រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានស្រាវជ្រាវទើបឈានទៅឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២៣ តុលា នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញខ្លួនជនសង្ស័យ១៨នាក់ រួមទាំងវត្ថុតាងថ្នាំញៀនក្រាមពណ៌សថ្លាចំនួន៣៦កញ្ចប់ ព្រមទាំងសម្ភារមួយចំនួនទៀត បញ្ជូនទៅសលាដំបូងរាជធានី ។
លោកវរសេនីយ៍ ប៉ាន់ សុភាព នាយការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានី បានឱ្យដឹងនៅម៉ោង៨និង២៥នាទីព្រឹកថ្ងៃទី២៣ តុលា នេះថា កាលពីថ្ងៃទី១៩ តុលា កងរាជអាវុធហត្ថរាជធានី សហការជាមួយកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណតរថយន្តផ្សារសុរិយា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដកហួតបានថ្នាំញៀន៧កញ្ចប់ និងសម្ភារមួយចំនួនទៀត ។
នៅថ្ងៃទី២០ តុលា កងរាជអាវុធហត្ថរាជធានី សហការជាមួយកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ នៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដកហូតបានថ្នាំញៀន២០កញ្ចប់ ។ ហើយនៅថ្ងៃដដៃលនេះដែរ កងរាជអាវុធហត្ថរាជធានី សហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ នៅផ្ទះសំណាក់វិមានអង្គរជ័យ ផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់ និងសម្ភារមួយចំនួន ។
លោកវរសេនីយ៍ បានបន្តថា នៅយប់ថ្ងៃទី២១ឈានចូលថ្ងៃទី២២ តុលា កងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅលើផ្លូវ៥០៨ សង្កាត់ដើមថ្កូវ ខណ្ឌចំការមន ដកហូតបានថ្នាំញៀន១កញ្ចប់ ។ ហើយនៅថ្ងៃដដែលនេះ កងរាជអាវុធហត្ថរាជធានី សហការជាមួយកងរាជអាវុធហត្ថខណ្ឌដូនពេញទួលគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅផ្លូវលេខ១៩២ សង្កាត់ទឹកល្ហក់២ និងបន្ទប់ជួលគ្មានលេខ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ ។
ក្រោយពីការបង្ហាញខ្លួនជនសង្ស័យទាំង១៨នាក់ និងវត្ថុតាងរួចមក កងរាជអាវុធហត្ថរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីជាបន្តបន្ទាប់ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