ខេត្តកណ្ដាល ៖ នគរបាលស្រុកស្អាងចាប់ខ្លួនបុរសសង្ស័យម្នាក់កាលពីរសៀលថ្ងៃទី២២ តុលា ក្រោយពីជនសង្ស័យរូបនេះបានលួងលោមនារីពិកាជើងម្នាក់ យកទៅរំលោភបូក ជាមួយមិត្តភក្ដិ២នាក់ទៀត ហើយបានរត់គេចខ្លួនអស់រយៈពេល៣ឆ្នាំកន្លងទៅ ។
មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនជាប់ចោទដែលត្រូវចាប់ខ្លួនឈ្មោះ ប្រិយ ថុង អាយុ២៤ឆ្នាំ ជាកសិករ រស់នៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ។
ការចាប់ខ្លួនជនជាប់ចោទរូបនេះធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៨៣ ដកបចខ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ របស់លោក ធ្ធាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ចោទ ឈ្មោះ ប្រិយ ថុង ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ ដែលប្រព្រឹត្តកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២ នៅភូមិព្រែក ឃុំត្រើយស្លា
ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលដដែល បានបន្តថា ដើមហេតុ កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២ ជនជាប់ចោទ ឈ្មោះ ប្រិយ ថុង បានលួងលោមនារីពិកាជើងទាំងសងខាងម្នាក់ រស់នៅឃុំជាមួយគ្នា ដែលកំពុងជិះលើរទេះរុញឲ្យជិះម៉ូតូជាមួយខ្លួន ដោយបោកបញ្ឆោតថាទៅដើរលេងនៅវត្ត ។ ពេលនារីរងគ្រោះឡើងជិះជាមួយហើយនោះ ឈ្មោះ ប្រិយ ថុង បានហៅមិត្តភក្ដិខ្លួន២នាក់ទៀតទៅជាមួយ ។ ពេលឌុបនារីរងគ្រោះទៅដល់វិទ្យាល័យ១ នៅកន្លែងស្ងាត់ឈ្មោះ ប្រិយ ថុង បានដាក់នារីរងគ្រោះចុះពីលើម៉ូតូមកលើបង់ ហើយបានហៅមិត្តភក្ដិ២នាក់ទៀត នាំគ្នាចាប់រំលោភនារីរងគ្រោះតែម្តង ។ ខណៈនោះនគរបាលប៉ុស្ដិ៍រដ្ឋបាលត្រើយស្លាចេញល្បាត បានឃើញក៏ដេញចាប់ តែចាប់មិនបាន ជនសង្ស័យនាំគ្នារត់គេចបាត់អស់ ។
ក្រោយពីកើតហេតុ នារីរងគ្រោះបានដាក់ពាក្យប្ដឹងជនទាំង៣នាក់ ហើយនគរបាលស្រុកស្អាងបានកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី ។
ចាប់តាំងពីក្រោយថ្ងៃកើតហេតុនោះមក ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដោយឡេក ឈ្មោះ ប្រិយ ថុង ក៏បានព្យាយាមរត់គេចខ្លួនជាង៣ឆ្នាំ តែទីបំផុត ភ្លេចខ្លួនវិលត្រឡប់ចូលស្រុក ត្រូវនគរបាលចាប់ខ្លួនតែម្ដង ។ ដូចសុភាសិតបុរាណមួយពោលថា «កុកភ្លេចជុង តែជុងមិនភ្លេចកុកទេ» ៕
ចែករំលែកព័តមាននេះ