ខេត្តកំពង់ឆ្នាំង ៖ ក្រោយការរៀបចំបណ្តេញផ្ទះបណ្តែតទឹកមុខផ្សារក្រោម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង របស់អាជ្ញាធរខេត្ត រហូតមកទល់ពេលនេះ ទទួលបានលទ្ធផលជោគជ័យស្ទើរមួយរយភាគរយហើយនោះ អាជ្ញាធរខេត្តដឹកនាំលោកលោកចេង ញ៉ាន់ អភិបាលរងខេត្ត បានបើកកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី២១ តុលា ២០១៥ នៅសាលាឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៏ ដើម្បីផ្សព្វផ្សាយផែនការរបស់គណៈអភិបាលខេត្តកំពង់ឆ្នាំង ស្តីពីការផ្លាស់ប្ដូទីតាំងផ្ទះបណ្តែតលើទឹករបស់ប្រជាពលរដ្ឋចំនួន១.៥៧៧គ្រួសារ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ឱ្យមករស់នៅលើគោកវិញដែរ។
កិច្ចប្រជុំនេះ មានការចូលរួមពីមន្ទីរដែនដីនគរូបនីយកម្មខេត្ត មន្ទីរសាធារណៈការខេត្ត លោកអភិបាលស្រុកបរិបូណ៌ សមត្ថកិច្ច ស្រុក លោកមេឃុំ និងក្រុមប្រឹក្សាឃុំឆ្នុកទ្រូផងដែរ ។
លោកចេង ញ៉ាន់ អភិបាលរងខេត្តបានបញ្ជាក់ឱ្យដឹងថា អាជ្ញាធរខេត្តបានធ្វើការសិក្សាជាមួយអង្គភាពពាក់ព័ន្ធក្នុងខេត្ត ដោយឃ្វាលយកដីនៅក្នុងតំបន់៣ នៅចំណុចផ្លូវចូលវត្តកំពង់ព្រះ ស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ដែលមានទំហំទទឹង៦០០ម៉ែត្រ គុណនឹង១០០០ម៉ែត្រ សម្រាប់រៀបចំឱ្យប្រជាពលរដ្ឋឡើងពីទឹកមករស់នៅទីនោះ ដោយឱ្យមន្ទីរសាធារណការខេត្ត ធ្វើការបូមប្រឡាយចាស់ ជាប់ ផ្លូវជាតិ៥២ ក្នុងភូមិឆ្នុកទ្រូ មានទទឹង៦០ម៉ែត្រ បណ្ដោយជិត២០០០ម៉ែត្រ និងជម្រៅឱ្យស្មើនឹងបាតទន្លេ ហើយយកដីចាក់នៅចំណុចខាងលើ ឱ្យមានកំពស់ពី៤ម៉ែត្រឡើងទៅ សំរាប់ធ្វើផ្សារ១កន្លែង និងពុះធ្វើជាដីឡូត៍ក្នុង១ឡូត៍ៗ មានទំហំ៨ម៉ែត្រ គុណ២០ម៉ែត្រ សំរាប់ចែកឱ្យប្រជាពលរដ្ឋរស់នៅ ។
លោកអភិបាលរងខេត្តបានបន្តថា ប្រជាពលរដ្ឋដែលរស់នៅលើទឹកទន្លេក្នុងឃុំឆ្នុកទ្រូមានចំនួនសរុប១.៥៧៧គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរ៩០២គ្រួសារ អ៊ិស្លាម៧២គ្រួសារ និងវៀតណាម៥៩៧គ្រួសារ ។
យោងតាមផែនការឆ្នាំ២០១៥-២០១៩ គឺតម្រូវឱ្យប្រពលរដ្ឋដែលមានផ្ទះបណ្តែតលើទឹកទាំងអស់ ផ្លាស់ប្តូរទីតាំងមកនៅលើគោក ដែកអាជ្ញាធរខេត្តបានរៀបចំឱ្យ ដោយម្ចាស់ការខ្លួនឯង និងឱ្យអស់ត្រឹមឆ្នាំ២០១៩ ។
លោកអភិបាលរងខេត្តកំពង់ឆ្នាំងបានសំណូមពរដល់មន្ត្រីរាជស្រុក និងឃុំ ត្រូវធ្វើការផ្សព្វផ្សាយផែនការនេះដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានយល់ដឹងគ្រប់ៗគ្នា និងត្រូវចូលរួមអនុវត្តផែនការនេះឱ្យបានជោគជ័យ ព្រោះការរស់នៅលើទឹកកន្លងមក បានធ្វើឱ្យប៉ះពាល់ដល់សុខភាព បរិស្ថានទឹកយ៉ាងធ្ងន់ធ្ងរ ដូចជាការលក់ដូរប្រេងឥន្ទនៈបញ្ចូលអាគុយ ជួសជុលម៉ាស៊ីន សិប្បកម្មទឹកកក និងការបន្ទោរបង់ដាក់ទន្លេក្នុង១ថ្ងៃៗរាប់សិបតោន ៕



ចែករំលែកព័តមាននេះ