ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវទេសចរថៃបានចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាហូរហែនៅព្រឹកថ្ងៃទី២៣ តុលា នេះ ដើម្បីទៅទស្សនាប្រាង្គប្រាសាទអង្គរវត្តកម្ពុជានៅខេត្តសៀមរាប និងមួយចំនួនតូចអាចទៅតាមបណ្តាខេត្តផ្សេងៗកម្សាន្តតាមរមណីយដ្ឋានសំខាន់ៗ។
ភ្ញៀវទេសចរថៃបានធ្វើដំណើរដោយថ្មើរជើងចេញពីច្រកទ្វារអន្តរជាតិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវមកឡើងរថយន្តក្នុងទឹកដីកាស៊ីណូក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលនៅទីនោះមានរថយន្តខ្មែរប្រភេទBus45 កៅអីរង់ចាំព្រោងព្រាត។
ជួបសម្ភាសន៍ជាមួយបុរសចំណាស់ជនជាតិថៃម្នាក់មិនប្រាប់អត្តសញ្ញាណបានប្រាប់កោះសន្តិភាពថា គាត់ និងក្រុមគ្រួសារចូលមកកម្ពុជាដើម្បីទៅទស្សនាប្រាង្គប្រាសាទអង្គរវត្តនៅខេត្តសៀមរាបរយៈពេល៣ថ្ងៃទើបវិលត្រឡប់តាមច្រកទ្វារអន្តរជាតិដដែលនេះ។
បុរសដដែលបន្តថា នៅឯប្រទេសថៃ នឹងសំរាកពីការងារ៣ថ្ងៃទូទាំងប្រទេស ព្រោះជាថ្ងៃបុណ្យថ្វាយបង្គំរំលឹកគុណដល់ព្រះមហាក្សត្យរាជកាលទី៥។ តាមរបាយការណ៍របស់នគរបាលទេសចរណ៍ក្រសួងប្រចាំនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា ចំនួនភ្ញៀវចម្រុះជាតិសាសន៍ចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតសម្រាប់ថ្ងៃទី២៣ តុលានេះ ភ្ញៀវកញ្ចប់សរុបមានចំនួន១.៨១៦នាក់ ដែលក្នុងចំណោមនេះ 90% ជាភ្ញៀវថៃទៅទស្សនាប្រាង្គប្រាសាទនៅខេត្តសៀមរាប។
ទោះជាយ៉ាងណាចំនួនភ្ញៀវទេសចរកញ្ចប់នេះនគរបាលទេសចរណ៍ក្រសួងបញ្ជាក់ថា មិនទាន់គិតពីភ្ញៀវរាយនៅឡើយទេ។ លោក ជង់ ឡឹម ប្រធានមន្ទីរទេសចរណ៌ខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងារច្រកទ្វារមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយលោកប្រាប់តាមទូរស័ព្ទកំពុងរវល់ប្រជុំនៅឯភ្នំពេញ៕







ចែករំលែកព័តមាននេះ