ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នារសៀលថ្ងៃទី២២ តុលា ២០១៥ ម្សិលមិញនេះមានធ្វើកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ក្រោមការដឹកនាំរបស់លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកជំទាវ គណៈអភិបាលខេត្ត និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ផងដែរ ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះ លោក ឃឹម ប៊ុនសុង ក៏បានលើកឡើងពីខ្លឹមសារនៃកិច្ចប្រជុំនាពេលនោះ ដោយបានបញ្ជាក់អំពីការរៀបចំប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អក អំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរ បានទស្សនាកម្សាន្ត អំពីវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋខែ្មរយើងដែលមានរយៈពេល០២ថ្ងៃ ។
លោកក៏បានឱ្យដឹងផងដែរថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺធ្វើឡើងដើម្បីរំលឹក និងគោរពដល់វីរភាពនៃបុព្វបុរសទាហានជើងទឹកជំនាន់ដើមដែលបានពលីជិវិតក្នុងការធ្វើសឹកសង្គ្រាមតាមផ្លូវទឹកក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង។
លោក ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា ការជួបជុំគ្នានាឱកាសនេះក៏ដើម្បីធ្វើការពិភាក្សាគ្នាក្នុងជួរគណៈកម្មការរៀបចំពិធីបុណ្យអុំទូក ដើម្បីធ្វើការរៀបចំក្រុងសៀមរាបយើងឲ្យមានសោភ័ណភាពកាន់តែមានភាពស្រស់ត្រកាលឡើងក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០១៥នេះ ដែលជាក្រុងគោលដៅរបស់ភ្ញៀវទេសចរលើពិភពលោក ហើយក៏ជាការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តឱ្យកាត់តែច្រើនផងដែរ ៕







ចែករំលែកព័តមាននេះ