រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ តុលា ២០១៥ នៅចំណុចផ្លូវ២០៨កែង៥១ សង្កាត់បឹងរាំង អាវុធហត្ថខណ្ឌដូនពេញបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់(០២នាក់ទៀតរត់គេចខ្លួន) ពាក់ព័ន្ធករណីលួចមានស្ថានទំងន់(វាយដណ្តើមយកម៉ូតូ និងខ្សែ.ក)មិនបានសំរេច នៅចំណុចផ្លូវ២១៤កែង៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះ លី វិសិដ្ឋិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៣អឺ៣ ផ្លូវ៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ចំណែកជនរងគ្រោះ ១-ឈ្មោះ ណុប ណាវី ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេឡាស់វេហ្គាស ២-ឈ្មោះ ការ ចំរ៉ុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្លឹបGL និង៣-ឈ្មោះ ឈៀង សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមេការខារ៉ាអូខេឡាស់វេហ្គាស់។
សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង០៣នាក់ និងមិត្តភក្តិ០២នាក់ទៀត បានជិះម៉ូតូ០២គ្រឿង ម៉ាកWAVE និងម៉ាកCUB90 តាមផ្លូវ៥១ពីជើងទៅត្បូងពេលដល់ចំណុចផ្លូវ៥១កែង២១៤ ស្រាប់តែមានជនសង្ស័យ០៣នាក់ជិះមកកៀរម៉ូតូជនរងគ្រោះឱ្យឈប់ ហើយនិយាយថា ម៉េចបានឯងមើលមុខអញ? និយាយរួចជនសង្ស័យឈ្មោះ លី វិសិដ្ឋិ បានយកខ្សែក្រវាត់វាយឈ្មោះ ការរ៉ាត់ ហើយបក្សពួក០២នាក់ទៀតបានស្ទុះមកដណ្តើមខ្សែ.ក និងសោម៉ូតូពីជនរងគ្រោះ០២នាក់ទៀត។
ភ្លាមនោះជនរងគ្រោះ និងសាក្សីដែលឃើញហេតុការណ៍បានស្រែកធ្វើឱ្យជនសង្ស័យ០២នាក់ភ័យក៏រត់ឡើងជិះម៉ូតូគេចខ្លួន រីឯជនសង្ស័យឈ្មោះ លី វិសិដ្ឋិ បានរត់គេចខ្លួនដល់ចំណុចផ្លូវ៥១កែង២១៤ក៏ត្រូវកំលាំងល្បាតឃាត់ខ្លួនបានតែម្តង៕
ចែករំលែកព័តមាននេះ