កងទាហានអាមេរិក និងពួកយុទ្ធជនឃើតអីុរ៉ាក់កាលពីថ្ងៃទី២២ តុលា បានធ្វើប្រតិបត្តិការវាយលុកមួយលើពន្ធនាគារមួយកន្លែងរបស់ក្រុមរដ្ឋអ៊ិស្លាមនៅភាគខាងជើងអីុរ៉ាក់ដោយរំដោះអ្នកទោសជិត៧០នាក់ ។ ប្រតិបត្តិការនោះបណ្តាលឱ្យទាហានអាមេរិកម្នាក់ស្លាប់ ដែលនេះជាទាហានអាមេរិកដំបូងគេស្លាប់ក្នុងការប្រយុទ្ធចាប់តាំងពីការចូលរួមរបស់សហរដ្ឋអាមេរិកប្រឆាំងក្រុមរដ្ឋអិុស្លាមពីឆ្នាំ២០១៤មក ។
នាព្រឹកព្រលឹមស្រាងៗថ្ងៃទី២២ តុលា ពួកយុទ្ធជនឃើត និងកងកម្លាំងពិសេសអាមេរិកបានធ្វើការវាយលុកលើពន្ធនាគារមួយរបស់ក្រុមរដ្ឋអិុស្លាមនៅជិតក្រុង HAWIJAH ភាគខាងជើងអីុរ៉ាក់ ។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោននិយាយថា បានជាយើងធ្វើប្រតិបត្តិការនេះ ព្រោះតែមានគ្រោះថ្នាក់បន្ទាន់មួយនៃការសម្លាប់រង្គាលបណ្តាចំណាប់ខ្មាំងឃុំទុកនៅទីនោះ ។
អ្នកនាំពាក្យរូបនេះបន្តថា កងទ័ពអាមេរិកដែលមានបេសកកម្មធ្វើជាទីប្រឹក្សា និងជំនួយការដល់កងទ័ពអីុរ៉ាក់បានជួយផ្តល់បណ្តាឧទ្ធម្ភាគចក្រសម្រាប់ដឹកទ័ពធ្វើការវាយលុក ។ កងទាហានអាមេរិកក៏ចូលរួមកម្លាំងជាមួយពួកយុទ្ធជនឃើតអីុរ៉ាក់ ក្នុងពេលវាយប្រហារ ។ ក្នុងការចូលរួមប្រយុទ្ធនេះ ទាហានអាមេរិកម្នាក់ត្រូវរបួសធ្ងន់ក្នុងពេលបាញ់តតាំងគ្នា ហើយក្រោយមកក៏ស្លាប់ ។
យោងតាមមន្ទីរប៉ង់តាហ្គោនថា ចំណាប់ខ្មាំងប្រមាណជា៧០នាក់ ត្រូវបានរំដោះក្នុងប្រតិបត្តិការនេះ ក្នុងនោះមានសមាជិកកងកម្លាំងសន្តិសុខអីុរ៉ាក់ជាង២០នាក់ ។
ចំណែកការិយាល័យរបស់ប្រមុខកងស៊ើបការណ៍ឃើត លោក MASROUR BARZANI និយាយពីការរំដោះចំណាប់ខ្មាំង៦០នាក់ ក្នុងនោះពុំមានសមាជិកពួកឃើតម្នាក់ណាឡើយ ។ តែនេះជាព័ត៌មានដំបូងប៉ុណ្ណោះ ។
យោងតាមអ្នកទទួលខុសត្រូវឃើតថា យុទ្ធជនក្រុមរដ្ឋអ៊ិស្លាមជាង២០នាក់បានត្រូវស្លាប់ក្នុងការវាយលុកនេះ ។ ចំណែកពួកជីហាដ៥ ឬ៦នាក់ក៏ត្រូវចាប់ខ្លួនដែរ ។
អ្នកទទួលខុសត្រូវម្នាក់របស់ក្រុមចម្រុះប្រឆាំងពួកជីហាដ ដឹកនាំដោយសហរដ្ឋអាមេរិករាយការណ៍ថា ពួកជីហាដបានរៀបចំរណ្តៅរួមនានា ហើយពួកនេះនិយាយប្រាប់ពួកអ្នកទោសថា ពួកគេនឹងត្រូវប្រហារជីវិតនាថ្ងៃទី២២ តុលា បន្ទាប់ពីពិធីសូត្រធម៌ពេលព្រឹករួច ។
ប្រជាជនក្រុង HAWIJAH គូសបញ្ជាក់ប្រាប់ AFP ថា ឧទ្ធម្ភាគចក្រធុន CHINOOK ជាច្រើនគ្រឿងបានចូលរួមក្នុងការវាយឆ្មក់នេះ ចំណែកកងយន្តហោះទម្លាក់គ្រាប់បែកលើបារ៉ាស់ទាំងឡាយរបស់ក្រុមរដ្ឋអិុស្លាម ។
សហរដ្ឋអាមេរិកដាក់ពង្រាយទាហានប្រមាណជា៣.៥០០នាក់នៅអីុរ៉ាក់ក្នុងក្របខណ្ឌនៃប្រតិបត្តិការប្តេជ្ញាម៉ឺងម៉ាត់ប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនអះអាងថា ភ្លើងខៀវសម្រាប់ប្រតិបត្តិការនេះផ្តល់ឱ្យដោយរដ្ឋមន្ត្រីការពារប្រទេស លោក ASHTON CARTER ហើយក៏រាយការណ៍ប្រាប់ដល់សេតវិមានដែរ ។ តាមពិតសហរដ្ឋអាមេរិកពុំមានបេសកកម្មនប្រយុទ្ធនៅអីុរ៉ាក់ឡើយ ។
ឧត្តមសេនីយ៍ AUSTIN មេបញ្ជាការកងទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ាក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី២២ តុលា ថ្លែងថា យើងសូមសរសើរដល់កងទាហានដ៏អង់អាចក្លាហានរបស់យើងដែលបានចូលរួមក្នុងប្រតិបត្តិការប្រកបដោយជោគជ័យនេះ ដែលអាចជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ ។ លោកបន្តថា យើងក៏៏ចូលរួមមរណទុក្ខដែរចំពោះការស្លាប់របស់ទាហានយើងម្នាក់ពេលចូលរួមទ្រទ្រង់ដល់បណ្តាមិត្តអីុរ៉ាក់ក្នុងការប្រយុទ្ធមួយដ៏លំបាកបែបនេះ ៕


ចែករំលែកព័តមាននេះ