រាជធានីភ្នំពេញ ៖ ស្របនឹងការប៉ះគ្នារវាងកីឡាករកម្ពុជានិងថៃ៤រូបនៅព្រឹកថ្ងៃសៅរ៍នេះ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEA-TV) នារសៀលថ្ងៃអាទិត្យទី២៥ តុលាស្អែកនោះដែរ ក៏មានការប្រកួតអន្តរជាតិរវាងកីឡាករកម្ពុជា និងថៃ៤រូបដែរ។ កីឡាករជើងខ្លាំងផល សោភ័ណ្ឌ និងសេក គឹមផៃ នឹងដល់ថ្ងៃឡើងប្រកួតជាផ្លូវការ ខណៈដែលលទ្ធផលចុងក្រោយស្ថិតក្នុងការតាមដានពីក្រុមអ្នកទស្សនា។
កីឡាករផល សោភ័ណ្ឌ ជើងខ្លាំងប្រចាំក្លិបតាឡីដំរីមានឫទ្ធិ នឹងត្រូវឡើងប្រកួតជាមួយកីឡាករថៃឈ្មោះYort Sek ដែលអ្នកណាក៏ទទួលស្គាល់ថាជាជើងខ្លាំងល្បីឈ្មោះនៅក្នុងទីក្រុងបាងកក ។ យោងតាមការប្រកាសឲ្យដឹងពីសហព័ន្ធប្រដាល់ថៃ កីឡាករដែលត្រូវមកប្រកួតជាមួយផល សោភ័ណ្ឌ រូបនេះ មានសមត្ថភាពមិនអន់នោះទេ ដោយបានទាំងធ្លាប់វាយបំបាក់ម្ចាស់ខ្សែក្រវាត់នៅក្នុងប្រទេសថៃដូចគ្នា និងកីឡាករកម្ពុជារាប់មិនអស់ផងដែរ។ លោកថៃ អ៊ូ ជាអ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ថា នៅក្នុងប្រភេទទម្ងន់៦២ និង៦៥គីឡូក្រាម កីឡាករ Yort Sek ឈរក្នុងបញ្ជីជាកីឡាករជួរមុខម្នាក់ ។ ជាក់ស្ដែងមុននេះបន្តិច គេទើបតែបានវាយឈ្នះគូប្រកួតដែលសុទ្ធតែជាជើងខ្លាំង ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងសហព័ន្ធថៃនោះផង ។ កីឡាករថៃYort Sekធ្លាប់ប្រកួតបាន១០១លើក ឈ្នះ៨១លើក ចាញ់១៣លើក និងស្មើ៣លើក ដែលតួលេខនេះបង្ហាញយ៉ាងច្បាស់ថា គេមិនមែនជាកីឡាករជើងថ្មី មិនមានបទពិសោធន៍នោះទេ ។ លោកថៃ អ៊ូ បានអះអាងថា កីឡាកររូបនេះរហ័សកែង និងម៉ាត់ ប៉ុន្តែលោកមិនហ៊ានជឿជាក់ទាំងស្រុងថាអាចផ្ដួលកីឡាករផល សោភ័ណ្ឌ ឲ្យបាក់មុខនៅថ្ងៃស្អែកបានទេ ដោយសារតែកីឡាករកម្ពុជារូបនេះ ក៏មិនណយនាពេលចុងក្រោយ ។ លោកនិយាយថា Yort Sek និងផល សោភ័ណ្ឌ មានសមត្ថភាព និងកម្លាំងស៊ុហ្វប្រហែលគ្នា ទើបលោកស្នើឲ្យរង់ចាំមើលការប្រកួតច្រើនជាង ដើម្បីកុំឲ្យមានការប៉ាន់ស្មានមិនត្រូវ ។ លោកបានបោះពាក្យចុងក្រោយថា៖ «ខ្ញុំដាក់អាYortSek មកប្រកួតព្រោះគិតថា នឹងស៊ីអាភ័ណ្ឌ (ផល សោភ័ណ្ឌ) ប៉ុន្តែលទ្ធផលផ្លូវការវាអាចអញ្ចឹង ឬមិនអញ្ចឹងទាល់តែចាំមើលសិន ដោយសារតែការប្រកួតពេលខ្លះអាខ្លាំងភ្លាត់រហូតដល់សន្លប់ខ្លួនឯងក៏មានដែរ ប៉ុន្តែអ្វីដែលខ្ញុំធ្លាប់ដឹងគឺអាផងខ្ញុំ (Yort Sek) ហ្នឹងវាខ្លាំង!» ។
ការប្រកួតរបស់អ្នកទាំងពីរនឹងត្រូវធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ចាប់ពីម៉ោង២រសៀលតទៅ ដោយការប្រកួតនេះក៏មានតារាចម្រៀង២រូប មកច្រៀងកំដរនៅចន្លោះគូប្រកួតអន្តរជាតិផងដែរ ។ កីឡាករផល សោភ័ណ្ឌ គឺមានកំណត់ត្រាធ្លាប់ប្រកួតបាន៩២លើក ឈ្នះ៨១លើក ចាញ់១៧លើក និងមិនដែលស្មើ ។ ផ្អែកតាមការយល់ឃើញរបស់អ្នកគាំទ្រ កីឡាករកម្ពុជារូបនេះត្រូវគេជឿជាក់ច្រើនថា នឹងឈ្នះការប្រកួត បើទោះជាមានការអះអាងប្រកបដោយភាពជឿជាក់របស់លោកថៃ អ៊ូដែលជាអ្នកដឹកនាំកីឡាករថៃមកកាន់សង្វៀន។ កីឡាករផល សោភ័ណ្ឌ បើទោះជាបានការប្រពន្ធក្មេង និងមិនសូវមានពេលហ្វឹកហាត់នៅក្នុងក្លិបដូចមុន ប៉ុន្តែកម្លាំងរបស់គេត្រូវគេកត់សម្គាល់ថា មិនអន់ជាងគោឡើង-កនៅឡើយ ។ ជាក់ស្ដែងសូម្បីតែកណ្ដាប់ដៃក៏ធ្ងន់ និងរហ័សដែរ។ អ្នកគាំទ្រភាគច្រើនបានបង្ហាញការជឿជាក់ថា កីឡាករថៃបើទោះជាខ្លាំង និងល្បីឈ្មោះនៅក្នុងប្រទេសថៃ ក៏ពិតជាមិនអាចធ្វើអីកីឡាករកម្ពុជាផល សោភ័ណ្ឌ បានដែរ ដោយសារតែកីឡាកររូបនេះនៅពេញកម្លាំងខុសប្លែកពីកីឡាករកម្ពុជាផ្សេងទៀត ហើយបើនិយាយពីកម្លាំងស៊ុហ្វវិញ គឺគេអាចប្រកួតបានពេញ៥ទឹក ដោយមិនលំបាក។ យ៉ាងណាក៏ដោយ លោកថៃ អ៊ូ បានទទូចឲ្យរង់ចាំអ៊ុតមើលសិន ដោយសារតែកីឡាកររបស់លោកក៏មិនមែនជាកីឡាករជើងថ្មី មិនធ្លាប់ឈ្នះកីឡាករល្អ និងមានចំណុចពិសេសទាំងកម្លាំង និងក្បាច់គុនខុសពីផល សោភ័ណ្ឌនោះដែរ។
