បុរសបិទមុខម្នាក់ និងកាន់ដាវមួយដែលសារព័ត៌មានចាត់ទុកថា ជាមនុស្សជំនិតនៃក្រុមស្តាំនិយមជ្រុលស៊ុយអែតបានចាក់សម្លាប់មនុស្ស២នាក់ និងធ្វើឱ្យរបួសធ្ងន់មនុស្ស២នាក់ទៀត កាលពីថ្ងៃទី២២ តុលា ក្នុងសាលារៀនស៊ុយអែតមួយដែលសិស្សសាលានេះជាយុវជនមកពីពួកអន្តោប្រវេសន៍ មុនពេលត្រូវប៉ូលិសបាញ់ស្លាប់ ។
ដោយពាក់ម៉ាស់បិទមុខដូចតួអង្គ DARK VADOR ក្នុងខ្សែភាពយន្ត «សង្គ្រាមផ្កាយ» បុរសនេះបានលុកចូលក្នុងសាលារៀន ហើយវាយប្រហារលើមនុស្សជាច្រើនទាំងក្មេង ទាំងចាស់មិនរើសមុខ ។
សោកនាដកម្មដ៏កម្រនេះនៅស៊ុយអែតកើតមានកាលពីព្រឹកថ្ងៃទី២២ តុលា នៅ TROLLHATTAN ជាទីក្រុងឧស្សាហកម្មមួយ និងក្នុងសាលារៀនមួយដែលមានសិស្ស៤០០នាក់ ភាគច្រើនជាយុវជនអន្តោប្រវេសន៍ដែលទើបចូលមកដល់ប្រទេសនេះ។
ឃាតករជាយុវជនអាយុ២១ឆ្នាំម្នាក់រស់នៅក្រុង TROLLHATTAN តែប៉ូលិសពុំលាតត្រដាងក្នុងពេលភ្លាមៗនូវអត្តសញ្ញាណរបស់គេទេ ។
មូលហេតុនៃការវាយប្រហារនេះក៏ពុំទាន់ដឹងរហូតដល់យប់ថ្ងៃទី២២ តុលា ។ ទោះបីយ៉ាងណា សារព័ត៌មានមួយចំនួនបានផ្សាយរូបថតយុវជនម្នាក់ ដែលមានចិត្តប្រទូស្តរ៉ាយយ៉ាងខ្លាំងចំពោះអ៊ិស្លាម និងពួកអន្តោប្រវេសន៍ ។ នៅមុខសាលា បណ្តាសិស្សនៃសាលា KROMAN នេះអាចប្រើទូរស័ព្ទថតរូបឃាតករដែលឈរមុខពួកគេមួយរយៈមុនពេលធ្វើសកម្មភាព ៕
ចែករំលែកព័តមាននេះ