បណ្តាមន្ត្រីប៉ាគីស្ថានគូសបញ្ជាក់ថា មនុស្សយ៉ាងតិច១១នាក់ស្លាប់ និង២០នាក់ទៀតរងរបួស កាលពីយប់ថ្ងៃទី២២ តុលា ក្នុងការវាយប្រហារអត្តឃាតមួយប្រឆាំងនឹងព្រះវិហារអិុស្លាមមួយនៅខេត្តបាលូជីស្ថានភាគនិរតីប៉ាគីស្ថាន ។
លោក SAFRAZ BUGTI អ្នកទទួល ខុសត្រូវខាងមហាផ្ទៃ ខេត្តបាលូជីស្ថាន បញ្ជាក់ថា ជនអត្តឃាតបានធ្វើឱ្យគ្រឿងផ្ទុះដាក់ជាប់ខ្លួនគេផ្ទុះត្រង់ច្រកចូលព្រះវិហារ ខណៈមានពិធីសូត្រធម៌បែបសាសនានៅខាងក្នុងព្រះវិហារ ស្ថិតនៅតំបន់ BAAG ជាទីក្រុងមួយមានប្រជាជនច្រើនស្ថិតនៅចម្ងាយ៣០០គីឡូម៉ែត្រ ពីទីក្រុងកេតា ទីប្រជុំជនខេត្ត ។ លោកអះអាងថា មានមនុស្ស២០០នាក់នៅក្នុងបន្ទប់ពេលជនអត្តឃាតចង់លុកចូលក្នុងព្រះវិហារ ហើយក៏ចុចគ្រាប់បែកឱ្យផ្ទុះត្រង់ច្រកចូលមកពីវិធានការសន្តិសុខតឹងរ៉ឹង ។
លោកបន្តថា កងយោធា និងកងកម្លាំងប៉ូលិសបានលើកទៅកាន់កន្លែងផ្ទុះ ។
ពុំទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយ ក៏ប៉ុន្តែប៉ូលិសយល់ថា វាអាចជាការវាយប្រហារមួយសំដៅលើពួកស៊ីអីុត ៕
ចែករំលែកព័តមាននេះ