កូវីដ ១៩ មិនរំខានដល់កសិករធ្វើស្រែវស្សាទេ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ មិនរំខានដល់កសិករធ្វើស្រែវស្សាទេ !

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ កសិករនៅទូទំាងប្រទេសបានកំពុងត្រៀមចុះធ្វើស្រែរដូវវស្សា ខណៈដែលកម្ពុជាកំពុងវាយប្រហារសេដ្ឋកិច្ច និងសុខុមាលភាពពលរដ្ឋ ដោយសារកូវីដ ១៩ ។ កូវីដ ១៩…

រាជធានីភ្នំពេញ ៖ កសិករនៅទូទំាងប្រទេសបានកំពុងត្រៀមចុះធ្វើស្រែរដូវវស្សា ខណៈដែលកម្ពុជាកំពុងវាយប្រហារសេដ្ឋកិច្ច និងសុខុមាលភាពពលរដ្ឋ ដោយសារកូវីដ ១៩ ។ កូវីដ ១៩ បានបំផ្លាញធ្ងន់ធ្ងរដល់ខឿនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចពលរដ្ឋ ដូចជាវិស័យទេសចរណ៍ សេវាកម្ម កាត់ដេរ ប៉ុន្តែសម្រាប់វិស័យកសិកម្ម ទោះមានការប៉ះពាល់ក្តី តែកសិករថា កូវីដ ១៩ មិនបានរំខានដល់ការដាំដុះ ពិសេសការធ្វើស្រែវស្សានាពេលខាងមុខនោះឡើយ ។

អ្នកស្រី មុំ កសិករនៅខេត្តសៀមរាបបានឲ្យដឹងថា ពលរដ្ឋនៅក្នុងសហគមន៍គាត់បានបញ្ចប់ការប្រមូលផលស្រែប្រាំងហើយ ។ នៅពេលនេះកសិករខ្លះឆ្លៀតដំាបន្លែគ្រាន់លក់ និងទុកហូបក្នុងគ្រួសារ មុនឈានទៅការធ្វើ្រសែ្រវស្សានៅពាក់កណ្តាលខែឧសភានេះ ។ «នៅពេលចុះទៅស្រែជាលក្ខណៈគ្រួសារ កសិករមិនពាក់ម៉ាស់ទេ ប៉ុន្តែនៅពេលទៅផ្សារ ឬទៅចូលរួមកម្មវិធីផ្សេងៗ យើងពាក់ម៉ាស់ការពារ ។ ពួកខ្ញុំនៅជនបទក៍បារម្ភពីកូវីដ ១៩ នេះដែរ ប៉ុន្តែវាមិនបានរំខានដល់ការធ្វើស្រែចម្ការនោះឡើយ ។ យើងចុះធ្វើស្រែ ដំាបន្លែជាធម្មតា» ។

Picture

តាមកសិករខាងលើឱ្យដឹងទៀតថា ការដំាបន្លែនៅក្នុងសហគមន៍គាត់ លក់មិនបានថ្លៃឡើយពេលនេះ ។ កសិផលគ្មានទីផ្សារ ដោយសារពលរដ្ឋមិនហ៊ានចេញយកកសិផលរបស់ខ្លួនទៅលក់នៅលើទីផ្សារឆ្ងាយៗពីផ្ទះដោយសារកូវីដ ១៩ ហើយបើពឹងលើការលក់ដូរក្នុងសហគមន៍ពលរដ្ឋក្នុងមូលដ្ឋានបានរងផលប៉ះពាល់ពីកូវីដ ១៩ ដូចគ្នា និងម្យ៉ាងទៀតជាទូទៅកសិករនៅតាមសហគមន៍ដាំដុះបន្លែទុកហូបគ្រប់ក្រុមគ្រួសារដោយមិនបាច់ចំណាយ លុយទិញពីអ្នកផ្សេងនោះឡើយ ។ «កសិករភាគច្រើនបានភ្ជួររាស់ដីរួចហើយយើងចំាតែភ្លៀងធ្លាក់មកនៅក្នុងរង្វង់ពាក់កណ្តាលខែឧសភានេះ យើងនឹងចាប់ផ្តើមព្រោះស្រូវវស្សាហើយ» កសិករឈ្មោះ មុំ នៅខេត្តសៀមរាបបានដឹង ។

ដោយឡែកកសិករនៅខេត្តកំពង់ឆ្នាំង ក៍បានអះអាងថា កំពុងរងចំាទឹកភ្លៀងដើម្បីព្រោះស្រូវវស្សានោះដែរ ។ លោក មឿន អាយុ ៥៧ឆ្នាំ និយាយថា សហគមន៍របស់លោកមិនមានអ្នកកើតកូវីដ ១៩ ទេ តែទោះយ៉ាងណាពលរដ្ឋពាក់ម៉ាស់ប្រចំាថ្ងៃគ្រប់ៗគ្នា ។ «យើងមិនសូវបារម្ភទេ រឿងកូវីដ ១៩ នោះ សម្រាប់ពលរដ្ឋជាអ្នករស់នៅក្នុងសហគមន៍ផ្ទាល់ តែយើងបារម្ភពីអ្នកមកពីភ្នំពេញ ។ នៅទីនេះឲ្យតែមានអ្នកមកពីភ្នំពេញ អាជ្ញាធរនឹងយកទៅធ្វើ ចត្តាឡីស័ក ១៤ ថ្ងៃ ទោះមានឬមិនមានកូវីដ ១៩» ។ លោក មឿន អះអាងថា កសិករបានភ្ជួរាស់ដាស់ដីសឹងរួចរាល់ហើយនៅពេលនេះ ដោយរងចំាតែភ្លៀងធ្លាក់មកប៉ុណ្ណោះ ។ 

Picture

សរសរស្តម្ភសេដ្ឋកិច្ចកម្ពុជា មិនថាវិស័យទេសចរណ៍ កសិកម្ម សំណង់ កាត់ដេរនោះទេ បានរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ ១៩ កាលពីឆ្នាំ ២០២០ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា បានធ្លាក់ដល់រង្វង់ -៣,១% នោះ ។ ជាមួយការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចខ្មែរនឹងកើនឡើងវិញ ៤% នៅឆ្នាំ ២០២១ នេះ ធនាគារអភិវឌ្ឍន៍អាស៊ីថា វិស័យកសិកម្មត្រូវបានរំពឹងថា នឹងកើនឡើង ១,៣% ក្នុងឆ្នាំ ២០២១ និង ១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើងនៃ ផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃ វារីវប្បកម្ម និងការហក់ឡើង នៃការនាំចេញផលិតផលកសិកម្ម ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ស្របពេលអ្នកសេដ្ឋកិច្ចជាច្រើនលើកឡើងថាវិស័យកិសកម្មជាផ្នែកសំខាន់នៅក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅក្រោយវិបត្តិកូវីដនោះ ៕