ជាគ្រូបង្ហាត់ដ៏មានបទពិសោធន៍មួយរូបនៅក្នុងក្លិបប្រដាល់ឃ្លាំងមឿងកីឡា បានប្រាប់ភ្នាក់ងារកោះសន្តិភាពឱ្យដឹងកាលពីពេលថ្មីៗនេះថា លោកចង់ប្ដូរឈ្មោះក្លិបឃ្លាំងមឿងកីឡារបស់លោក ទៅជាក្លិបខេត្តត្បូងឃ្មុំមានឫទ្ធិវិញ ប៉ុន្តែនេះគ្រាន់តែជាគម្រោងប៉ុណ្ណោះ ឯភាពជាក់ស្ដែងយ៉ាងណានោះទាល់តែធ្វើពាក្យស្នើសំុទៅប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាជាមុនសិន ។
លោកបញ្ជាក់ថា មូលហេតុដែលលោកមានគម្រោងចង់ប្ដូរឈ្មោះក្លិបបែបនេះ ដោយសារតែរយៈពេលជាង១០ឆ្នាំមកហើយ អត់មានអ្នកណាអើពើឬផ្ដល់ជំនួយដល់ក្លិបលោកបន្តិចសោះ។ លោកជ្រើសយកឈ្មោះថ្មីនេះដោយសារតែមានមន្ត្រីថ្នាក់ខេត្តត្បូងឃ្មុំមួយរូបចង់ជួយជ្រោមជ្រែងក្លិបលោក ។
លោកសុខ វិជ័យ គឺជាអតីតកីឡាករប្រដាល់មួយរូបដែលធ្លាប់ប្រឡូកនៅក្នុងវិស័យកីឡាប្រដាល់ជាច្រើនឆ្នាំមកហើយ ។ ប៉ុន្តែការចាប់យកអាជីពជាអ្នកប្រដាល់នេះមិនធ្វើឱ្យលោកមានបាននោះទេ ឱ្យតែហូបគ្រប់សម្រាប់មួយថ្ងៃទៅមួយថ្ងៃនោះគឺល្អណាស់ទៅហើយ ។ទោះជាយ៉ាងណាលោកនៅតែស្រឡាញ់វិស័យកីឡាមិនបោះបង់ចោលឡើយ មិនតែប៉ុណ្ណោះរហូតមកទល់នឹងពេលនេះ លោកថែមទាំងបានបណ្ដុះបណ្ដាលកីឡាករ ចិញ្ចឹមកីឡាករដែលក្រីក្រខ្វះទីជម្រកជាច្រើននាក់ទៀតផង ។ ការបើកក្លិបប្រដាល់នេះគឺជាការរួមចំណែកមួយយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ជួយដល់យុវជនដែលគ្មានការងារធ្វើ និងយុវជនដែលតែងតែប្រព្រឹត្តអំពើមិនល្អ ឱ្យងាកមកលេងកីឡាវិញ ។ កត្តាទាំងនេះគឺជាចំណុចសំខាន់ខ្លាំងណាស់ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចង់បាន ព្រោះថាយុវជនគឺជាទំពាំងស្នងឫស្សី យុវជនគឺជាសសរទ្រូងប្រទេសជាតិ ។ អ្នកណាក៏ដឹងដែរថា អ្នកស្រឡាញ់កីឡា គឺគ្មានធ្វើមានធ្វើបានដោយសារកីឡានោះទេ ប៉ុន្តែដោយសារតែលោកចង់ថែរក្សាកេរដំណែលវប្បធម៌ដូនតារបស់យើងឱ្យបានគង់វង្សទុកសម្រាប់កូនចៅជំនាន់ក្រោយ ទោះជាលំបាកយ៉ាងណាក៏ចេះតែទ្រាំទៅ ។ លោកក៏មិនខុសពីគ្រូចាស់ៗមួយចំនួនដែរ គឺសុទ្ធតែស្រឡាញ់កីឡាទាំងអស់គ្នា និងចង់រួមចំណែកថែរក្សានិងលើកស្ទួយវិស័យកីឡាប្រដាល់ខ្មែរយើងឱ្យកាន់តែមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ ។
ជាមួយគ្នានេះ លោកសុខ វិជ័យ បានរិះគន់ថ្នាក់ដឹកនាំនៅក្នុងសហព័ន្ធមួយចំនួនដែលរស់ដោយសារកីឡា បែរជាមានចរិតមិនល្អ និយាយបែបមាក់ងាយថា«អ្នកបើកក្លិបកីឡាប្រដាល់សុទ្ធតែជាអ្នកក្រ» ។ លោកថា បើដឹងថាគ្នាក្រហើយចាំបាច់ថាឱ្យគ្នាធ្វើអី ព្រោះសម្ដីបែបនេះមិនសមជាអ្នកដឹកនាំវិស័យកីឡាឡើយ។ ពាក្យចាស់ពោលថា «បើមិនជួយចូកជួយចែវទេ កំុយកជើងរាទឹក» បើមិនបានជួយអ្វីគ្នាទេគ្រាន់តែប្រើសម្ដីលើកសរសើរមួយម៉ាត់ គឺគ្នាអរណាស់ទៅហើយ ។ បច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ធ្វើយ៉ាងណាឱ្យវិស័យកីឡាប្រដាល់មានការរីកចម្រើន ។ លោកតែងណែនាំដល់មន្ត្រីថ្នាក់ក្រោម ក៏ដូចជាតាមបណ្ដាក្លិបនានា ឱ្យខិតខំយកចិត្តទុកដាក់ក្នុងការបំផុសក្មេងជំនាន់ក្រោយឱ្យចូលរួមហ្វឹកហាត់ឱ្យបានច្រើន សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ ដូច្នេះយើងទាំងអស់គ្នា មិនត្រូវធ្វើអ្វីឱ្យមានការរាំងស្ទះដល់ដំណើរការអភិវឌ្ឍវិស័យកីឡាប្រដាល់នេះឡើយ ៕
ចែករំលែកព័តមាននេះ