ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ដែលស្គាល់ថា ជាមន្ត្រីមន្ទីរសុខាភិបាលខេត្តរតនគិរីត្រូវរថយន្តបែនដឹកដីបើកបុកពេលកំពុងជិះម៉ូតូតាមផ្លូវបណ្តាលឱ្យដួលកៀបដៃជាមួយម៉ូតូជាប់នៅក្រោមកង់រថយន្ត ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី២៣ តុលា ២០១៥ នៅចំណុចកើតហេតុទល់មុខមន្ទីរសម្រាកព្យាបាលយីហោសុខហេង ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារជនរងគ្រោះកៀបជាប់ដៃនៅក្រោមរថយន្ត។ ទាក់ទិននឹងរឿងគ្រោះថ្នាក់ចរាចរណ៍នេះដែរ ត្រូវបានសាច់ញាតិនៅកន្លែងកើតហេតុឱ្យអ្នកព័ត៌មានដឹងថា ជនរងគ្រោះមានឈ្មោះ ងួន ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ មុខរបរមន្ត្រីមន្ទីរសុខាភិបាលខេត្តរតនគិរី មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកសង់C125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ស្លាកលេខម៉ូតូខេត្តរតនគិរី 1B-2243 ជិះម្នាក់ឯងចេញពីផ្ទះបំណងទៅផ្សារបានលុងមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-7518 ដឹកដី ដឹកថ្ម បើកបញ្ច្រាសទិសគ្នាមានល្បឿនយ៉ាងលឿនបានរេចង្កូតទៅបុកម៉ូតូអូសប្រហែល១០ម៉ែត្របណ្តាលឲ្យធ្លាក់ទៅចំណីផ្លូវខាងធ្វេងដៃ រួចតៃកុងរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ និងជនរងគ្រោះកៀបជាប់ដៃខាងស្តាំនៅក្រោមរថយន្តអស់រយៈពេលជិត១ម៉ោង ទើបប្រជាពលរដ្ឋធ្វើដំណើរជាច្រើនអ្នកបាននាំគ្នារត់ទៅពឹងឱ្យជាងរថយន្តដូយគាស់កង់រថយន្តឡើងទើបយកជនរងគ្រោះបាន ហើយដឹកតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ។
ជនរងគ្រោះបានរងរបួសពេញខ្លួន និងបាក់ដៃស្តាំ តែសំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិតទេ ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តនេះបើកមានល្បឿនយ៉ាងលឿនពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបើកបុករថយន្តដែលចតនៅស្ងៀម ហើយរេចង្កូតមកបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងតែម្តងបណ្តាលឲ្យរថយន្តបង្កហេតុនេះធ្លាក់កញ្ចក់មកដល់ដី។
រថយន្តខាងលើនេះត្រូវបានពាក់យីហោនៅកញ្ចក់មានឈ្មោះថា ដេប៉ូលក់គ្រឿងសំណង់ទួលបឹងកំសាន្ត ត្រូវបានគេដឹងថាថៅកែឈ្មោះ ថន៕




ចែករំលែកព័តមាននេះ