កីឡាករកម្ពុជាមួយរូបទៀតគឺសេក គឹមផៃ ក៏នឹងបើកឆាកប្រយុទ្ធជាមួយកីឡាករថៃនៅក្នុងព្រឹត្តិការណ៍មួយនេះផងដែរ ។ កីឡាករថៃឈ្មោះ Yort Sing ដែលធ្លាប់បង្ហាញសមត្ថភាពនៅលើសង្វៀនរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍រាប់មិនឈ្នះទៅហើយ គឺជាដៃគូរបស់កីឡាករកម្ពុជារូបនេះ ។ លោកថៃ អ៊ូ មានជំនឿភាគច្រើនថាកីឡាកររបស់ខ្លួននឹងឈ្នះការប្រកួត បើទោះជាបានទទួលស្គាល់ថា សេក គឹមផៃ មិនអន់ទាំងថ្វីដៃ និងកម្លាំងស៊ុហ្វ ។ នោះគឺដោយសារសំអាងថា Yort Sing មានកណ្ដាប់ដៃធ្ងន់ដូចកម្លាំងញញួរ ហើយបច្ចេកទេសក៏រស់រវើក។ ថ្វីដ្បិតមិនហ៊ានជឿដល់១០០%ថាកីឡាករថៃឈ្នះ ប៉ុន្តែធៀបជាមួយគូប្រកួតរបស់ផល សោភ័ណ្ឌ លោកមានទំនុកចិត្តខ្ពស់ ។ Yort Sing ធ្លាប់ប្រកួត៦៥លើក ឈ្នះ៥៥លើក ចាញ់៨លើក ស្មើ២លើក និងកីឡាករសេក គឹមផៃ ធ្លាប់ប្រកួតបាន៥៨លើក ឈ្នះ៥៣លើក ចាញ់៤លើក និងស្មើ១លើក។
យោងតាមកំណត់ត្រា កីឡាករថៃ Yort Sek និងYort Singសុទ្ធតែជាជើងខ្លាំងនៅលើសង្វៀន។ មានការព្យាករថា បើទោះជាកីឡាករកម្ពុជាឈ្នះ ក៏ជាលទ្ធផលឈ្នះដោយវេទនាខ្លួននោះដែរ។ ការប្រកួតក្នុងប៉ុន្មានសប្ដាហ៍នេះ គេកត់សម្គាល់ថាកីឡាករថៃសុទ្ធតែពាក់ទង់ជាតិប្រទេសថៃនៅពេលប្រកាសលទ្ធផលតែម្ដង ជាពិសេសនៅពេលដឹងថាខ្លួនឈ្នះកីឡាករកម្ពុជា។ លោកថៃ អ៊ូប្រាប់ថា ខាងសហព័ន្ធថៃ លែងបណ្ដោយឲ្យយកកីឡាករអន់ៗមិនមានសមត្ថភាពឲ្យមកប្រកួតទៀតហើយ ដើម្បីបង្អួតថាក្បាច់គុនរបស់ថៃត្បិតថាបានចម្លងពីកម្ពុជា ប៉ុន្តែមិនអន់ជាងម្ចាស់ដើម ។
នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នៅថ្ងៃព្រឹកថ្ងៃអាទិត្យស្អែកវិញ ក៏មានការប្រកួតរវាងកីឡាករក្នុងស្រុកល្អៗផងដែរ ចាប់ពីម៉ោង៨ព្រឹកតទៅ ។ មិនខុសគ្នាដែរនៅវេលាម៉ោង៨យប់ នៅក្នុងព្រឹត្តិការណ៍ប្រដាល់របស់ស្រាបៀរប្លេកខេត ឯណោះវិញក៏មានការប្រកួតសងសឹករបស់កីឡាករក្នុងស្រុកនៅលើសង្វៀនដដែលនេះដូចគ្នា ។ ដោយឡែកសម្រាប់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ (TV5) នៅល្ងាចថ្ងៃអាទិត្យស្អែកវិញ ការប្រកួតវគ្គជម្រុះឆ្ពោះទៅគ្រងតំណែងជើងឯករបស់ក្រុមហ៊ុន Tiffy ជាលើកដំបូងនឹងកាន់តែមានលក្ខណៈស្វិតស្វាញជាងមុន ៕


ចែករំលែកព័តមាននេះ